ប្រទេសមួយចំនួន បានជំរុញឱ្យពលរដ្ឋរបស់ពួកគេធ្វើការចាកចេញពីប្រទេសអ៊ុយក្រែន ចំពេលដែលមានការលើកឡើង ដោយលោកខាងលិចថា នឹងមានការឈ្លានពានពីរុស្ស៊ី នៅពេលឆាប់ៗនេះ។
អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្រាអែល ហូឡង់ ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គឺក្នុងចំណោមប្រទេសដែលបានជំរុញឱ្យពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែន។ កាណាដា បានផ្លាស់ទីបុគ្គលិកស្ថានទូតចេញពីរដ្ឋធានីកៀវ ទៅកាន់ក្រុងលឺវីវវិញ ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។
សហរដ្ឋអាមេរិក បានជម្លៀសបុគ្គលិកមិនចាំបាច់ចេញពីប្រទេសអ៊ុយក្រែន ហើយបានផ្អាកសេវាកម្មកុងស៊ុលត្រឹមថ្ងៃអាទិត្យ ប៉ុន្តែអាចរក្សា «វត្តមានកុងស៊ុលតូចមួយ» នៅក្រុងលឺវីវដើម្បី «ដើម្បីគ្រប់គ្រងស្ថានភាពអាសន្ន»។
សហរដ្ឋអាមេរិកក៏បានដកទ័ពប្រមាណ ១៥០នាក់ ដែលកំពុងហ្វឹកហាត់ទាហានអ៊ុយក្រែន ចេញពីប្រទេសនេះផងដែរ ដោយលើកឡើងថា ការធ្វើបែបនេះ គឺជាការប្រុងប្រយ័តរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM ក៏បានប្រកាសថា ពួកគេ បានបញ្ឈប់ជើងហោះហើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយការប្រកាសនេះបានចូលជាធរមានភ្លាមៗ។
រុស្ស៊ី ក៏បានធ្វើផ្លាស់ប្ដូរបុគ្គលិកនៅស្ថានទូតរបស់ពួកគេផងដែរ ដោយនិយាយថាការផ្លាស់បែបនេះគឺដើម្បីបង្កើនប្រសិទ្ធភាពការឆ្លើយតបនឹង «ការបង្កហេតុដោយរបបក្រុងកៀវ និងប្រទេសទី៣»។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថាការព្រមានរបស់លោកខាងលិចអំពីការឈ្លានពានដោយរុស្ស៊ី គឺគ្រាន់តែបង្កភាពស្លន់ស្លោប៉ុណ្ណោះ ហើយវាគឺ «ជាមិត្តល្អបំផុតរបស់សត្រូវ»។ លោកនិយាយថាលោកមិនទាន់បានឃើញភ័ស្តុតាង ពីក្រោយការអះអាងរបស់លោកខាងលិចថាការឈ្លានពាននឹងកើតឡើងឆាប់ៗនេះ៕