ដោយ​ស្ថិតក្រោម​សម្ពាធ​ឥតឈប់ឈរ​ឱ្យជួយ​ដោះស្រាយ​វិបត្តិ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុង​ត្រៀមខ្លួន​ទប់ទល់​នឹង​ការវាយប្រហារ​ពី​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ បានប្រកាស​គំនិត​ផ្ដួចផ្ដើម​ដែល​ខ្លួន​គិតថា ​ក្លាហាន​បំផុត​ពោលគឺ​ពួកគេ​នឹង​ផ្គត់ផ្គង់​មួក​ទាហាន​ចំនួន​ ៥ ០០០​ នាក់​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។​

​ភ្លាមៗ​ការប្រកាស​បាន​ជួបនឹង​ការ​​ចំអក​យ៉ាងខ្លាំង​។ អភិបាលក្រុង​កៀវ​លោក​វី​តា​លី ក្លី​ត​ស្គូ និយាយថា​៖ «​តើ​អាល្លឺម៉ង់​នឹង​បញ្ជូន​ជំនួយ​បែបណា​បន្ទាប់​? ខ្នើយកើយ​?»​។​

​នៅក្នុង​វិបត្តិ​ដំបូង​ក្រោយ​សម័យ​លោកស្រី​អេ​ន​ជេ​ឡា មឺ​រ​កែ​ល ប្រទេស​អាល្លឺម៉ង់ កំពុង​ជួប​ការលំបាក​។ កេរដំណែល​ដ៏​ស្មុគស្មាញ​នៃ​សង្គ្រាមលោកលើកទី​២ កំពុងផ្ដល់​ការលំបាក​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​បង្កើត​គោលនយោបាយ​លើ​ប្រទេស​រុស្ស៊ី​។ រដ្ឋាភិបាល​ថ្មី ដែល​ទើបតែ​កាន់អំណាច​កាលពី ៧ សប្ដាហ៍​មុន ត្រូវបាន​ទាញ​ទៅ​ទិស​​ដៅ​មួយ​ដោយ​ក្រុម​អ្នកគាំទ្រ​សន្តិភាព និង​ទៅ​ទិសដៅ​មួយទៀត​ដោយ​ក្រុង​វ៉ា​ស៊ី​តោន​។​

​អ្នកតាមដាន​ស្ថានការណ៍​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ដើរ​​តួយ៉ាង​សំខាន់​ក្នុងការ​រក្សា​នៃ​ការបើក​បណ្ដាញ​ការទូត​ជាមួយ​រុស្ស៊ី​។ ប៉ុន្តែ​អ្នក​រិះគន់​និយាយថា ទីក្រុង​ប៊ែ​រ​ឡាំង បាន​បរាជ័យ​ក្នុងការចាប់យក​ភាព​ធំ​សម្បើម​នៃ​ការគំរាមកំហែង​របស់​រុស្ស៊ី​ចំពោះ​អ៊ុយ​ក្រែ​ន​។ ពួកគេ​ព្រួយបារម្ភ​ថា អាល្លឺម៉ង់ ដែល​រំពឹង​យ៉ាងខ្លាំង​លើ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី គឺ​កំពុង​ខ្វល់ខ្វាយ​អំពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​របស់ខ្លួន ដោយ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ច្រើនជាង​ការរួបរួម​គ្នា​ប្រឆាំង​រុស្ស៊ី​។ ប្រទេស​មួយចំនួន ដែលជា​សមាជិក​អង្គការ​ណា​តូ ថែមទាំង​គិតថា ប៊ែ​រ​ឡាំង មិនមែនជា​ដៃគូ​អាច​ទុកចិត្តបាន​។​

