​នៅក្នុង​ជំនួប​ជាមួយ​អ្នក​​គាំទ្រ​របស់ខ្លួន​នៅ​រដ្ឋ​ភាគ ខាងត្បូង​ប្រទេស គឺ​តិច​សាស់ កាលពី​យប់​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​លោក​ ដូ​ណា​ល់ ត្រាំ ​ហាក់ដូចជា​ពោរពេញ​ទៅដោយកំហឹង​ដូច​សព្វដង​។​

​លោក​ ត្រាំ ​អះអាងថា «​ព័​ត៌​មាន​ក្លែងក្លាយ​» បាន​រាយ​ការណ៍​បន្ទាប​ចំនួន​អ្នកគាំទ្រ​របស់លោក «​មនុស្ស​ឆ្កួត​​វង្វេង​» ឆ្វេងនិយម ជាពិសេស​លោក​ ចូ បៃ​ដិ​ន កំពុង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ធ្លាក់​ក្នុង​ប្រឡាយ ហើយ «​មនុស្ស​គ្រប់គ្នា​នៅ​វ៉ាស៊ីនតោន​» កំពុង​ងប់​ង​ល់​នឹង​ការការពារ​ព្រំដែន​អ៊ុយ​ក្រែ​ន ហើយ​មិន​គិត​ការពារ​ព្រំដែន​ខ្លួនឯង​។​

​ប៉ុន្តែ​ការអះអាង​មួយ បាន​លេចធ្លោ​ជាងគេ​ក្នុងការ​ថ្លែង​សុន្ទរកថា​ពោរពេញ​ទៅដោយ​កំហឹង​ដដែល​របស់​អតីត​ប្រ​ធា​នា​ធិបតី​នេះ​។ លោក ​ត្រាំ ​លើកឡើង​ថា លោក​មាន​ជំនឿ​យ៉ាងខ្លាំង​ថា លោក​នឹង​ទទួល​ជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២៤ ហើយ​នៅពេលដែល​លោក​ទទួល​អំណាច​ទាំងអស់​របស់​ប្រធានាធិបតី លោក​នឹងធ្វើ​ការលើកលែងទោស​អ្នក​គាំទ្រ​របស់លោក ដែល​បាន​ត្រូវបាន​ផ្ដន្ទាទោស​ជុំវិញ​ការធ្វើ​កុបកម្ម​វាយប្រហារ​វិមាន​រដ្ឋ​សភា​អាមេរិក​កាលពី​ថ្ងៃទី​ ៦ មករា ឆ្នាំ ​២០២១ ក្នុងអំឡុង​​ពេល​សភា កំពុង​រាប់​សន្លឹកឆ្នោត​បញ្ជាក់​លទ្ធផល​ការ​បោះឆ្នោត ដែល​លោក​បាន​ចាញ់​លើ​រូបលោក​ប្រ​ធានា​ធិបតី ចូ បៃ​ដិ​ន​។​

«​ប្រសិនបើ​ខ្ញុំ​ឈរឈ្មោះ ខ្ញុំ​នឹង​ឈ្នះ ហើយ​យើង​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​អ្នក​ជាប់ទោស​នា​ព្រឹត្តិការណ៍​ថ្ងៃ ​៦ ​មករា​» លោក​ ត្រាំ​ និយាយ​បែបនេះ ហើយ​បន្តទៀតថា​៖ «​ហើយ​ប្រសិន​ចាំ​បាច់​ត្រូវការ​លើកលែងទោស យើង​នឹង​លើកលែងទោស​ពួកគេ ពីព្រោះ​ពួកគេ​បាន​រង​ភាពអយុត្តិធម៌​»​។​

​សម្រាប់​អ្នក​ស្មោះស្ម័គ្រ​នឹង​អតីត​ប្រធានាធិបតី​រូបនេះ ការ​​ថ្លែង​សុន្ទរកថា​នេះ គឺជា​គំរូ​នៃ​រចនាប័ទ្ម​នយោបាយ​របស់លោក​ ត្រាំ ដែល​រួម​មានការ​​កាន់កាប់​ការយកចិត្តទុកដាក់​ពី​អ្នកគាំទ្រ ការធ្វើឱ្យ​ហ្វូងមនុស្ស​មាន​ភាព​រំជើប​រំជួល ហើយ​នៅតែ​គ្រប់គ្រង​កា​រស​ន្ទនា​នយោបាយ​។​

