សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ក្រុម​ដែល​កំពុង​ចរចា​លើ​សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី បាន​ឈាន​ដល់​ចំណុច​ខ្វែង​គំនិត​ ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម​ធ្វើ​ការ​បង្ហើយ​កិច្ចព្រមព្រៀង​ទ្វេ​បក្ស​។

កាល​ពី​ថ្ងៃ​អង្គារ​ ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​លោក​រ៉ូបឺត ម៉ានេនដេស​បាន​និយាយ​ថា​ ចំណុច​ខ្វែង​គំនិត​ធំ​ជាង​គេ​ចំនួន២​រវាង​សមាជិក​ព្រឹទ្ធសភា​គឺ​ការ​ដាក់​ទណ្ឌកម្ម​លើ​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream 2 ដែល​អាច​ប៉ះពាល់​ប្រទេស​អាល្លឺម៉ង់ និង​ពេល​ចាប់​ផ្ដើម​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ដោយ​គណបក្ស​សាធារណរដ្ឋ​ចង់​ឱ្យ​ឆាប់​បំផុត​ដើម្បី​រារាំង​ការ​វាយ​ប្រហារ​ណា​មួយ​ដោយ​រុស្ស៊ី​​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​និយាយ​ថា​សមាជិក​ព្រឹទ្ធសភា​មាន​កាល​មូលមតិ​គ្នា​លើ​ចំណុច​ជា​ច្រើន​ ហើយ​លោក​សង្ឃឹម​ថា​ គេ​នឹង​ទទួល​ការ​សម្រេច​។

កាល​ពី​មុន​លោក​ម៉ានេនដេស​ បាន​ស្នើ​ច្បាប់​មួយ​ដែល​នឹង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ​ ប្រសិន​បើ​មាន​ការ​កើន​ការ​គំរាម​កំហែង​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ​សមាជិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចង់​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ភ្លាមៗ​ បន្ទាប់​ពី​ច្បាប់​ចូល​ជា​ធរមាន​។

ស្រដៀង​គ្នា​ផង​ដែរ​ គណបក្ស​សាធារណរដ្ឋ​ចង់​ដាក់​ទណ្ឌកម្ម​ភ្លាម​ៗ​លើ​បុគ្គល​ និង​អាជីវកម្ម​ពាក់ព័ន្ធ​គម្រោង​បំពង់​ឧស្ម័ន Nord Stream 2 ដែល​តភ្ជាប់​ពី​រុស្ស៊ី​ ទៅ​កាន់​អាល្លឺម៉ង់​ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ប្រសិន​បើ​មាន​ការ​ឈ្លានពាន​៕