កាល​ពី​ថ្ងៃ​ពុធ ទី​២ កុម្ភៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​អេមីរ៉ាត​អារ៉ាប់រួម​ (UAE) បាន​ប្រកាស​ថា​សហរដ្ឋអាមេរិក​នឹង​ បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​នេះ​ ពី​ការ​វាយ​ប្រហារ​មីស៊ីល​ និង​ដ្រូន​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​ចេញ​ពី​ប្រទេស​យេម៉ែន​ បាន​សម្លាប់​មនុស្ស​៣នាក់​។

UAE គឺ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ ហើយ​ជា​ផ្នែក​នៃ​សម្ព័ន្ធ​ភាព​យោធា​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​កំពុង​ធ្វើ​ការ​អន្តរាគមន៍​ប្រឆាំង​ក្រុម​ហ៊ូធី ​ក្នុង​សង្គ្រាម​ស៊ីវិល​ប្រទេស​យេម៉ែន។ កាល​ពី​ថ្ងៃ​ចន្ទ​បាន​រង​ការ​វាយ​ប្រហារ​មីស៊ីល​ ជា​លើក​ទី​៣​ ក្នុង​សប្ដាហ៍​ជាប់​ៗ​គ្នា​។

ជា​ផ្នែក​នៃ​ផែន​ការ​ការពារ​ថ្មី​ នាវា​ចម្បាំង​អាមេរិក USS Cole នឹង​ធ្វើ​ប្រតិបត្តិការ​ជា​មួយ​នឹង​នាវា​ចម្បាំង​នៃ​កងទ័ព​ជើងទឹក​របស់​ UAE ហើយ​នឹង​ធ្វើ​ការ​ចុះចត​នៅ​កំពង់ផែ​ក្រុង​អាប៊ុយ​ដាប៊ី​។ នាវា​USS Cole បច្ចុប្បន្ន​ កំពុង​ចុះចត​នៅ​កំពង់ផែ​ប្រទេស​បារ៉ែន​។ សកម្មភាព​ដទៃ​ទៀត​រួមមាន​ការ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ជំនាន់​ទី៥ ការ​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ និង​ការ​បន្ត​សហប្រតិបត្តិការ​លើ​ការ​ការពារ​ដែន​អាកាស​។

ស្ថានទូត​អាមេរិក ​បាន​និយាយ​ថា ​ការ​ដាក់​ពង្រាយ​នេះ​ បាន​កើត​ឡើង​បន្ទាប់​ការ​សន្ទនា​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឡូយដ៍ អូស្ទីន និង​រជ្ជទាយាទ​អាប៊ុយ​ ដាប៊ី​ព្រះអង្គម្ចាស់​មហាម៉ាត់ ប៊ីន ខាលីហ្វា អាល់-ណាយ៉ាន៕

វីដេអូ៖