ប្រទេសជប៉ុន បានបង្វែរការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួនមួយចំនួនទៅកាន់ទ្វីបអឺរ៉ុបវិញ ដើម្បីជួយរក្សាស្ថិរភាពថាមពលនៅទ្វីបនេះ ខណៈពេលដែលមានការព្រួយបារម្ភអំពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ក្នុងករណីដែលរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះ គឺត្រូវបានប្រកាសកាលពីថ្ងៃពុធ ទី ៩ កុម្ភៈ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុនលោក កូអ៊ីឈី ហាហ្គីដា ក្នុងការឆ្លើយតបនឹងសំណើរបស់សហរដ្ឋអាមេរិក។ នាវាដឹកជញ្ជូនជាច្រើនដែលនីមួយៗផ្ទុក LNG យ៉ាង តិច ៧០ ០០០ តោន កំពុងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបរួចទៅហើយដោយរំពឹងថា នឹងទៅដល់ទីនោះក្នុងអំឡុងពេលខែនេះ។
នាវាជាច្រើនទៀតនឹងធ្វើដំណើរទៅកាន់ទ្វីបនេះក្នុងខែមីនា និងមេសា។ ប៉ុន្តែអ្នកវិភាគថាមពលនិយាយថា ការចែកចាយនេះ ទំនងជាមិនជួយអ្វីច្រើនទេចំពោះសន្តិសុខថាមពលរបស់អឺរ៉ុប ដោយសារតែតម្រូវការថាមពលដ៏ធំរបស់ទ្វីបនេះ។
បើទោះបីជាកាលពីឆ្នាំមុនប្រទេសជប៉ុន គឺជាអ្នកនាំចូល LNG ធំបំផុតក្នុងពិភពលោកក៏ដោយ ក្រុមហ៊ុនថាមពល ទីផ្សារទំនិញ និងអ្នកផលិតអគ្គិសនីរបស់ជប៉ុនបានរក្សាស្តុកបម្រុង LNG គ្រប់គ្រាន់សម្រាប់តែប្រើប្រាស់រយៈពេល ២ ទៅ ៣ សប្ដាហ៍ប៉ុណ្ណោះ។ ការបំពេញសំណើរបស់អាមេរិកគឺត្រូវធ្វើក្រោមការព្រមព្រៀងថា ជប៉ុននឹងចាប់ផ្ដើមទាញយក LNG ពីស្តុកបម្រុងនេះ។
ស្ថានភាពនេះ បានបង្កើតឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុនថាមពលជប៉ុនដែលបានធ្វើការនាំចូលឧស្ម័នក្នុងតម្លៃថោកក្រោមកិច្ចសន្យារយៈពេលវែងគ្មានអ្នកទិញថេរដោយពួកគេអាចនាំចេញឧស្ម័នទាំងនេះទៅអឺរ៉ុបវិញក្នុងតម្លៃថ្លៃជាងពួកគេនាំចូល៕