​ទីក្រុង​កៀវ​ត្រូវបាន​ប្រជាជន​រស់នៅ​ទីនោះ​ប្រៀបធៀប​ទៅនឹង​ភ្នែក​នៃ​ខ្យល់ព្យុះ ដែលជា​ចំណុច​នៃ​ភាពស្ងប់ស្ងាត់​ឡោមព័ទ្ធ​ដោយ​ភាពចលាចល​។ ជីវិត​នៅក្នុង​​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ដំណើរការ​ដូច​ធម្មតា ប៉ុន្តែ​ការព្រួយបារម្ភ​គឺ​កំពុងតែ​កើនឡើង​។​

​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ ដែល​សហរដ្ឋអាមេរិក​បានធ្វើការ​ព្រមាន​អំពី​ការ​ឈ្លា​ន​ពាន​ដោយ​កងកម្លាំង​រុស្ស៊ី​ជាង ១០០ ០០០ ​នាក់​ ដែល​បាន​ប្រមូលផ្ដុំ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​បន្ទាប់​ពី​ឆ្លងកាត់​សង្គ្រាម​ជិត ៨ ​ឆ្នាំ ​ដែល​ចាប់ផ្ដើម​ដោយ​ការ​កាត់​យក​ឧ​ប​ទ្វីប​គ្រី​មា​ដោយ​រុស្ស៊ី និង​ការផ្ទុះ​សង្គ្រាម​ផ្ដាច់ខ្លួន​នៅ​ខាងកើត​ប្រ​ទេស ប្រជាជន​អ៊ុយ​ក្រែ​ន​ភាគច្រើន​ គឺ​មិន​ខ្លាច ឬ​មិន​ជឿ​ការលើកឡើង​អំពី​ការឈ្លានពាន​ដោយ​រុស្ស៊ី​។​

​ការព្រួយបារម្ភ បាន​កើតឡើង​ដំបូង​ក្នុងចំណោម​ប្រជាជន​អ៊ុយ​​ក្រែ​ន ដែល​និយាយ​ភាសា​អង់គ្លេស ដែល​បាន​ទទួលយក​ព័ត៌មាន​ពី​សារព័ត៌មាន​លោកខាងលិច ឬ​មិត្តភក្ដិ និង​គ្រួសារ​នៅ​បរទេស​។ សាលា​អន្តរជាតិ​ចំនួន​ ២​ នៅ​ក្រុង​កៀវ​បាន​បិទទ្វារ​។ ប៉ុន្តែ​ឥឡូវនេះ​ការព្រួយបារម្ភ​ដែល​ត្រូវបាន​សង្កត់ធ្ងន់​ម្ដង​ហើយ​ម្ដងទៀត​ ដោយ​លោកខាងលិច​បានចាប់ផ្ដើម​ជ្រៀតជ្រែក​ចូលក្នុង​ចំណោម​ប្រជាជន​ទូទៅ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​គេ​សង្កេតឃើញ​មាន​សញ្ញា​តិចតួច​អំពី​ការ​ភ័យ​ស្លន់ស្លោ​ទិញ​ស្បៀង និង​ផលិតផល​ប្រើប្រាស់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ប្រជាជន​អ៊ុយ​ក្រែ​ន​មួយចំនួន បាន​និយាយថា ពួកគេ​បាន​រៀប​​ចំ​ផែនការ​សម្រាប់​គ្រាអាសន្ន ដូចជា​ការរៀប​បង្វេច បំពេញ​ធុងសាំង​របស់​រថយន្ត និង​រៀបចំ​ចំណុច​ណាត់ជួប សម្រាប់​ការ​​ជម្លៀស​។ គ្រួសារ​មួយចំនួន​គឺ​កំពុង​ពិចារណា​ផ្លាស់​លំនៅ​ទៅកាន់​ក្រុង​ល្វី​វ ដែល​នៅ​ភាគ​ខាងលិច​បំផុត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ការសម្រេចចិត្ត​របស់​ស្ថានទូត​អាមេរិក និង​អង់គ្លេស​កាលពី​សប្ដាហ៍​មុន ដើម្បី​ជម្លៀស​បុគ្គលិក​មិនចាំបាច់ និង​ក្រុមគ្រួសារ​ស្ថាន​-​ទូត​បាន​បង្កើន​ការព្រួយបារម្ភ​ក្នុងចំណោម​ប្រជាជន​អ៊ុយ​ក្រែ​ន​។ វា​ក៏បាន​ធ្វើឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ខឹងសម្បា​ផងដែរ ដោយ​ពួកគេ​ព្យា​​យាម​រក្សា​ភាព​ស្ងប់ និង​កាត់បន្ថយ​ការព្រួយបារម្ភ​អំពី​វិបត្តិ​នេះ​។​

