ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល មានការលំបាកក្នុងការបង្ហាញភាពរួបរួមគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមដាក់គ្នាជាមួយរុស្ស៊ី បន្ទាប់ពីជំនួបដ៏សំខាន់នៅសេតវិមានបានបង្ហាញការខ្វែងគំនិតគ្នាជុំវិញបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2។

ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានរួមគ្នាកាលពីរសៀលថ្ងៃចន្ទ ទី៧ កុម្ភៈ លោកបៃដិនបាននិយាយថា ប្រសិនបើរុស្ស៊ី ធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់នឹងមិនដំណើរការទេ។ «វានឹងមិនមាន Nord Stream 2 ទៀតទេ។ យើងនឹងនាំឱ្យមានការបញ្ចប់វា» លោកបៃដិននិយាយបែបនេះហើយបន្តទៀតថា៖«ខ្ញុំសន្យាថា យើងនឹងធ្វើបែបនោះបាន»។

បំពង់ Nord Stream 2 បានបង្កភាពតានតឹងអស់ជាច្រើនឆ្នាំរវាងអាមេរិក និងអាល្លឺម៉ង់ ហើយការលើកឡើងខាងលើរបស់លោកបៃដិន គឺជាការអត្ថាធិប្បាយខ្លាំងបំផុតលើបញ្ហានេះចាប់តាំងពីចូលកាន់អំណាចមក ហើយតំណាងឱ្យការពង្រឹងជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើចំណុចជាប់គាំងដ៏ធំបំផុតមួយនៅក្នុងការតស៊ូមតិឆ្លងមហាសមុទ្រអាត្លង់ទិកអំពីទណ្ឌកម្មដែលត្រូវដាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូ ក្នុងករណីមានការឈ្លានពាន។

រីឯលោកសូលវិញម្ដងហើយម្ដងទៀតបានគេចវេះមិនឆ្លើយសំណួរទាក់ទងនឹងបំពង់បង្ហូរឧស្ម័ននេះ ហើយថែមទាំងបដិសេធមិននិយាយឈ្មោះរបស់វាផងដែរ។ ផ្ទុយទៅវិញលោកបានផ្ដល់ការធានាមិនជាក់លាក់ថា «នឹងមិនមានវិធានការណាមួយ ដែលយើងមានវិធីសាស្ត្រខុសគ្នានោះទេ» ។ លោកនិយាយថា រុស្ស៊ី នឹងសង «តម្លៃខ្ពស់» សម្រាប់ការវាយប្រហារណាមួយ។

បើទោះជាយ៉ាងនេះក៏ដោយលោកបៃដិនបានធ្វើការការពារលោកសូល ដោយនិយាយថាអាល្លឺម៉ង់ទទួលការ «ជឿទុកចិត្តទាំងស្រុង» ពីអាមេរិក ហើយក្នុងចំណោម «សម្ព័ន្ធមិត្តដ៏សំខាន់បំផុត»។

ស្របពេលជំនួបរវាងលោកសូល និងលោកបៃដិន ប្រធានាធិបតីបារាំងលោកអេម៉ានូអ៊ែល ម៉ាក្រុងបានបញ្ចប់កិច្ចប្រជុំជាមួយប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀរ ពូទីននៅក្រុងម៉ូស្គូ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នា៕