កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​៦ កុម្ភៈ ​អភិបាល​រដ្ឋធានី​អូតាវ៉ា​ ប្រទេស​កាណាដា​លោក ​ជីម វ៉ាតសុន​ បាន​ប្រកាស​ដាក់​ទីក្រុង​ក្នុង​គ្រាអាសន្ន ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​រយៈ​ពេល​ ១០ ថ្ងៃ​ ដែល​បាន​ធ្វើ​ឱ្យ​ជាប់​គាំង​ផ្នែក​ជា​ច្រើន​នៃ​ក្រុង​នេះ​។

បាតុកម្ម​ «ក្បួន​ដង្ហែ​ដើម្បី​សេរីភាព» ដែល​រៀប​ចំ​ដោយ​សមាគម​តៃកុង​រថយន្ត​ដឹក​ទំនិញ​ បាន​ផ្ទុះ​ឡើង​ដើម្បី​ប្រឆាំង​វិធានការ​របស់​រដ្ឋាភិបាល​កាណាដា​ តម្រូវ​ឱ្យ​តៃកុង​រថយន្ត​ដឹក​ទំនិញ​ឆ្លង​ព្រំដែន​ខេត្ត​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ឱ្យ​បាន​ពេញលេញ​។ ប៉ុន្តែ​បាតុកម្ម​ បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​ចលនា​ប្រឆាំង​គោលនយោបាយ​សុខភាព​សាធារណៈ​ និង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ចាស្ទីន ទ្រូដូ​។

ក្នុង​រយៈ​ពេល​ ៩ ថ្ងៃ​ចុង​ក្រោយ​នេះ​ បាតុករ​បាន​ធ្វើ​ឱ្យ​ទី​ក្រុង​អូតាវ៉ា​ជាប់​គាំង​ ដោយ​ការ​ចត​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ជា​ជួរ​ ដើម្បី​បិទ​ផ្លូវ​សំខាន់​ៗ​។ អ្នក​រៀប​ចំ​បាតុកម្ម​នេះ​ បាន​និយាយ​ថា​ពួកគេ​នឹង​មិន​ចាកចេញ​លុះត្រាតែ​រដ្ឋាភិបាល​លុបចោល​តម្រូវ​ការ​ឱ្យ​ចាក់​វ៉ាក់សាំង​ខាង​លើ​។ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណ:​កាណាដា​លោក​ម៉ាកូ មេនឌីស៊ីណូ​ បាន​និយាយ​ថា​រដ្ឋាភិ បាល​នឹង​មិន​ដក​ថយ​ក្នុង​បញ្ហា​នេះ​ទេ​។

យ៉ាង​ណា​មិញ​លោក​អភិបាល​វ៉ាតសុន​និយាយ​ថា​ក្រុម​បាតុករ​មាន​ចំនួន​ច្រើន​ជាង​ប៉ូលិស ហើយ​បាន​គ្រប់​គ្រង​ស្ថានការណ៍​។

ប៉ូលិស​ក្រុង​អូតាវ៉ា​លើក​ឡើង​​ថា​ពួកគេ​ កំពុង​ប្រមូល​ភ័ស្តុតាង​ដែល​នឹង​ត្រូវ​ប្រើ​នៅ​ក្នុង​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​ណា​មួយ​។ ប៉ូលិស​បាន​និយាយ​ថា ការ​បិទ​ផ្លូវ​ដែល​មាន​ការ​រៀប​ចំ​បាន​ល្អ គឺ​ពឹង​ផ្អែក​មួយ​ផ្នែក​លើ​ជំនួយ​ហិរញ្ញវត្ថុ​ពី​បុគ្គល​នៅ​ក្នុង​សហរដ្ឋអាមេរិក​។ គេហទំព័រ​រៃអង្គាស​ប្រាក់​ GoFundMe បាន​លុប​ចោល​ទំព័រ​រៃអង្គាស​របស់​អ្នក​រៀប​ចំ​បាតុកម្ម​នេះ​ ធ្វើ​ឱ្យ​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​មក​គណបក្ស​សាធារណរដ្ឋ​ខឹង​សម្បាហើយ​ប្ដេជ្ញា​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​គេហទំព័រ​នេះ​៕