​ថ្លែង​កាលពី​ថ្ងៃ​សុក្រ ប្រ​ធានា​​ធិបតី​អ៊ុយ​ក្រែ​ន​លោក​ វ៉ុល​ឌី​មៀរ ហ្សេ​លេន​ស្គី បាន​ព្យាយាម​កាត់​​បន្ថយ​ការព្រួយបារម្ភ​អំពី​ការ​ឈ្លា​ន​ពាន​ដោយ​និយាយថា «​យើង​យល់​ពីអ្វី​ដែលជា​ហានិភ័យ​»​ហើយ​ «​យើង​មិនឃើញ​មានការ​កើន​​ឡើង​ធំ​ជាង​នេះ​ទេ​»​។​

​ភ្នាក់ងារទេសចរណ៍​អ៊ុយ​ក្រែ​ន បាន​ប្រកាន់យក​ពាក្យស្លោក​មួយ​ថា​៖ «​ធ្វើឱ្យ​ស្ងប់ ហើយ​មក​ទស្សនា​អ៊ុយ​ក្រែ​ន​»​។​

​ជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​​អ៊ុយ​ក្រែ​ន បានបង្ហាញ​ចន្លោះ​ក្នុងការ​យល់ឃើញ​អំពី​វិបត្តិ​នេះ​រវាង​ពួកគេ និង​លោកខាងលិច ហើយ​ធ្វើឱ្យមាន​សំណួរ​ថា​៖ ​ហេតុអ្វី​បានជា​ប្រទេស​ដែល​ធ្លាប់បាន​បាត់បង់​ទឹកដី​ទៅកាន់​រុស្សី ឥឡូវនេះ​មិនសូវ​អើពើ​នឹង​ការគំរាមកំហែង​?

​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា លោក ​ហ្សេ​លេន​ស្គី គឺមាន​ការ​​ព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ច្រើនជាង​ការឈ្លានពាន​ពី​រុស្ស៊ី​។​

​នៅ​ឆ្នាំនេះ​អត្រា​អតិផរណា​របស់​អ៊ុយ​ក្រែ​ន​បាន​កើន​ដល់ ១០ ភាគរយ​។ តម្លៃ​រូបិយប័ណ្ណ​របស់​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់ចុះ​​ ៦ ​ភាគរយ​ធៀប​នឹង​ដុល្លារ​អាមេរិក​។ រោងចក្រ​ជាច្រើន​បាន​ប្រឈមមុខ​នឹង​កើន​ឡើង​តម្លៃ​ថាមពល​។ កាលពី​ឆ្នាំ​មុន​អ៊ុយ​ក្រែ​ន បាន​ស្តុក​ទុក​ឧស្ម័ន​ធម្មជាតិ​គ្រប់គ្រាន់​សម្រាប់​ប្រើ​ប្រាស់​មុនពេល​ការកើនឡើង​តម្លៃ ប៉ុន្តែ​ប្រទេស​នេះ​នឹងត្រូវ​ចំណាយ​ប្រាក់​រាប់ពាន់​លាន​បន្ថែមទៀត​ ដើម្បី​ស្តុក​ទុក​ឧស្ម័ន​សម្រាប់​រដូវ​​រងា​ខាងមុខ​។ វិនិយោគិន​បរទេស​បាន​មាន​ភាព​ភ័យ​ស្លន់ស្លោ ហើយ​បាន​កាត់បន្ថយ​ការវិនិយោគ​របស់​ពួកគេ​ធ្វើឱ្យ​អ៊ុយ​ក្រែ​ន​ស្ទើរតែ​បាត់បង់​ទីផ្សារ​ទុនវិនិយោគ​។​

​អ្នកគាំទ្រ​លោក​ហ្សេ​លេន​ស្គី​និយាយថា ការខូចខាត​សេដ្ឋកិច្ច​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រុស្ស៊ី ដើម្បី​ធ្វើឱ្យ​អ៊ុយ​ក្រែ​ន​មាន​អស្ថិរភាព​។ ភាពលំបាក​ខាង​សេដ្ឋ​​កិច្ច​អាចជួយ​ក្រុង​ម៉ូស្គូ​បង្វែរ​ជន​ជាតិ​អ៊ុយ​ក្រែ​ន​ឱ្យ​ប្រឆាំងនឹង​រដ្ឋា​ភិ​​បាល​របស់​ពួកគេ​៕