កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ៥ កុម្ភៈ​ ទ័ព​អាមេរិក​ដំបូង​ ដែល​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​ពង្រឹង​ការ​ការពារ​សមាជិក​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត​ បាន​ធ្វើ​ដំណើរ​មក​ដល់​មូលដ្ឋាន​យោធា​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប៉ូឡូញ​ ខណៈ​ពេល​ដែល​ភាព​តានតឹង​ កំពុង​កើន​ឡើង​ជុំវិញ​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្ស៊ី​​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​។

យោធា​ប៉ូឡូញ ​បាន​និយាយ​ថា​យន្តហោះ​តូច​១ ដែល​ដឹក​ជញ្ជូន​បុគ្គលិក​បញ្ជា​ការដ្ឋាន​ក្រុម​កង​ពល​តូច នៃ​កងពល​ធំ​ឆត្រយោង​លេខ​ ៨២ របស់​សហរដ្ឋអាមេរិក​ បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​Rzeszow-Jasionkaដែល​មាន​ទីតាំង​ជិត​នឹង​ព្រំដែន​ប៉ូឡូញ-អ៊ុយក្រែន​។

កងទ័ព​ជើង​គោក​អាមេរិក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​មេបញ្ជាការ​នៃ​កងពល​ធំ​ឆត្រយោង​លេខ​ ៨២ លោក​ឧត្ដមសេនីយ៍​ទោ​គ្រីស្តូហ្វឺរ ដូណាហ៊ូ​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ូឡូញ​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ចូ បៃដិន ​ បាន​បញ្ជា​ឱ្យ​បញ្ជូន​ទាហាន​ជិត​ ៣០០០ នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ និង​រ៉ូម៉ានី​ ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​ហៀរហូរ​ពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទាហាន​ប្រមាណ​ ១ ៧០០ នាក់​នៃ​កងពល​ធំ​ឆត្រយោង​លេខ​ ៨២​ នឹង​ធ្វើ​ដំណើរ​ចេញ​ពី​បន្ទាយ​ពួកគេ​នៅ​រដ្ឋ​ខារ៉ូលីណា​ខាង​ជើង​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​។ បន្ថែម​ពី​លើ​នេះ​អាមេរិក​នឹង​បញ្ជូន​កងវរសេនាតូច​រថពាសដែក​មធ្យម​ ដែល​មាន​ទាហាន​ប្រមាណ​ ១ ០០០ នាក់​ ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​រ៉ូម៉ានី​។

ទាហាន​ ៣ ០០០ នាក់​នេះ​គឺ​ដាក់​ពង្រាយ​ក្រោម​មូលដ្ឋាន​ទ្វេភាគី ហើយ​ផ្សេង​ពី​ទាហាន​ ៨៥០០ នាក់​ដែល​អាមេរិក​ត្រៀម​ដាក់​ពង្រាយ​ក្នុង​ករណី​ដែល​អង្គការ​ណាតូ​សម្រេច​ធ្វើ​ការ​ចល័ត​កង​កម្លាំង​ឆ្លើយ​តប​ពហុជាតិ​។ បណ្ដា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សមាជិក​ណាតូ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ពង្រាយ​ថែម​ទៀត​ ក្នុង​ជំនួប​នៅ​ពាក់​កណ្ដាល​ខែ​នេះ​៕