​ដោយមាន​សមាជិកសភា​រាប់សិប​នាក់​មកពី​គណបក្ស​របស់លោក​ផ្ទាល់​ ធ្វើការ​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែ​ងនាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​បូរី​ស ច​ន​សុន កាលពី​ថ្ងៃ​អង្គារ ទី ​៨ កុម្ភៈ បានធ្វើការ​​រុះរើ​គណៈរដ្ឋមន្ត្រី និង​ថ្នាក់​ដឹកនាំ​គណបក្ស រួមទាំង​តែង​តាំង​មន្ត្រី​វិន័យ​គណបក្ស​ថ្មី ដើម្បី​ទប់ទល់​នឹង​ការបះបោរ​​ផ្ទៃក្នុង ជុំវិញ​រឿងអាស្រូវ​ពិធីជប់លៀង​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ប្រទេស​។​

​លោក​ ច​ន​សុន បន្ត​ការ​កាន់​​តំណែង​ដល់​កម្រិត​មួយ ដែល​ក្នុង​កិច្ចប្រជុំ​មួយ​នាពេល​ថ្មីៗ​នេះ​លោក​បាន​ច្រៀង​បទ «I Will Survive (​ខ្ញុំ​នឹង​នៅរស់​)» ទៅកាន់​លោក ​ហ្គូ​តូ ហារី អ្នកនាំពាក្យ​ថ្មី ដែល​លោក​ទើបតែ​តែងតាំង បន្ទាប់ពី​អ្នក​កាន់តំណែង​នេះ​មុន បាន​លាលែង​ដោយសារ​រឿងអាស្រូវ​ខាងលើ​។​

​បើទោះបីជា​លោ​ក ច​ន​សុន បានបង្ហាញ​ការប្ដេជ្ញាចិត្ត​យ៉ាង​​ម៉ឺងម៉ាត់​បែបនេះ និង​បាន​ចាត់​​វិធានការ​ទាំងនេះ អ្នកវិភាគ​មួយចំនួន​បាន​គិតថា វិធានការ​ទាំងនេះ​អាច​យឺត​ពេល​ពេក​ហើយ​ដើម្បី​ជួយសង្គ្រោះ​លោក​ ច​ន​សុន បន្ទាប់ពី​ប៉ូលិស​អង់​គ្លេ​សបាន​បើក​ការស៊ើបអង្កេត​ការចោទប្រកាន់ថា លោក​បាន​រំលោភច្បាប់​បិទ​ខ្ទប់​ប្រទេស​ដែល​ខ្លួន​លោក​បានអនុម័ត​។​

​លោក ​ច​ន​សុន បាន​ប្រឈមមុខ​ការធ្លាក់​ការគាំទ្រ​ក្នុងការ​ស្ទង់​មតិសាធារណ​: ហើយ​បេក្ខជន​អាច​ស្នង​តំណែង​មួយចំនួន​ដូចជា​អធិការបតី​ក្រសួង​រតនាគារ​អង់គ្លេស​លោក​ រី​ស៊ី សូ​ណាក់ ត្រូវបាន​គេ​សង្កេតឃើញថា គឺ​កំពុង​ត្រៀមខ្លួន​ប្រជែង​យក​តំណែង​ប្រមុខ​រដ្ឋាភិបាល​។​

​នៅពេលដែល​នាយករដ្ឋមន្ត្រី​ណាមួយ​ប្រឈមមុខ​នឹង​ការ​​ទម្លាក់​ពី​តំណែង វិន័យ​ក្នុងចំណោម​សមាជិកសភា​តែងតែមាន​ការបែកបាក់ មន្ត្រីរាជការ​បាន​បាត់បង់​ការគោរព​រប​ស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល ហើយ​បេក្ខជន​ឈានមុខ​គេ​ធ្វើការ​បដិសេធ​មិន​ទទួល​មុខងារ​ក្នុង​រដ្ឋាភិបាល​។ បន្ថែម​ពីលើ​នេះ​សារព័ត៌មាន​បានចាប់ផ្ដើម​បង្ហាញ​អរិភាព​ចំពោះ​រដ្ឋា​ភិ​បាល ការប្រកាស​គោ​លន​យោបាយ​ថ្មី ​គឺ​ត្រូវបាន​លុប​ពីលើ​ដោយ​ការពិភាក្សា​អំពី​មេដឹកនាំ​ថ្មី​។ លោក ​ច​ន​សុន កំពុង​ប្រឈមមុខ​នឹង​កត្តា​ទាំងអស់នេះ​។​

​កំហុស​ថ្មី​បំផុត​របស់លោក​ ច​ន​សុន គឺ​នៅពេល​លោក​ធ្វើ​​ការចោទប្រកាន់​ដោយ​គ្មាន​មេដឹកនាំ​គណបក្សប្រឆាំង​​លោក ​កៀ ស្តា​មឺ​រ ដែលជា​អតីត​អយ្យការ​ជាន់ខ្ពស់​ ១​ រូបថា បាន​បរាជ័យ​ក្នុងការ​កាត់ទោស​ជនល្មើស​ផ្លូវភេទ​ដ៏​ល្បី ​១ ​រូប ​ឈ្មោះ​ ជី​មមី សា​វី​ល​។ លោក ស្តា​មឺ​រ មិន​ពាក់ព័ន្ធ​នឹង​រឿងក្ដី​នេះ​ទេ ហើយ​លោក ច​ន​សុន ក្រោយមក​បានប្រកែក​ថា លោក​កំពុងនិយាយ​អំពី​ការទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គលិក​ក្រោម​ឱវាទ​របស់លោក ​ស្តា​មឺ​រ​។​

