កាលពី​៣​សប្ដាហ៍​មុន ទាហាន​ឆត្រយោង​រុស្ស៊ី​ក្រោម​បញ្ជា​របស់​ឧត្ដមសេនីយ៍ឯក​ អង់ឌ្រេ​ សឺ​ដ្យូ​កូវ បានធ្វើ​ដំណើរ​ចម្ងាយ​ជាង ​៤ ០០០ គីឡូម៉ែត្រ ​ពី​ក្រុង​មូ​៉​ស្គូ​ទៅកាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ក្រោម​ការ​​អញ្ជើញ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ ​ដើម្បី​ជួយ​ការបង្ក្រាប​បាតុកម្ម​។ ពួកគេ​បាន​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​ពួកគេ​ក្នុង​រយៈពេល​ត្រឹមតែ ១០ ​ថ្ងៃ​ប៉ុណ្ណោះហើយ ចាកចេញ​វិញ​។​

​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រតិ​ប​ត្តិ​ការ​ដែលមាន​កម្រិត និង​លឿន​ដូច​រន្ទះ​នៅ​កា​ហ្សា​ក់​ស្ថាន លោកខាងលិច កំពុង​អះអាងថា រុ​ស្សុី កំពុង​ត្រៀម​ធ្វើការ​ឈ្លានពាន​ពេញលេញ​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​រុស្ស៊ី​បាន​ច្រានចោល​ថា ខ្លួន​គ្មាន​ផែនការ​ដើម្បី​ធ្វើការ​ឈ្លា​នពាន​ទេ បើទោះបីជា​មានការ​រាយ​​ការណ៍​ថា រុស្ស៊ី​នៅតែ​បន្ត​បង្កើន​ចំនួន​ទាហាន​នៅ​ជិត​ព្រំដែន​ក៏ដោយ​។ ប្រសិនបើ​ក្រុង​ម៉ូស្គូ​សម្រេច​អនុវត្ត​ការឈ្លានពាន នោះ​លោក​ឧត្ដមសេនីយ៍​សឺ​ដ្យូ​កូវ​ដែលជា មេបញ្ជាការ​នៃ​កងទ័ព​ឆត្រយោង​ធំជាងគេ​ក្នុង​ពិភពលោក​ត្រូវបាន​គេ​រំពឹង​នឹង​ដើរតួ​នាំមុខគេ​។​

​កងកម្លាំង​ឆត្រយោង​រុស្ស៊ី ឬ​ហៅ​កាត់​ថា VDV ត្រូវបាន​អ្នក​​វិភាគ​ចាត់ទុកថា​ជា​ផ្លែ​លំពែង​នៃ​កងទ័ព​រុស្ស៊ី ដែល​បាន​ចូលរួម​បេសកកម្ម​សំខាន់ៗ​របស់​រុស្ស៊ី​ក្រោម​ការគ្រប់គ្រង​របស់លោក​ប្រធានាធិបតី​ វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ អាជីព​របស់លោក​ឧត្ដមសេនីយ៍​សឺ​ដ្យូ​កូវ​ដែល​រួមមាន​ការដាក់​ពង្រាយ​នៅ​ឆេ​ឆេ​នី និង​គ្រី​មា គឺជា​ការបង្ហាញ​ពី​របៀប​ដែល​កងទ័ព​របស់​រុស្ស៊ី បាន​វិ​វ​ឌ្ឍ​ក្រោម​ការ​​ដឹកនាំ​របស់លោក ពូ​ទីន ដោយ​យោធា និង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ បាន​ក្លាយជា​ឧបករណ៍​កណ្តាល​នៃ​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​រូបនេះ​។​