​នៅលើ​បញ្ហាសំខាន់ៗ​ក្នុង​វិបត្តិ​នេះ ជំហរ​របស់​អាល្លឺម៉ង់​នៅតែ​មិន​ច្បាស់ យ៉ាងហោចណាស់​នៅ​ទីសាធារណៈ​។ ពួកគេ​បានផ្ដល់​ចម្លើយ​មិន​ច្បាស់ លាស់​ចំពោះ​សំណួរ​ថា​ក្នុងករណី​រុស្ស៊ី​ធ្វើការ​វាយប្រហារ​ទៅលើ​អ៊ុយ​ក្រែ​ន តើ​ត្រូវដាក់​ទណ្ឌកម្ម​លើ Nord Stream 2 ដែលជា​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​បាល់​ទិ​ក ដែរឬទេ​? ពួកគេ​បានបង្ហាញ​ការមិនគាំទ្រ​ចំពោះ​ការ​​ផ្អាក​ទីក្រុង​ម៉ូស្គូ​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ Swift ហើយ​ខ្លួន​បាន​បដិសេធ​ទាំងស្រុង​ក្នុងការ​បញ្ជូន​អាវុធ​ការពារ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។​

​ការប្រមូលផ្ដុំ​វត្តមាន​កងទ័ព​រុស្ស៊ី ជាង ចំនួន ១០០ ០០០ នាក់​ នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន បានកើត​ឡើង​នៅ​ចំពេល​ដ៏​លំបាក​មួយ​សម្រាប់​អា​ល្លឺ​ម៉​ង់​។ លោកស្រី ​មឺ​រ​កែ​ល បាន​លាលែង​ពី​តំណែង​អធិការបតី​កាលពី​ខែធ្នូ បន្ទាប់​ការ​កាន់អំណាច​អស់ ១៦ ឆ្នាំ ហើយ​អ្នក​ស្នង​តំណែង​ពី​លោកស្រី គឺ​លោក​ អូ​ឡា​ហ្វ សូល កំពុង​ដឹកនាំ​សម្ព័ន្ធភាព​កាន់អំណាច​ដ៏​ផុយស្រួយ​រវាង​គណបក្ស​ចំនួន​ ៣ ដែលមាន​ទិស​​ដៅ​គោលនយោបាយ​ការបរទេស​ខុសៗ​គ្នា​។ សម្រាប់​គណបក្ស​បៃតង បញ្ហា​សិទ្ធិមនុស្ស​គឺ​អាទិភាព​ធំ​ជាង​ផលប្រយោជន៍​សេដ្ឋកិច្ច ខណៈពេលដែល​សមាជិក​ជាច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​របស់​លោក​ សូល បាន​ជឿថា ណា​តូ​គឺជា​អ្នក​បង្ករឿង ហើយ​រុស្ស៊ី គឺជា​ជនរងគ្រោះ​។​

​រឿងរ៉ាវ​បំពង់​បង្ហូរ​ឧស្ម័ន Nord Strea m 2 នេះ​បង្ហាញ​ពី​ភាពលំបាក​ដែល អាល្លឺម៉ង់​កំពុង​ប្រឈមមុខ​ផងដែរ​។

​ឧស្សាហកម្ម​របស់ខ្លួន ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី ហើយនឹង​កាន់តែ​ពឹងផ្អែក​កាន់តែ​ច្រើនឡើង នៅពេលដែល​ប្រទេស​នេះ​ផ្អាក​ការប្រើប្រាស់​ថាមពល​នុយ​ក្លេ​អ៊ែរ និង​ធ្យូងថ្ម​។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការព្រួយបារម្ភ​របស់​អាល្លឺ​ម៉​ង់​ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​។​

​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​សំណួរ​កណ្ដាល​អំពី​គោ​លន​យោ​បាយ​ការបរទេស​របស់​អាល្លឺម៉ង់​ក្នុងសម័យ​ក្រោយ​លោកស្រី ​មឺ​រ​កែ​ល​។ តើ​ សូល​ នឹង​ទទួលជោគជ័យ​ក្នុងការ​ផ្ដល់នូវ​ភាពជា​អ្នកដឹកនាំ​ដូចគ្នា​នៅក្នុង​គោលនយោបាយ​សន្តិសុខ​លោក​ខាង​​លិច​ដូច​លោកស្រី ​មឺ​រ​កែ​ល ​ដែរឬទេ​? ឬ​តើ​អាល្លឺម៉ង់​នឹង​វិលត្រឡប់​ទៅ​ដើរតួនាទី​អសកម្ម​ជាង​មុន​ដែល​ជឿ​លើ​សារៈសំខាន់​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ប្រទេស​?