ចំណងជើង​មួយ​សួរថា «​តើ​លោក ​អូ​ឡា​ហ្វ សូល នៅឯណា​?» ទស្សនាវដ្ដី​ដ៏​ពេញនិយម​មួយ​បាន​ចំអក «​សិល្បៈ​បំបាំងកាយ​» របស់​អធិការបតី​រូបនេះ​។ នៅក្នុង​កំណត់ត្រា​មួយ​ដែល​ត្រូវបាន​បែកធ្លាយ ឯកអគ្គរដ្ឋទូត​រប​ស់លោក​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​សារ​ទៅ​មាតុភូមិ​វិញ​ថា ប្រទេស​អាល្លឺម៉ង់​ ត្រូវបាន​គេ​មើលឃើញ​កាន់តែខ្លាំង​ឡើង​ថា ជា​សម្ព័ន្ធមិត្ត​ដែល​មិនអាច​ពឹងផ្អែក​បាន​។​

​ជាមួយនឹង​ការគំរាមកំហែង​នៃ​ការផ្ទុះ​សង្គ្រាម​នៅ​អឺរ៉ុប ដោយសារ​ការកើនឡើង​ភាព​តានតឹង​ក្នុងការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន លោក ​សូល កាលពី​ថ្ងៃ​ចន្ទ ទី ​៧ កុម្ភៈ​នេះ បានចេញ​ដំណើរ​ទៅ​ក្រុង​វ៉ាស៊ីនតោន សម្រាប់​ជំនួប​លើកដំបូង​ជាមួយ​ប្រ​ធានា​ធិបតី​អាមេរិក​ ចូ បៃ​ដិ​ន ចាប់តាំងពី​លោក​ចូលកាន់​តំណែង​អធិការ​​ប​តី​អាល្លឺម៉ង់​កាលពី​ខែធ្នូ​។ ចំណុច​សំខាន់បំផុត​សម្រាប់​ទស្សនកិច្ច​នេះ គឺ​ការបង្ហាញ​ពិភពលោក​ថា ក្រុង​ប៊ែ​រ​ឡាំង​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​សម្ព័ន្ធភាព​លោកខាងលិច ហើយ​ជាការ​បង្ហាញមុខ​របស់​លោក​។​

​តិចជាង ​២ ​ខែ​បន្ទាប់ពី​ឡើង​ស្នង​តំណែង​ពី​លោកស្រី​ អេ​ន​ជេ​ឡា មឺ​រ​កែ​ល លោក ​សូល គឺ​កំពុង​ទាក់ទាញ​ការរិះគន់​យ៉ាង​មុត ចំពោះ​អ្វីដែល​គេ​មើលឃើញ​ជា​កង្វះ​ភាពជា​អ្នកដឹកនាំ​របស់លោក​នៅ​ក្នុង​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប​ ចាប់តាំងពី​ការ​បញ្ចប់សង្គ្រាម​ត្រជាក់​ម​ក​។​

​រដ្ឋាភិបាលចម្រុះ​បី​គណបក្ស​របស់លោក​ដែល​មិន​ធ្លាប់​ពីមុនមក​បាន​បដិសេធ​មិន​បញ្ជូន​អាវុធ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថ្មីៗ​នេះ​បញ្ជូន​មួក​ទាហាន​ចំនួន ​៥ ០០០ ទៅ​ជំនួស​វិញ​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​រដ្ឋាភិបាល​នេះ​ក៏មាន ភាពស្ទាក់ស្ទើរ​ក្នុងការ​បង្ហាញថា ខ្លួន​នឹង​ឆ្លើយតប​បែបណា​ប្រសិន​​បើ​រុស្ស៊ី ធ្វើការ​វាយប្រហារ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​រីឯ​លោក​អធិការបតី​សូល​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​​ក្រោយនេះ បាន​បាត់​មុខ​ពី​សាធារណ បាត់​មុខ​ដល់​កម្រិត​មួយ​ដែល​ធ្វើ​កាសែត Der Spiegle ពិពណ៌នា​ថា​លោក​សូល​ «​ស្ទើរតែ​មើល​គេ​មិនឃើញ គេ​មិនអាច​ស្ដាប់ឮ​»​។​

​ខណៈពេលដែល​ប្រធានាធិបតី​បារាំង​លោក​ អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​នាយករដ្ឋមន្ត្រី​អ៊ី​តា​លី​លោក ​ម៉ា​រី​អូ ដាហ្គ្រី មានការ​មមា​​ញឹក​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង មកដល់ពេលនេះ​លោក​សូល​នៅ​មិនទាន់បាន​លើក​ទូរស័ព្ទ​តេ​ទៅ​ក្រុង​ម៉ូស្គូ ឬ​ធ្វើដំណើរ​ទស្សនកិច្ច​នៅឡើយ​ទេ​។ លោក​ក៏​មិនបាន​ធ្វើដំណើរ​ទៅ​ក្រុង​កៀវ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ក្រុង​វ៉ាស៊ីនតោន ​គឺ​ចំណាយពេល​អស់​ជិត ​២ ​ខែ ​ដើម្បី​រៀបចំ​។​