​កាលពី ​២០ ​ឆ្នាំមុន យោធា​រុស្ស៊ី​ គឺជា​កងកម្លាំង​ទ័ព​កំណែន​ដែលមាន​ការលើកទឹកចិត្ត​ទាប​មាន​ប្រាក់ខែ​ទាប មានតែ​ឧបករណ៍​ចាស់ៗ​សល់​ពី​សម័យ​សូ​វៀត​ហើយ​ពោរពេញ​ទៅដោយ​នាយទាហាន ដោយ​ចំនួន​នាយទាហាន​ស្ទើរតែ​ស្មើនឹង​ចំនួន​ពលទាហាន​។ កងកម្លាំង​នេះ​បាន​រង​ការបាត់បង់​ទាហាន​យ៉ាងច្រើន ក្នុងការ​បង្ក្រាប​ក្រុម​ឧទ្ទាម​នៅ​តំបន់​ឆេ​ឆេ​នី​។​

​សព្វថ្ងៃ​យោធា​រុស្ស៊ី​បានប្រែក្លាយ​ទៅជា​កងកម្លាំង​ដែល​ពោរ​​ពេញ​ទៅដោយ​សមត្ថភាព​ដ៏​ខ្ពស់ ដែល​អាចធ្វើ​ការដាក់​ពង្រាយ​យ៉ាង​រហ័ស​ទៅ​ជួយ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ធ្វើការ​អន្តរាគមន៍​ពី​ចម្ងាយ​ក្នុង​សង្គ្រាម ស៊ីវិល​ប្រទេស​ស៊ី​រី និង​ធ្វើ​បេសកកម្ម​សម្ងាត់​ដូច​​ជាការ​កាត់​យក​ឧបទ្វីប​គ្រី​មា​។​

​ចំណុច​របត់បាន​កើតឡើង​នៅក្នុង​ឆ្នាំ ​២០០៨ នៅពេលដែល​កងកម្លាំង​រុស្ស៊ី​មានការ​ធ្វេសប្រហែស​ជាច្រើន​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​ហ្ស​ក​ហ្ស៊ី​។ បើទោះបីជា​សង្គ្រាម​នេះ​មាន​រយៈពេល​ត្រឹមតែ ៥ ​ថ្ងៃ​ប៉ុណ្ណោះ យន្តហោះ​ចម្បាំង​រុស្ស៊ី ជាច្រើន​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​ខ្លួនឯង ប្រព័ន្ធ​ទំនាក់ទំនង​នៅ​សមរភូមិ​គឺមាន​ភាព​យ៉ាប់យ៉ឺន​ធ្វើឱ្យ​មេបញ្ជាការ​ជាច្រើន​រំពឹង​លើ​ទំនាក់ទំនង​តាម​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

ដ្រូន​ស៊ើបការណ៍​របស់​ពួកគេ​អាច​បញ្ជូន​រូបភាព​បាន​តែ​បន្ទាប់ពី​ចុះចត​ប៉ុណ្ណេះ ​ហើយ​មិនអាច​ធ្វើការ​​ផ្សាយ​ផ្ទាល់​ទៅ​បញ្ជាការដ្ឋាន​ទេ​។​

​ការកែប្រែ​ដ៏​ធំ​មួយ​បានកើត​​ឡើង​។ ប្រាក់ខែ​បានចាប់ផ្ដើម​កើនឡើង ឧបករណ៍​ត្រូវបាន​រង​ទំនើប​​កម្ម យុទ្ធសាស្ត្រ​ត្រូវបាន​ចម្រាញ់ ហើយ​នាយទាហាន​ដែលមាន​ការបាក់​ទឹកចិត្ត​ត្រូវបាន​បញ្ជូនទៅ​សមរភូមិ​មុខ​ដើម្បី​កសាង​បទ​​ពិសោធ​។ ទ័ព​កំណែនដែល​មិនមាន​ការជំរុញ និង​ការហ្វឹកហាត់​ល្អ ត្រូវបាន​ដកចេញ ហើយ​ជំនួស​ដោយ​ទាហាន​អាជីព​។​

