កម្មវិធី​ចារកម្ម Pegasus ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​ NSO Group បាន​បង្ក​ភាព​ចម្រូង​ចម្រាស​ជា​ថ្មី​ម្ដង​ទៀត​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា​ ប៉ូលិស​អ៊ីស្រាអែល​បាន​ប្រើប្រាស់​វា​ ដើម្បី​ធ្វើ​ការ​ឃ្លាំមើល​ប្រជាពលរដ្ឋ​របស់​ខ្លួន​រាប់​សិប​នាក់​ ដែល​រួមមាន​មន្ត្រី​ជាន់​ខ្ពស់​ និង​អ្នក​រៀប​ចំ​បាតុកម្ម​។

ការ​រាយការណ៍​នេះ​ គឺ​ជា​ការ​វិវឌ្ឍ​ចុង​ក្រោយ​បំផុត​ក្នុង​រឿង​អាស្រូវ​នៃ​ការ​ប្រើប្រាស់​ Pegasus ដោយ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ឃ្លាំ​មើល​សកម្មជន អ្នក​សារព័ត៌មាន​ និង​សូម្បី​តែ​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​។

NSO Group ត្រូវ​បាន​ស្ថាបនា​នៅ​ឆ្នាំ​ ២០១០ ហើយ​បាន​ពិពណ៌នា​ថា​ ខ្លួន​ជា​អ្នក​បង្កើត «បច្ចេកវិទ្យា ដែល​ជួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ទប់ស្កាត់ និង​ស៊ើប​អង្កេត​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ជុំវិញ​ពិភព​លោក​»​។

Pegasus គឺ​ជា​កម្មវិធី​ចារកម្ម​ដែល​អាច​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ដៃ និង​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន និង​ទីតាំង ហើយ​អាច​គ្រប់គ្រង​មីក្រូហ្វូន និង​កាមេរ៉ា​របស់​ទូរស័ព្ទ​ដោយ​មិន​ចាំ​បាច់​មាន​ចំណេះ​ដឹង ឬ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទូរស័ព្ទ​។ ព័ត៌មាន​មួយ​ចំនួន​ដែល Pegasus អាច​ចាប់​យក​រួម​មាន រូបថត កំណត់ ហេតុ​គេហទំព័រ ពាក្យសម្ងាត់ កំណត់​ហេតុ​ការ​ហៅ​ទូរស័ព្ទ ការ​ទាក់ទ​ងនិង​ការ​បង្ហោះ​ទៅ​កាន់​បណ្ដាញ​សង្គម​។ Pegasus មាន​សមត្ថភាព​លាក់​ខ្លួន​ និង​បិទ​បាំង​សកម្មភាព​របស់​វា​។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន​ ការ​ស៊ើបអង្កេត​ចេញ​ផ្សាយ​ដោយ​អង្គការ​សារព័ត៌មាន​ Forbidden Stories និង​អង្គការ​ Amnesty International បាន​រក​ឃើញ​ថា​ ចាប់​ពី​ឆ្នាំ​ ២០១៦ មក​មនុស្ស​ជាង​ ១០០០ នាក់​នៅ​ប្រទេស​ជាង​ ៥០ ត្រូវ​បាន​រង​ការ​ឃ្លាំ​មើល​ដោយ​អតិថិជន​របស់​ក្រុមហ៊ុន​ NSO​។ ក្នុង​នោះ​រួមមាន​អ្នក​សារព័ត៌មាន​ ១៨៩ នាក់​ អ្នកនយោបាយ និង​មន្ត្រី​រដ្ឋាភិបាល​ជាង ៦០០ នាក់ និង​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​ជាច្រើន​នាក់​ដែល​រួមមាន​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក​ស៊ីរីល រ៉ាម៉ាផូសា និង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន​ ខាន​។

កាល​ពី​ខែ​វិច្ឆិកា​ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​សម្រេច​ដាក់​ក្រុមហ៊ុន​ NSO ក្នុង​បញ្ជី​ខ្មៅ​អាមេរិក​។ក្រុមហ៊ុន​ទូរស័ព្ទ​ Apple បាន​ប្ដឹង​ NSO ចំពោះ​ការ​ជ្រៀតជ្រែក​ចូល​ទូរស័ព្ទ​ផលិត​ដោយ​ពួកគេ​ ហើយ​ក្រុមហ៊ុន​ Facebook ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ការ​ឃ្លាំមើល​អ្នក​ប្រើប្រាស់​កម្មវិធី​ WhatsAppផងដែរ​៕