
លោក វ្ល៉ាឌីមៀរ ពូទីន (ស្តាំ) ស្តាប់ក្នុងអំឡុងធ្វើសន្និសីទកាសែតរួមជាមួយលោកប្រធានាធិបតី អាម៉ានុយអែល ម៉ាក្រុង។ AFP
ការខឹងសម្បារបស់លោក វ្ល៉ាឌីមៀរ ពូទីន ចំពោះលោកខាងលិច និងការពង្រីករបស់អង្គការណាតូមកកាន់អឺរ៉ុបខាងកើត គឺទំនងបង្កដោយបទប្បញ្ញត្តិអាយុរាប់ទសវត្សរ៍មួយដែលប្រធានាធិបតីរុស្ស៊ីនេះនិយាយថា កំពុងរងការគំរាមកំហែង៖ «សន្តិសុខ មិនអាចបំបែកបាន»។
ក្នុងនិយមន័យទូលំទូលាយ គោលការណ៍នេះបានចែងថា សន្តិសុខរបស់រដ្ឋណាមួយ គឺមិនអាចបំបែកពីសន្តិសុខនៃរដ្ឋដទៃទៀតក្នុងតំបន់របស់ខ្លួន។ បើតាមទស្សនៈរបស់លោក ពូទីន យុទ្ធសាស្ត្របច្ចុប្បន្នរបស់អង្គការណាតូ គឺកំពុងគំរាមកំហែងដល់គោលការណ៍នេះ ហើយជាហេតុផលពីក្រោយការសម្រេចចិត្តរបស់ក្រុងមូ៉ស្គូ ដើម្បីដាក់ពង្រាយទាហានជាង ១០០ ០០០ នាក់ នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក ស៊ើហ្គេយ៍ ឡាវរ៉ូវ បានធ្វើការចោទប្រកាន់ម្ដងទៀតថា លោកខាងលិច គឺជាអ្នកបង្ករឿង បន្ទាប់លោកខាងលិចបានចេញផ្សាយការវាយតម្លៃចារកម្មថា រុស្ស៊ីកំពុងរៀបចំផែនការបង្កើតលេស ដើម្បីចាប់ផ្ដើមការឈ្លានពានចូលអ៊ុយក្រែន។
«រុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងភាពតានតឹងនយោបាយយោធានៅជិតព្រំដែនខាងលិចរបស់ខ្លួន» លោក ឡាវរ៉ូវ បាននិយាយបែបនេះ ហើយបន្តទៀតថា មាន «ការខ្វែងគំនិតគ្នាលើការយល់ដឹងអំពីគោលការណ៍នៃសន្តិសុខស្មើគ្នា និងមិនអាចបំបែកបានដែលជាមូលដ្ឋានគ្រឹះនៃស្ថាបត្យកម្មសន្តិសុខអឺរ៉ុបទាំងមូល»។
ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថា ការលើកឡើងរបស់រុស្ស៊ី គឺគ្រាន់តែជាការអូសបន្លាយពេលវេលាប៉ុណ្ណេះ សម្រាប់ពួកគេធ្វើការរៀបចំយុទ្ធសាស្ត្រ។
បង្កើតឡើងដំបូងអំឡុងពេលនៃសង្គ្រាមត្រជាក់ឃ្លា «សន្តិសុខមិនអាចបំបែកបាននៅអឺរ៉ុប» ត្រូវបានគេលើកឡើងក្នុងសន្ធិសញ្ញាចុងក្រោយនៃសន្និសីទសន្តិសុខក្រុងហេលស៊ីន គីឆ្នាំ ១៩៧៥ ដែលបានកំណត់ច្បាប់មូលដ្ឋានសម្រាប់អន្តរកម្មរវាងប្លុកប្រឆាំងទាំង ២ គឺ សម្ព័ន្ធភាពខាងលិចអង្គការណាតូ និងសម្ព័ន្ធភាពខាងកើតកតិកាសញ្ញាវ៉ាសូវី។
ប៉ុន្តែ បន្ទាប់ពីដួលរលំនៃសហភាពសូវៀត អតីតសមាជិកកតិកាសញ្ញាវ៉ាសូវីមួយចំនួន បានចាប់ផ្ដើមចង់មានសេរីភាពក្នុងការជ្រើសរើសសម្ព័ន្ធភាពដោយខ្លួនឯង។
ធម្មនុញ្ញក្រុងប៉ារីសឆ្នាំ ១៩៩០ សម្រាប់អឺរ៉ុបថ្មីបានចែងថា៖ «សន្តិសុខគឺមិនអាចបំបែកបានហើយសន្តិសុខនៃរដ្ឋដែលចូលរួមទាំងអស់ត្រូវបានភ្ជាប់ដោយតំណមិនអាចផ្ដាច់បាននឹងរដ្ឋផ្សេងទៀតទាំងអស់»។
កិច្ចប្រជុំកំពូលរបស់អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅក្រុងអ៊ីស្តង់ប៊ុល កាលពីឆ្នាំ ១៩៩៩ និងក្រុងអាស្តាណានៅឆ្នាំ ២០១០ បានបញ្ជាក់ម្ដងទៀតនូវសារៈសំខាន់នៃគោលការណ៍នេះដោយលើកឡើងថា អ្នករំលោភគោលការណ៍នេះនឹងបង្កផលប៉ះពាល់ដល់សន្តិសុខអ្នកដទៃទៀត។ ប៉ុន្តែកិច្ចប្រជុំកំពូលទាំង ២ ក៏បានរំឭកឡើងវិញថា គ្មានរដ្ឋ ឬក្រុមរដ្ឋណាមួយ «អាចចាត់ទុកផ្នែកណាមួយនៃតំបន់ OSCE ជាផ្នែកនៃដែនឥទ្ធិពលរបស់ពួកគេឡើយ»។
សន្ធិសញ្ញាបង្កើតទំនាក់ទំនងរវាងអង្គការណាតូ និងរុស្ស៊ីកាលពីឆ្នាំ ១៩៩៧ ក៏បានទទួលស្គាល់គោលការណ៍នេះ ហើយបានសន្យាថា អង្គការណាតូនឹងមិនកសាងមូលដ្ឋានយោធាអចិន្ត្រៃយ៍នៅសមាជិកថ្មីទេ។ គួរឱ្យកត់សម្គាល់បុព្វកថា សន្ធិសញ្ញានេះក៏បាននិយាយថា ណាតូ និងរុស្ស៊ី «មិនចាត់ទុកគ្នាទៅវិញទៅមកជាសត្រូវទេ»។
ប៉ុន្តែសព្វថ្ងៃនេះស្ថានការណ៍បានប្រែប្រួលយ៉ាងខ្លាំង។ ប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់លោក ពូទីន បានព្យាយាមបង្កើតដែនឥទ្ធិពលឡើងវិញ ធ្វើសង្គ្រាមប្រឆាំងប្រទេសហ្សកហ្ស៊ី នៅឆ្នាំ២០០៨ និងកាត់យកឧបទ្វីបគ្រីមាពីប្រទេសអ៊ុយក្រែន នៅឆ្នាំ ២០១៤។ ស្របពេលជាមួយគ្នានេះអតីតរដ្ឋរណបនៃសហភាពសូវៀតដូចជាប៉ូឡូញ ឡេតូនី លីទុយអានី អេស្តូនី រូម៉ានីជាដើម ដោយរក្សាការដាក់ពង្រាយ វិលជុំទៅកាន់មូលដ្ឋានក្នុងប្រទេសទាំងនេះ៕
វីដេអូ៖