ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក​ CNN អធិការបតី​អាល្លឺម៉ង់​លោក​ អូ​ឡា​ហ្វ សូល លើកឡើងថា ក្រុង​វ៉ាស៊ីនតោន ក្រុង​ប៊ែ​រ​ឡាំង និង​អង្គការ​ណា​តូ គឺមាន​ភាពរួបរួម​គ្នា​លើ​វិបត្តិ​អ៊ុយ​ក្រែ​ន​-រុស្ស៊ី ប៉ុន្តែ​លោក​បាន​បដិសេធ​ការពិភាក្សា​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ដែល​ត​ភ្ជាប់​ពី​រុស្ស៊ី​មក​អាល្លឺម៉ង់​នោះទេ​។​

​នៅពេលដែល​ត្រូវបាន​គេ​សួរថា ​ហេតុអ្វី​បានជា​លោក​មិន​និយាយ​អំពី Nord Stream 2 លោក​ សូល បាន​និយាយថា​៖ «​គ្រប់​ជំហាន​ដែល​យើង​នឹងធ្វើ យើង​នឹងធ្វើ​រួមគ្នា​»​។ លោក​បាន​បន្តទៀតថា​៖ «​ដូចដែល​លោក​ប្រធានាធិបតី​បាន​និយាយ យើង​កំពុង​ត្រៀមខ្លួន​សម្រាប់​រឿងនេះ​។ អ្នក​អាច​យល់បាន ហើយ​អ្នក​អាច​ប្រាកដ​បាន​ថា អាល្លឺម៉ង់នឹង​នៅ​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងអស់​របស់ខ្លួន និង​ជាពិសេស​សហរដ្ឋអាមេរិក ដែល​ពួកយើង​ចាត់វិធានការ​ដូចគ្នា​។ វា​នឹង​មិនមាន​ភាពខុសប្លែក​គ្នា​នៅក្នុង​ស្ថានភាព​នោះទេ​»​។​

​បើទោះបីជា​មានការ​ធានា​ពី​លោក​ សូល​ ក៏ដោយ បំពង់​តម្លៃ ១១ ពាន់​លាន​ដុល្លារ ដែល​គ្រោង​បញ្ជូន​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី​ ទៅកាន់​ប្រទេស​អាល្លឺម៉ង់ បានធ្វើ​ឱ្យមាន​ស្រមោល​លើ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​។ នៅក្នុង​សន្និសីទ​រួម​កាលពី​ថ្ងៃ​ចន្ទ ប្រ​ធា​​នា​ធិបតី ​ចូ បៃ​ដិ​ន បាន​និយាយថា​បំពង់​នេះ​នឹងត្រូវ​បញ្ឈប់​ភ្លាមៗ ប្រសិនបើ​រុស្ស៊ី​ធ្វើការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។ រីឯ​លោក​ សូល​ វិញ ​បាន​ចៀស​​វាង​សំណួរ​ទាក់ទង​នឹង Nord Stream 2៕