​ការ​កាត់ផ្ដាច់​រំហូរ​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​អឺរ៉ុប គឺជា​វិធានការ​ឆ្លើយតប​ខ្លាំង​បំផុត​ដែល​រុស្ស៊ី​មាន​ក្នុង​ដៃ​ ប្រសិនបើ​លោកខាងលិច​ធ្វើការ​បន្តឹង​ទណ្ឌកម្ម​ជុំវិញ​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​ចំណុចខ្សោយ​របស់​សហភាព​អឺរ៉ុប​ចំពោះ​វិធានការ​ឆ្លើយតប​របស់​រុស្ស៊ី គឺ​មិន​ត្រឹម​តែមាន​ក្នុង​វិស័យ​ថាមពល​ទេ​។​

​អ្នកវិភាគ​មួយចំនួន​ព្រួយបារម្ភ​ថា​សហភាព​អឺរ៉ុប បាន​ត្រៀមខ្លួន​តិចជាង​រុស្ស៊ី​សេណារីយោ​អាក្រក់​បំផុត​។ ក្រុង​មូ​៉​ស្គូ​បាន​អនុវត្ត​គោលនយោបាយ​សំ​​ខាន់ៗ​មួយចំនួន​ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​បំប្លែង​ខ្លួន​ទៅជា​ «​បន្ទាយ​» ​ដែល​អាច​ទប់​ទល់នឹង​ការដាក់ទណ្ឌកម្ម​។​

​ចាប់តាំងពី​អ្នកផ្គត់ផ្គង់​បច្ចេកវិទ្យា​ និង​អ្នកផ្ដល់​ប្រាក់កម្ចី រហូតដល់​អ្នក​នាំ​​ចេញ​ទំនិញ និង​រោងចក្រ​ដែល​រំពឹង​យ៉ាងខ្លាំង​លើ​ការ​នាំចូល​វត្ថុធាតុដើម ការរំខាន​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹង​បង្កើន​សម្ពាធ​អតិផរណា​ទៅលើ​អឺរ៉ុប នឹង​បង្ក​ការទប់ស្កាត់​សកម្មភាព​យ៉ាង​ទូលំទូលាយ​ដល់​បណ្ដា​អាជីវកម្ម​របស់​ពួកគេ​។​

​កាលពី​សប្ដាហ៍​មុន ប្រធាន​ធនាគារ​​កណ្ដាល​អឺរ៉ុប​លោកស្រី​ គ្រីស្ទី​ន ឡា​ហ្កា​ដ ​បាន​និយាយថា​៖ «​ពពក​ភូមិសាស្ត្រ​នយោបាយ​ដែល​យើង​មាន​នៅលើ​ទ្វីប​​អឺរ៉ុប ប្រសិនបើ​ពួកវា​ក្លាយជា​ការពិត​ប្រាកដជា​មាន​ផលប៉ះពាល់​ដល់​តម្លៃ​ថាមពល ប៉ុន្តែ​ក៏​នឹង​ជះឥទ្ធិពល​ដល់​កំណើន​ផងដែរ​ដែលជា​លទ្ធផល​នៃ​ការ​​កាត់បន្ថយ​ប្រាក់ចំណូល និង​អាចជា​លទ្ធផល​នៃ​ការកាត់បន្ថយ​ការប្រើប្រាស់ និង​ការ​បង្វែរ​ការវិនិយោគ​»​។​

​រុស្ស៊ី​ គឺជា​អ្នកផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប​។ ប្រមាណ ៤០ ​ភាគរយ​នៃ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ និង​ជិត​ ១​ ភាគ​​ ៣ ​នៃ​ការ​នាំចូល​ប្រេង​ឆៅ​របស់​ប្លុក​នេះ គឺ​មកពី​ប្រទេស​រុស្ស៊ី​។​

​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កំពុង​ពិភាក្សា​ស្វែងរក​ប្រភព​ឧស្ម័ន​ថ្មី ប្រសិនបើ​រុស្ស៊ី​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឧស្ម័ន​។ ស្តុក​បម្រុង​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប​ គឺ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​តម្លៃ​ឧស្ម័ន​បាន​កើន​ដល់​កំណត់ត្រា​ខ្ពស់បំផុត ដែល​បង្កើន​ឥទ្ធិពល​របស់​រុស្ស៊ី​នៅ​អឺរ៉ុប​។​

​ក្នុងករណី​ដែល​សង្គ្រាម​ផ្ទុះឡើង អ្នក​​វិភាគ​ជាច្រើន​និយាយថា តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​អាច​កើន​ដល់​កម្រិត​មិន​ធ្លាប់​ឃើញ​ពីមុនមក​។ នៅពេលនោះ​សហភាព​​អឺរ៉ុប​នឹងត្រូវ​ធ្វើការ​សម្រេច​ដ៏​លំបាក​ក្នុងការ​ទប់ស្កាត់​តម្រូវការ​ឧស្សាហកម្ម និង​អ្នកប្រើប្រាស់ ដើម្បី​រួចផុត​ពី​ការ​​រំខាន​ទ្រង់ទ្រាយ​ធំ​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​រហូតដល់​រដូវ​ក្ដៅ​។

​ជាងនេះទៅទៀត ប្រទេស​ដូចជា​អាល្លឺម៉ង់ មាន​វិសាលភាព​តិចតួច​ក្នុង​ការប្ដូរ​ទៅ​ប្រភព​ថាមពល​ផ្សេងទៀត​ក្នុង​រយៈពេល​ខ្លី ដោយ​ពួកគេ​បាន​បំបាត់​ថាមពលនុយក្លេអ៊ែរ និង​ធ្យូងថ្ម​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​ប្រេង​អឺរ៉ុប​ដូចជា BP Total និង Shell អាច​ប្រឈមមុខ​នឹង​បាត់បង់​គម្រោង​បណ្ដាក់ទុន​រួមគ្នា​របស់​ពួកគេ​នៅក្នុង​ប្រទេស​រុស្ស៊ី ប្រសិនបើ​ការដាក់ទណ្ឌកម្ម​ថ្មី​ត្រូវបាន​ណែនាំ​។​

​បន្ថែម​ពីលើ​នេះ​ទៅទៀត​ប្រទេស​រុស្ស៊ី គឺជា​អ្នក​នាំចេញ​វត្ថុធាតុដើម​នាំ​​មុខ​គេ​សម្រាប់​សហភាព​អឺរ៉ុប​។ ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus គឺ​រំពឹង​យ៉ាងខ្លាំង​លើ​ការនាំ​ចូល​លោហៈ​ទី​តា​ញ៉ូ​ម​ពី​រុស្ស៊ី ហើយ​សូម្បីតែ​គូប្រជែង​របស់ខ្លួន​នៅ​អាមេរិក Boeing ក៏​រំពឹង​យ៉ាងខ្លាំង​លើ​ការនាំ​ចូល​លោហៈ​នេះ​ពី​រុស្ស៊ី​ផងដែរ​។ ក្រុមហ៊ុន Airbus បាន​និ​​យាយ​ថា ខ្លួន​នឹង «​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការដាក់ទណ្ឌកម្ម និង​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ការនាំចេញ​»៕

វីដេអូ៖