នៅក្នុងបទបង្ហាញរយៈពេល ១ ម៉ោងកាលពីថ្ងៃទី ១ កុម្ភៈ ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក រ៉ូប៊ឺត ម៉ានេនដេស បានធ្វើការប្រកែកប្រឆាំងនឹងការស្តារកិច្ចព្រមព្រៀងអ៊ីរ៉ង់ ដោយនិយាយថា វិធានការបច្ចុប្បន្នគឺមិនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹង «កម្មវិធីនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និងកើនឡើងយ៉ាងឆាប់រហ័ស» របស់ក្រុងតេអេរ៉ង់។ លោកម៉ានេនដេសនិយាយថា៖ «នៅចំណុចនេះ យើងត្រូវសួរយ៉ាងម៉ឺងម៉ាត់ថា តើយើងកំពុងព្យាយាមសង្គ្រោះអ្វី?»។
នៅពេលដែលការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឈានចូលដល់ដំណាក់កាលចុងក្រោយ លោកម៉ានេនដេស គឺមិនមែនតែម្នាក់ឯងក្នុងការបញ្ចេញសំឡេងប្រឆាំងនឹងការស្ដារកិច្ចព្រមព្រៀងនេះទេ ទាំងសមាជិកគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានព្រមានលោកប្រធានាធិបតី ចូ បៃដិន ថា ពួកគេប្រឆាំងនឹងការធ្វើបែបនេះ។
អ្នកវិភាគមួយចំនួននិយាយថា ការកើនឡើងនៃការប្រឆាំងនេះ គឺជាសញ្ញាបង្ហាញថាការចរចាជិតទទួលបានកិច្ចព្រមព្រៀងថ្មី ហើយលោក បៃដិន នៅតែប្ដេជ្ញាដើរទៅមុខ បើទោះបីជាមានផលប៉ះពាល់នយោបាយទៅលើខ្លួនលោកក៏ដោយ។ ការប្រឆាំងនេះគឺមានលក្ខណៈស្រដៀងទៅនឹងការអនុម័តកិច្ចព្រមព្រៀងនេះលើកកាលពីឆ្នាំ ២០១៥។
ជុំទី៨ នៃកិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តនៅទីក្រុងវីយែនក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការផ្អាកដើម្បីអនុញ្ញាតឱ្យអ្នកការទូតវិលត្រឡប់ទៅរដ្ឋធានីរៀងៗ ខ្លួនសម្រាប់ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលពួកគេ។ លើកនេះការចរចាបានចាប់ផ្តើមឡើងវិញចំពេលមានសញ្ញាវិជ្ជមានមួយចំនួន។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានស្ដារឡើងវិញនូវការលើកលែងទណ្ឌកម្ម ដែលនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតធ្វើសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន ដែលជាជំហានមួយដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ចាំបាច់សម្រាប់នាំទីក្រុងតេអេរ៉ង់ឱ្យត្រឡប់ទៅអនុលោមតាមកិច្ចព្រមព្រៀងវិញ៕
វីដេអូ៖