​តួលេខ​រៃអង្គាសប្រាក់​ន​យោ​បាយចេញផ្សាយ​កាលពី​សប្ដាហ៍​មុន បានបង្ហាញ​ពី​ប្រសិទ្ធភាព​ម៉ាក «​ត្រាំ​»​។ បើតាម​ការប្រកាស​ទៅកាន់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​​អាមេរិក សកម្មភាព​ន​យោ​បាយ​របស់លោក​ ត្រាំ និង​ក្រុម​ពាក់ព័ន្ធ​បាន​ប្រាក់​បាន​ចំនួន ១៤៣ ​លាន​ដុល្លារ​ក្នុង​ដៃ បន្ទាប់ពី​រៃអង្គាស បាន​ប្រាក់​ចំនួន ៦៤ ​លាន​ដុល្លារ ​ក្នុង​ឆមាស​ទី​២ ​នៃ​ឆ្នាំ ​២០២១​។ ខណៈពេលដែល​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤ នៅ​មិនទាន់​ចាប់ផ្ដើម មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​បែបនេះ​នឹងធ្វើ​បេក្ខជន​ដទៃទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​ធ្វើការ​ផ្អាក ហើយ​ធ្វើការ​ពិចារណា​ឡើងវិញ​។​

​សមត្ថភាព​រៃអង្គាសរ​បស់​លោក ​ត្រាំ បាន​ក្លាយជា​អាវុធ​ដ៏​សំខាន់​មួយ​ដើម្បី​ទប់ស្កាត់​គូប្រជែង និង​អ្នក​រិះគន់​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​។

​លោក​បានប្រកាស​គាំទ្រ​បេក្ខជន​ជិត ១០០ ​នាក់ ​ក្នុងការ​បោះឆ្នោត​សភា​តំណាង​ព្រឹទ្ធសភា និង​អភិបាលរដ្ឋ ដោយ​រំពឹងថា នឹងមាន​ការ​ប្រកាស​បន្ថែមទៀត​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​

​លោក​បានផ្ដល់​ជំនួយ​ហិ​រញ្ញ​វត្ថុ​ទៅឱ្យ​បេក្ខជន​ឈរឈ្មោះ ប្រឆាំងនឹង​សត្រូវ​របស់លោក​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដូចជា​សមាជិកសភា​តំណាង​លោកស្រី​​ លី​ស ឆេ​នី និង​សមាជិក​ព្រឹទ្ធសភា លោកស្រី​លី​សា មឺ​កាវ​ស្គី ដែល​ស្ត្រី​ទាំង​២​បាន​គាំទ្រ​ការផ្ដន្ទាទោស​លោក​ត្រាំ​កាលពី​អាណត្តិ​មុន​។​

​បន្ថែម​ពីលើ​ការឧបត្ថម្ភ​បេ​ក្ខជន​ឈរឈ្មោះ​បោះឆ្នោត លោក ត្រាំ​ បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ទៅលើ​ការផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម និង​រៀបចំ​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ លោក ​ត្រាំ ​ការចំណាយ​ប្រាក់​ទាំងនេះ​ជា​ប្រាក់ខែ​សម្រាប់​ជំនិត​ដែល​ស្មោះស្ម័គ្រ​បំផុត​របស់លោក​។​

​ប៉ុន្តែ​ការអត្ថាធិប្បាយ​របស់លោក​ ត្រាំ អំពី​ការលើកលែងទោស​ដល់​ក្រុម​កុបកម្ម បាន​បង្កឱ្យមាន​ភាពច្របូកច្របល់​ក្នុង​សប្ដាហ៍​នេះ​សម្រាប់​ហេតុ​ផល​ផ្សេងទៀត​។ នេះ​គឺជា​ការ​រំឭក​យ៉ាងច្បាស់​ថា លោក​ ត្រាំ ​នៅតែមាន​ឆន្ទៈ​បង្កឱ្យមាន​ភាព​​តានតឹង​ក្នុង​ប្រទេសមួយ​ដែល​កំពុង​ឆ្លងកាត់​ភាពមិន​ដំណើរ​​ការ ការបែកបាក់ និង​ការមើល​​ងាយ ចំពោះ​ស្ថាប័ន​រដ្ឋាភិបាល ដែលជា​សញ្ញា​សម្គាល់​នៃ​អាណត្តិ​ទី​១ របស់លោក​។​

