ម៉ាស៊ីន​នយោបាយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ ​បាន​ចាប់​ផ្ដើម​ឆ្នាំ​ ២០២២​ ជា​មួយ​នឹង​ប្រាក់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ជាង​ ១០០ លាន​ ដែល​ពង្រឹង​ឋានៈ​របស់​លោក​ជា​អ្នក​រៃអង្គាស​ប្រាក់​ឈាន​មុខ​គេ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ពេល​មុន​បោះឆ្នោត​សភា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ខណៈ​ពេល​ដែល​លោក ​កំពុង​ពិចារណា​ឈរ​ឈ្មោះ​ម្ដង​ទៀត​នៅ​ឆ្នាំ​ ២០២៤​។

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​ការងារ​យុទ្ធនាការ​របស់​លោក ​ត្រាំ​ បាន​ប្រកាស​ថា​នៅ​ក្នុង​ឆមាស​ទី២ ​ឆ្នាំ ២០២១ ពួកគេ​បាន​រៃអង្គាស​ប្រាក់​បាន​ជាង​ ៥១ លាន​ដុល្លារ​ ធ្វើ​ឱ្យ​ប្រាក់​ក្នុង​គណនី​ធនាគារ​របស់​ពួកគេ​កើន​ដល់ ១២២ លាន​ដុល្លារ​។ ក្រុម​ការងារ​ខាង​លើ​មិន​បាន​បញ្ជាក់​ថា​អ្វី​ខ្លះ​ត្រូវ​បាន​បូក​បញ្ចូល​ក្នុង​តួលេខ​ខាង​លើ​នេះ​ទេ​ ប៉ុន្តែ​ការ​វិភាគ​ដោយ​អ្នក​ជំនាញ​ខាង​ក្រៅ​ បាន​បង្ហាញ​ថា​ប្រសិន​បើ​គេ​បូក​បញ្ចូល​ប្រាក់​ពី​ក្រុម​ផ្សេង​ៗ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​លោក​ត្រាំ​ នោះ​តួលេខ​សរុប​គឺ​កើន​ដល់​ ១៤៣ លាន​ដុល្លារ​។

បើ​តាម​ការ​ប្រកាស​ទៅ​កាន់​គណៈកម្មការ​រៀប​ចំ​បោះឆ្នោត​អាមេរិក​ ប្រាក់​ភាគ​ច្រើន​ គឺ​ជា​ការ​បរិច្ចាគ​ជា​បុគ្គល​ទៅ​ឱ្យ​គណៈកម្មាធិការ​រៃអង្គាស​ប្រាក់ជួយ​សង្រ្គោះ​អាមេរិក​​ (Save America )របស់​លោក​ត្រាំ​។ ប្រាក់​ដទៃ​ទៀត​គឺ​ទទួល​បាន​តាម​រយៈ​យន្តការ​រៃអង្គាស​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​តាម​ដាន​ចំនួន​ប្រាក់​លោក​ត្រាំ ​បាន​រៃអង្គាស និង​អ្វី​ដែល​លោក​អាច​ចំណាយ​ដោយ​ប្រាក់​នេះ​បាន​។

ខណៈ​ពេល​ច្បាប់​អាមេរិក​បាន​រារាំង​លោក​ត្រាំ​មិន​ឱ្យ​ចាយ​ប្រាក់​ទាំង​នេះ​លើ​យុទ្ធនាការ​បោះឆ្នោតផ្ទាល់​ខ្លួន​របស់​លោក​ គំនរ​ថវិកានេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ឥទ្ធិពល​ដ៏​ធំ​របស់​លោក​ត្រាំ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ ហើយ​លោក​អាច​បង្កើន​ឥទ្ធិពល​នេះ​ដោយ​ចំណាយ​ប្រាក់​លោក​រៃអង្គាស​ទៅ​លើ​បេក្ខជន​របស់​គណបក្ស​។ ក្រុម​សកម្មជន​បាន​រិះគន់​ថា​ចន្លោះ​ប្រហោង​ក្នុង​ច្បាប់​ បាន​អនុញ្ញាត​ឱ្យ​លោក​ចំណាយ​ប្រាក់​ទាំង​នេះ​លើ​កម្មវិធី​ជំនួប​អ្នក​គាំទ្រ​របស់​លោក​ ប្រាក់បៀវត្សរ៍ និង​សូម្បី​តែ​ការ​ចំណាយ​ផ្ទាល់​ខ្លួន និង​អាជីវកម្ម​៕