ការ​ជំនុំជម្រះ​រឿង​ក្ដី​ពុក​រលួយ​របស់​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ​ បាន​ជួប​ឧបសគ្គ​ បន្ទាប់​ពី​កាសែត​មួយ​បាន ​អះអាង​ថា​ នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត ប៉ូលិស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ឃ្លាំមើល​ទូរស័ព្ទ​របស់​ជំនួយ​ការ និង​កូន​ប្រុស​របស់​លោក​ណេតាន់យ៉ាហ៊ូ​ ដោយ​មិន​មាន​ដីកា​ស្រប​ច្បាប់​។

កាសែត​ Calcalist បាន​ធ្វើ​ការ​រាយការណ៍​ដោយ​មិន​ផ្អែក​លើ​ប្រភព​ណា​មួយ​ថា​ ប៉ូលិស​អ៊ីស្រាអែល​បាន​ប្រើប្រាស់​អាវុធ​ចារកម្ម​អ៊ីនធឺណិត Pegasus ដែល​មាន​សមត្ថភាព​ជ្រៀត​ជ្រែក​ និង​ឃ្លាំមើល​ទូរស័ព្ទ​ដៃ​ ដើម្បី​ធ្វើ​ការ​ឃ្លាំ​មើល​មនុស្ស​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ ដោយ​មិន​មាន​ដីកា​ស្រប​ច្បាប់​។ ប្រសិន​បើ​ការ​រាយការណ៍​នេះ​ពិត​ ​នោះ​នឹង​ក្លាយ​ជា​ករណី​ដំបូង​ដែល​ Pegasus ត្រូវ​បាន​ប្រើ​លើ​ពលរដ្ឋ​អ៊ីស្រាអែល​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ការ​រាយការណ៍​នេះ​ គឺ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ដោយ​ឯករាជ្យ​ ដោយ​សារព័ត៌មាន​ដទៃ​ទេ​។

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៧ កុម្ភៈ​ ចៅក្រម​ជំនុំជម្រះ​រឿង​ក្ដី​លោក​ណេតាន់យ៉ាហ៊ូ​ បាន​ពន្យារ​សវនាការ​ រហូត​ដល់​ពេល​ដែល​អង្គ​អយ្យការ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​។ លោក​នាយករដ្ឋមន្ត្រី​ណាហ្វាតាលី បេននិ​​ត​ បាន​ប្រកាស​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​នេះ​។

យ៉ាង​ណា​មិញ​ លោក​ណេតាន់យ៉ាហ៊ូ​គឺ​កំពុង​ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​ពុក​រលួយ​ចំនួន​៣ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​។ លោក​បាន​ឆ្លៀតឱកាស​នៃ​ការ​ផ្សព្វផ្សាយ​ការ​អះអាង​នេះ​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​រឿង​ក្ដី​ប្រឆាំង​លោក​ គឺ​ជា​ឧបាយកល​ជំរុញ​ដោយ​នយោបាយ​ ដែល​ប្រើ «ឧបករណ៍​ឈ្លាន​ពាន​បំផុត​នៅ​ក្នុង​ពិភពលោក​»៕