សហរដ្ឋអាមេរិក​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​ពី​រុស្ស៊ី​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​​ការ​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​​ទៅ​​​ក្រុង​ម៉ូ​ស្គូ​ ហើយ​នេះ​ជា​វិវត្ត​ចុង​ក្រោយ​បង្អស់​ក្នុង​យុទ្ធនាការ​ការ​ទូត​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ​ចន្ទ ទី​ ៣១ មករា​ ​មន្ត្រី និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ បាន​និយាយ​ថា​ពួកគេ​បាន​«ទទួល​ការ​ឆ្លើយ​តប​ពី​រុស្ស៊ី​ »​។ ពួកគេ​ថ្លែង​នៅ​សន្និ​សី​ទ​សារពត៌មាន​ថា​៖ «វា​នឹង​មិន​មាន​ផល​ចំណេញ​ក្នុង​ការ​ចរចា​ជា​សាធារណៈ ដូច្នេះ​យើង​នឹង​ទុក​ឱ្យ​ប្រទេស​រុស្ស៊ី​​ជា​អ្នក​សម្រេច​ ប្រសិន​បើ​ពួកគេ​ចង់​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប​របស់​ពួកគេ​ ឬ​ទេ​»​។

ការ​ដោះដូរ​ឯកសារ​នេះ​បាន​កើត​ឡើង​មុន​ជំនួប​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អានតុ​នី​ ប៊ីនកែន​ និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក​សឺហ្គេ ឡាវរ៉ូវ ដែល​ត្រូវ​បាន​គ្រោង​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ​។

ការ​ចរចា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ រុស្ស៊ី​ បាន​ធ្វើ​ការ​ទាមទារ​ការ​ធានា​សន្តិសុខ​មួយ​ចំនួន​ពី​មហា​​អំណាច​​​លោក​ខាង​លិច​​រួមមាន​ការ​ហាម​ឃាត់​ការ​ដាក់​ពង្រាយ​អាវុធ​ទំនើប​នៅ​ជិត​ព្រំដែន​រុស្ស៊ី ​ ការ​បញ្ឈប់​ការ​ពង្រីក​សមាជិកភាព​អង្គការ​ណាតូ​មក​អឺរ៉ុប​ខាង​ ជា​ពិសេស​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​អាមេរិក​បាន​បញ្ជូន​សារ​​​ឆ្លើយឆ្លង​​​ចំពោះ​ការ​ទាមទារ​ទាំង​នេះ​ទៅ​​រុស្ស៊ី​ ដែល​ក្នុង​នោះ​អាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​សកម្មភាព​របស់​រុស្ស៊ី​ ​និង​បាន​ផ្ដល់​ការ​វិភាគ​អំពី​ការ​ទាមទារ​របស់​រុស្ស៊ី​៕