«​ការបំភ្លឺ​» នេះ​មិនបាន​បំពេញចិត្ត​ទីប្រឹក្សា​ដ៏​ជិតស្និទ្ធ​ ១​ រូប​ របស់លោក​ ច​ន​សុន គឺ​លោកស្រី ​មូ​នី​រ៉ា មីរ​ហ្សា ដែល​កាលពី​សប្ដាហ៍​មុន​បានធ្វើ​ការលាលែង បន្ទាប់ពី​បាន​រិះគន់​នាយករដ្ឋមន្ត្រី​រូបនេះ​ថា «​ការចោទប្រកាន់​បង្ក​ការ​​ប្រមាថ​»​។ លោក​សូ​ណាក់ ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការលើកឡើង​របស់លោក​ ច​ន​សុន​ ផងដែរ ដោយ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ខ្លួន​លោក​មិន​ហ៊ាន​និយាយ​ពាក្យ​ទាំងនេះ​ទេ​។​

​សមាជិកសភា​មួយចំនួន​មកពី​គណបក្ស​អភិរក្សនិយម​របស់លោក​ ច​ន​សុន បានទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​រូបនេះ​ធ្វើ​ការសុំ​អភ័យទោស​ចំពោះ​ការលើក​​ឡើង​បែបនេះ ប៉ុន្តែ​ខុទ្ទកាល័យ​លោក​ច​ន​សុន​ បាន​បដិសេធ​ធ្វើបែបនេះ ខណៈពេលដែល​ពួកគេ​ធ្វើ​ការរុះរើ​បុគ្គលិក​ផ្ទៃក្នុង​។​

​លោក​ គ្រី​ស ហ៊ី​តុ​ន ហ៊ា​រី​ស ជា​សមាជិកសភា​ម្នាក់​ដែលគេ​គោរព​ឱ្យ​តម្លៃ និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប ត្រូវបាន​លោ​ក ច​ន​សុន តែងតាំង​ជាម​ន្ត្រី​តម្រួត​វិន័យ ដែល​ទទួលខុសត្រូវរ​ក្សា​វិន័យ​ក្នុងចំណោម​សមាជិក​បក្ស ហើយ​មេដឹកនាំ​សំឡេង​ភាគ​​ច្រើន​ក្នុង​សភា​លោក​ យ៉ា​កុប រី​ស​ម៉ុក ត្រូវបាន​លោ​ក ច​ន​សុន​ តែងតាំង​ជា «​រដ្ឋមន្ត្រី​ឱកាស Brexit» ដែលជា​តំណែង​ទើបតែ​បង្កើត​ក្នុងការ​រុះរើ​នេះ​។​

​ក្នុង​ការជួយ​លោក​បន្ត​កាន់​​តំណែង​លោ​ក ច​ន​សុន បាន​ព្យាយាម​ផ្លាស់ប្ដូរ​ចំណាប់​​អារម្មណ៍​ពី​រឿងអាស្រូវ​របស់លោក​ទៅ​ព្រឹត្តិការណ៍​អន្តរជាតិ​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​លោ​ក ច​ន​សុន ​បានចេញ​មុខជា​អ្នកគាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន ​យ៉ាងខ្លាំង ដោយ​បញ្ជា​ការបញ្ជូន​អាវុធ​ទំនើបៗ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន បង្កើន​ការដាក់​ពង្រាយ​ទាហាន​ទៅកាន់​សមាជិក​ណា​តូ​ ដែលមាន​ព្រំដែន​ជាមួយ​រុស្ស៊ី ហើយ​ធ្វើដំណើរ​ទស្សន​កិច្ច​ទៅកាន់​ក្រុង​កៀវ​ផងដែរ​។​

​យ៉ាងណាមិញ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ទម្លាក់​លោ​ក ច​ន​សុន ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី សមាជិក​បក្ស​អភិរក្សនិយម​ចំនួន ៥៤ ត្រូវតែ​ធ្វើការ​ស្នើឱ្យ​បោះឆ្នោត​បាត់បង់​ទំនុកចិត្ត​។ សមាជិក​បក្ស​ជាង ១០ នាក់​បាន​និយាយថា ពួកគេ​បានដាក់​សំណើ​នេះ ប៉ុន្តែ​ចំនួន​នេះ​អាច​ខ្ពស់ជាង​នេះ​ដោយសារ​ការដាក់សំណើ​ជា​ដំណើរការ​សម្ងាត់​។ ប្រសិនបើ​សំឡេង​ច្រើនជាង ៥០​ភាគរយ​នៃ​សមាជិក​អភិ​រក្ស​និយម​ទាំង ៣៦០ បោះ​ឆ្នោត​ថា ពួកគេ​បាន​បាត់​ទំនុកចិត្ត​លើ​លោ​ក ច​ន​សុន នោះ​លោក​នឹង​ធ្លាក់​ពី​តំណែង​នា​យក​រដ្ឋមន្ត្រី​៕