កាល​ពី​ថ្ងៃ​អាទិត្យ​ ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក​ជេក ស៊ូលីវ៉ាន់​ លើកឡើង​ថា​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​ ខិត​​ជិត​មក​ដល់​ហើយ​។

«យើង​គឺ​កំពុង​ស្ថិត​ក្នុង​បង្អួច​នៃ​ឱកាស» លោក​ស៊ូលីវ៉ាន់​និយាយ​បែប​នេះ​ក្នុង​កម្មវិធី​ Fox News Sunday ហើយ​បន្ត​ទៀត​ថា​៖ «នៅ​ថ្ងៃ​ណា​មួយ​ឥឡូវ​នេះ រុស្ស៊ី​ ​អាច​ចាត់​វិធានការ​យោធា​ប្រឆាំង​នឹង​អ៊ុយក្រែន ឬ​អាច​ ២-៣​សប្ដាហ៍​ពី​ពេល​ឥឡូវ​នេះ ឬ​រុស្ស៊ី​អាច​ជ្រើសរើស​ផ្លូវ​ការទូត​ជំនួស​វិញ»​។

នៅ​លើ​កម្មវិធី​ជួប​​នឹង​​សារព័ត៌មាន​ ឬ​Meet the Press របស់​ទូរទស្សន៍​ NBC លោក​ស៊ូលីវ៉ាន់ ​បាន​និយាយ​ថា​៖ «យើង​ជឿ​ជាក់​ថា រុស្ស៊ី​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​សមត្ថភាព ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​ដ៏​ធំ​មួយ ចូល​ទៅ​ក្នុង​អ៊ុយក្រែន ហើយ​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​រៀប​ចំ​ការ​ឆ្លើយ​តប​»​។

ការ​លើក​ឡើង​របស់​លោក​ស៊ូលីវ៉ាន់​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការ​រាយការណ៍​ថា​រុស្សី​បាន​ដាក់​ពង្រាយ​កម្លាំង​បាន​ប្រហែល​ ៧០ភាគ​រយ នៃ​កម្រិត​ដែល​គេ​ជឿជាក់​ថា​ចាំ​បាច់​សម្រាប់​ធ្វើ​ការ​ឈ្លានពាន​ពេញលេញ​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​។ ការ​រាយការណ៍​ត្រឹម​ថ្ងៃ​សុក្រ ​បាន​បង្ហាញ​ថា​ចំនួន​កង​កម្លាំង​ទំហំ​កងវរសេនាតូច​របស់​រុស្ស៊ី​​នៅ​ជិត​ព្រំដែន​ជា​មួយ​អ៊ុយក្រែន​បាន​កើន​ពី​ ៦០ ដល់​ ៨៣​ ដោយ​ ១៤ ទៀត​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​រុស្ស៊ី​ បាន​បដិសេធ​ថា​ ខ្លួន​មិន​មាន​ផែនការ​ធ្វើ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​ក្រុង​កៀវ និង​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ណាតូ​ គឺ​ជា​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​រុស្ស៊ី​​។ ក្រុង​ម៉ូ​ស្គូ​បាន​ធ្វើ​ការ​ទាមទារ​ការ​ធានា​សន្តិសុខ​មួយ​ចំនួន​ ដែល​រួមមាន​ការ​បញ្ឈប់​ការ​ពង្រីក​សមាជិកភាព​អង្គការ​ណាតូ​មក​អឺរ៉ុប​ខាង​កើត​ជា​ពិសេស​ប្រទេស​អ៊ុយក្រែន​។ លោក​ខាង​លិច​បាន​ច្រានចោល​ការ​ទាមទារ​នេះ​ ហើយ​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​​ថា ​ឱកាស​សម្រាប់​ការ​ចរចា​គឺ​ជិត​អស់​ហើយ​៕