កាល​ពី​ថ្ងៃ​ពុធ ទី​២ កុម្ភៈ​ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ថា​លោក​ប្រធានាធិបតី​ ចូ បៃដិន​ បាន​អនុម័ត​ការ​ដាក់​ពង្រាយ​ទាហាន​អាមេរិក​ចំនួន​ ៣០០០ នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ អាល្លឺម៉ង់ និង​រ៉ូម៉ានី ក្នុង​ការ​ពង្រឹង​ការ​ការពារ​សមាជិក​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ ខណៈ​ពេល​ដែល​រុស្ស៊ី​ប្រមូល​ផ្ដុំ​ទាហាន​ជាង​ ១០០ ០០០ នាក់​នៅ​ព្រំដែន​ជាប់​ជា​មួយ​នឹង​ប្រទេស​អ៊ុយក្រែន​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ចន ឃ័រប៊ី​ បាន​និយាយ​ថា​ការ​ដាក់​ពង្រាយ​នេះ​រួមមាន​ការ​ដាក់​ពង្រាយ​ទាហាន ២០០០ នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ និង​អាល្លឺម៉ង់​ ខណៈ​ពេល​ដែល​ទាហាន​អាមេរិក ១០០០ នាក់​ផ្សេង​ទៀត​ ដែល​មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រ៉ូម៉ានី។

កង​កម្លាំង​ខាង​លើ​នឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​ ក្រោម​មូលដ្ឋាន​ទ្វេភាគី​ ខណៈ​ពេល​ដែល​អង្គការ​ណាតូ​មិន​ទាន់​សម្រេច​ចិត្ត​ធ្វើ​ការ​ចល័ត​ទ័ព​។ លោក​ ឃ័រប៊ី បាន​សង្កត់​ធ្ងន់​ថា​នេះ​គឺ​មិន​ជា​ការ​ពង្រាយ​អចិន្ត្រៃយ៍​ទេ​ ហើយ​កង​កម្លាំង​ទាំង​នេះ​នឹង​មិន​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទេ​។

លោក​ បៃដិន ​បាន​អនុម័ត​ផែនការ​នេះ​ បន្ទាប់​ធ្វើ​កិច្ចប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឡូយដ៍ អូស្ទីន​ និង​ប្រធាន​គណៈ​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​សហរដ្ឋអាមេរិក​លោក​នាយ​ឧត្ដមសេនីយ៍​ម៉ាក មីលី​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក​ឌីមេទ្រី ប៉េស្កូវ​និយាយ​ថា​ «សហរដ្ឋ​អាមេរិក​ គឺ​ពិត​ជា​កំពុង​បន្ត​បង្កើន​ភាព​តានតឹង​នៅ​អឺរ៉ុប​។ លោក​ប៉េស្កូវ​បាន​និយាយ​ថា​ការ​ដាក់​ពង្រាយ​នេះ​គឺ​ជា «ភ័ស្តុតាង​ដ៏​ល្អ​បំផុត​ដែល​ថា​យើង ក្នុង​នាម​ជា​រុស្ស៊ី មាន​ហេតុផល​ច្បាស់​លាស់​សម្រាប់​ព្រួយ​បារម្ភ»​។

យ៉ាង​ណា​មិញ​ ការ​ដាក់​ពង្រាយ​ទាហាន​ ៣០០០ នាក់​ខាង​លើ​ គឺ​ផ្សេង​ពី​ទាហាន​ ៨៥០០ នាក់​ ដែល​អាមេរិក​ត្រៀម​សម្រាប់​ពេល​ដែល​អង្គការ​ណាតូ​សម្រេច​ធ្វើ​ការ​ចល័ត​កង​កម្លាំង​ប្រតិកម្ម​ពហុជាតិ​ ដូច្នេះ​មាន​ន័យ​ថា​ការ​ដាក់​ពង្រាយ​ទាហាន​អាមេរិក​ទៅ​កាន់​អឺរ៉ុប​អាច​កើន​ឡើង​បន្ថែម​ទៀត៕