​កាលពី​សប្ដាហ៍​មុន ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​សហរដ្ឋ​អា​​មេ​រិ​ក លោកស្រី ​អេ​មី​លី ហា​ប៊ឺ ​បាន​បញ្ជូន​សារ​ទៅកាន់​ក្រុង​ប៊ែ​រ​ឡាំង ដើម្បី​ព្រមាន​អំពី​ការខូចខាត «​ដ៏​ធំ​» ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​អាល្លឺម៉ង់​។ អ្នកស្រី​រាយការណ៍​ថា ​មិន​ត្រឹមតែ​ស្ថាប័ន​សារព័ត៌មាន​ទេ សមាជិកសភា​អាមេរិក​មួយចំនួន​ក៏បាន​រិះគន់​អាល្លឺម៉ង់​ផងដែរ​។ លោកស្រី​សរសេរថា សមាជិកសភា​អាមេរិក ជាពិសេស​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​មាន​ទស្សនៈ​ថា ក្រុង​ប៊ែ​រ​ឡាំង​ គឺ​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បំពេញចិត្ត​លោក ពូ​ទីន ដើម្បី​ធានា​ការបន្ត​លំហូរ​នៃ​ឧស្ម័ន​ធម្មជាតិ​។​

​បន្ទាប់ពី​ប្រឈមមុខ​នឹង​ការ​រិះ​គន់​កាន់តែខ្លាំង​ពី​ក្រុង​កៀវ និង​រដ្ឋធានី​ដទៃទៀត​នៅ​អឺរ៉ុប​ខាងកើត ភាពជា​អ្នកដឹកនាំ​របស់លោក ​សូល ក៏​កំពុង​ត្រូវបាន​គេ​ចោទសួរ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ស្រុក​ផងដែរ​។​

​ក្នុងការ​ស្ទង់​មតិសាធារណ​ជន​នាពេល​ថ្មីៗ​នេះ ការវាយតម្លៃ​ការ​គាំ​​ទ្រ​របស់លោក ​សូល​ បាន​ធ្លាក់ចុះ ១៧ ភាគរយ​ ពី​ ៦០ ​ភាគរយ​ដល់ ៤៣ ភាគរយ​នៅ​ដើមខែ​មករា ដែលជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​សម្រាប់​អធិការបតី​ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​សង្គ្រាម​។ ការគាំទ្រ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​របស់​លោក​ក៏បាន​ធ្លាក់ចុះ​ទៅដល់ ២២ ភាគរយ ដែល​ធ្វើឱ្យ​ពួកគេ​នៅ​ពីក្រោយ​គណបក្ស​អភិរក្សនិយម ជា​លើកដំបូង​ចាប់តាំងពី​ជ័យជម្នះ​ការបោះឆ្នោត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ចុងឆ្នាំ​មុន​។​

​ក្រុមការងារ​របស់លោក​ សូល បានប្រកាសថា បន្ទាប់ពី​ត្រឡប់​មកពី​ទីក្រុង​វ៉ាស៊ីនតោន អធិការបតី​នឹង​ផ្ដោតលើ​កាលវិភាគ​ពេញលេញ ដែល​លោក​សង្ឃឹមថា នឹង​ផ្លាស់​​ប្ដូរ​ជំហរ​ការទូត​អាល្លឺម៉ង់​ឱ្យ​លឿន​ជាង​មុន​។ បន្ទាប់ពី​ជំនួប​ជាមួយ​លោក ​បៃ​ដិ​ន លោក​សូល​នឹង​ជួប​ជាមួយ​លោក​ ម៉ា​ក្រុង ​ប្រធានាធិបតី​ប៉ូឡូញ​ អង់​ទ្រេ ដូ​ដា និង​មេដឹកនាំ​នៃ​ប្រទេស​លី​ទុយ​អា​នី ឡេ​តូ​នី​ និង​ អេ​ស្តូ​នី​។ ១​ សប្ដាហ៍​ក្រោយមក លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​កៀវ និង​ម៉ូស្គូ តាម​លំដាប់​នោះ​។​

​លោក ​សូល ​មាន​សម្ព័ន្ធមិត្ត​ឆ្វេង​​កណ្តាល​និយម​មួយ​នៅក្នុង​លោក ​បៃ​ដិ​ន ដែល​រហូតមក​ដល់ពេលនេះ​បាន​បដិសេធ​មិន​រិះគន់​ទីក្រុង​ប៊ែ​រ​ឡាំង​ជា​សាធារណៈ​។ នេះ ​គឺជា​សម្ព័ន្ធភាព​ឆ្វេង​កណ្ដាល​និយម​ដំបូង​ចាប់តាំងពី​អាណត្តិ​ទី​២ ​របស់​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន ដោយ​កាលនោះ​ទាំង​សេត​វិមាន និង​អធិការបតី​អាល្លឺម៉ង់​ស្ថិតនៅក្នុង​ដៃ​របស់​មេដឹកនាំ​ឆ្វេង​កណ្ដាល​​និយម ហើយ​សម្រាប់​ភាពរ​អាក់​​រ​អួល​ទាំងអស់​នៅ​ខាង​អាល្លឺម៉ង់ រដ្ឋបាល​ទាំង ​២ បាន​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​។​

​ប៉ុន្តែ​ការអត់ធ្មត់​កំពុង​ជិត​អស់ ហើយ​លោក ​សូល នឹងត្រូវ​នាំយក​អ្វីមួយ​មក​តុមូល​។​

​នៅក្នុង​បទ​សម្ភាស​តាម​ទូរ​​ទស្សន៍ មុនពេល​ចាកចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក​លោក ​សូល បាន​បង្ហើប​ថា អាល្លឺម៉ង់​អាច​នឹង​បង្កើន​វត្តមាន​កងទ័ព​របស់ខ្លួន​នៅក្នុង​ប្រទេស​លី​ទុយ​អា​នី​។ លោក​ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​​ល្បាត​តាម​អាកាស​បន្ថែម​នៅ​អឺរ៉ុប​ខាងកើត និង​កណ្ដាល​៕

វីដេអូ៖