​សរុបមក យោធា​រុស្ស៊ីមាន​បុគ្គលិក​ជាង ៩០០ ០០០ នាក់ ​ក្នុងនោះ​ទាហាន​កងទ័ពជើងគោក​មាន​ចំនួន ២៩០ ០០០ នាក់​។ ក្នុង​រយៈពេល​ ១ ទសវត្សរ៍​កន្លងមក​នេះ​រុ​ស្សុី​បានរួម​បញ្ចូល​យន្តហោះ​ចម្បាំង ជំនាន់​ថ្មី ធ្វើ​ទំនើបកម្ម​លើ​កងទ័ព​រថក្រោះ និង​កាត់​​បន្ថយ​សមាមាត្រ​ចំនួន​ទាហាន​កំណែន ធៀប​នឹង​ទាហាន​អាជីព ពី​ជាង​ពាក់កណ្ដាល​មក​ត្រឹមតែ ៣០ ភាគរយ​ប៉ុណ្ណោះ​។​

​រីឯ​អ៊ុយ​ក្រែ​ន​វិញ មាន​បុគ្គលិក​យោធា​សរុប ២៦១ ០០០ នាក់ ដែល​ក្នុង​ទាហានជើងគោក​មាន​ចំនួន​ ១៤៥ ០០០ នាក់ ហើយ​ក្រៅពីនេះ​អ៊ុយ​ក្រែ​ន​មាន​ទ័ព​បម្រុង ឬ​ទ័ព​ស្ម័គ្រចិត្ត​ចំនួន ៩០០ ០០០ នាក់​។ បើទោះបីជា​បាន​ឆ្លងកាត់​សង្គ្រាម​ផ្ដាច់ខ្លួន​ជិត ៨ ឆ្នាំ អ៊ុយ​​ក្រែ​ន ​គឺ​នៅមាន​ការខ្វះខាត​ឧ​ប​​ករ​ណ៍​ទំនើប ជាពិសេស​ប្រព័ន្ធ​ការពារ​ដែនអាកាស​។​

​ផ្លែផ្កា​នៃ​កំណែទម្រង់​របស់​រុស្ស៊ី​ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់​ក្នុងអំឡុងពេល​នៃ​ការ​កាត់​យក​ឧបទ្វីប​គ្រី​មា​ ហើយ​ត្រូវបាន​បញ្ជា​ក់នៅ​ឆ្នាំ​បន្ទាប់​នៅ​ប្រទេស​ស៊ី​រី​។ ស៊ី​រី​ក៏បាន​ក្លាយជា​កន្លែង​សាកល្បង​អាវុធ​ជំនាន់​ថ្មី​របស់​រុស្ស៊ី និង​ជា​កន្លែង​ហ្វឹកហាត់​នៅ​សមរភូមិ​ពិត​សម្រាប់​ទាហាន​រុស្ស៊ី ជាង ៦០ ០០០​​ នាក់ ដែល​រួមមាន​នាយទាហាន​ផងដែរ​។​

​ប៉ុន្តែ​កំណែទម្រង់​ទាំងនេះ​នៅតាម​មិនទាន់​មហិច្ឆតា​របស់​រុស្ស៊ី​។ កង្វះខាត​បុគ្គលិក​ជំនាញ និង​ធន​​ធាន​បច្ចេកវិទ្យា ជាពិសេស​បន្ទះ​ឈី​ប បាន​ពន្យារ​ការចែក​ចាយ​នូវ​អាវុធ និង​ឧបករណ៍​ជំនាន់​ថ្មី​។ បើ​ទោះ​យ៉ាងនេះ​ក្ដី អ្នកជំនាញ​យោធា​និយាយថា កម្លាំងយោធា​ជំនាន់​ថ្មី​របស់​រុស្ស៊ី នៅតែមាន​សមត្ថភាព​ក្នុងការ​ធ្វើការ​វាយ​​ប្រហារ​យ៉ាង​ខ្លាំងក្លា​៕