​សម្រាប់​សមាជិក​មួយចំនួន​នៃ​គណបក្ស​សាធារណរដ្ឋ ការ​គិត​មមៃ​របស់លោក​ ត្រាំ​ ចំពោះ​ការបោះឆ្នោត​អាណត្តិ​មុន​អាច​ក្លាយជា​អន្ទាក់​មួយ​។ ពួកគេ​ជឿជាក់ថា​ ពួកគេ​អាច​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ឆ្នាំនេះ ប្រសិនបើ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ពួកគេ​ផ្ដោតលើ​បញ្ហា​ដូចជា​ការ​កើន​ឡើង​នៃ​អតិផរណា ជាជាង​គំនុំ​ផ្ទាល់ខ្លួន​របស់​អតីត​ប្រ​ធានា​ធិបតី​។​

​បន្ទាប់ពី​ជំនួប​របស់លោក​ ត្រាំ​ ជាមួយ​អ្នកគាំទ្រ មេដឹកនាំ​សំឡេង​ភាគតិច​របស់​គណ​បក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​អាមេរិក មិច ម៉ា​ខូ​នែ​ល ​បាន​និយាយថា លោក​មិនអាច​គាំទ្រ​ការលើកលែងទោស​ដល់​កុបករ ដែល​បាន​ចូលរួម​ក្នុង «​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់​​ស្កាត់​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​»​។​

​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក​ លី​ស៊ីហ្គ្រេ​ហាម ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់លោក​ ត្រាំ បាន​និយាយថា ការ​​លើកឡើង​របស់​អតីត​ប្រ​ធានា​ធិបតី​រូបនេះ​គឺ «​មិន​សមរម្យ​» ហើយ​បន្ថែមទៀតថា «​អ្នក​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​មូលហេតុ​នយោបាយ​ណាក៏ដោយ ត្រូវ​ទទួលខុស​​ត្រូវ និង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ​»​។​

​ក្រៅពី​ការទាមទារ​លើកលែងទោស លោក​ ត្រាំ​ ក៏បាន​ធ្វើការ​ទាមទារ​ឱ្យមាន «​បាតុកម្ម​ធំ​បំផុត​ដែល​យើង​ធ្លាប់មាន​» នៅ​រដ្ឋ​ហ្ស​ក់​ហ្សា ឬ​ញូវយ៉ក ប្រសិន​​បើ​រដ្ឋអាជ្ញា និង​អយ្យកា​នៅ​ទី​​នោះ​បន្តសកម្មភាព​ស៊ើបអង្កេត​ទៅលើ​លោក ក្រុមគ្រួសារ​របស់លោក ឬ​ក្រុមហ៊ុន​លោក​។​

​លោក​ ត្រាំ ​ក៏បាន​បន្ត​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ថា អតីត​​អនុ​ប្រធានាធិបតី​លោក ​ម៉ៃ​ក៍ ផេ​ន មានអំណាច​លុប​លទ្ធ​ផល​អាណត្តិ​មុន​បាន ធ្វើឱ្យ​លោក ​ផេ​ន ធ្វើការ​ស្ដីបន្ទោស​ដ៏​កម្រ​ថា លោក ​ត្រាំ គឺ​«​ខុស​»​។​

«​ខ្ញុំ​គ្មាន​សិទ្ធិ​លុបចោល​ការ​​បោះឆ្នោត​នោះទេ​» លោក​ ផេ​ន ​បាន​ថ្លែង​ដូច្នេះហើយ​បន្តទៀតថា​៖ «​តំណែង​ប្រធានាធិបតី ​គឺ​របស់​ប្រជាពលរដ្ឋ​អាមេរិក ហើយ​មានតែ​ពលរដ្ឋ​អាមេរិក​ទេ​។ ​និយាយ​ដោយ​ត្រង់​ទៅ ស្ទើរតែ​គ្មាន​គំនិត​ណា​ដែល​ប្រឆាំង​អាមេរិក​ជាង​គំនិត​ដែលថា បុគ្គល​ម្នាក់​អាច​ជ្រើសរើស​ប្រធានាធិបតី​​អាមេរិក​បានឡើយ​»៕