បន្ទាប់​ពី​បាន​ការ​សន្ទនាតាម​ទូរស័ព្ទ​ជាង១​ម៉ោង​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ចូ បៃដិន​ និង​ប្រធានាធិបតី​រុស្ស៊ី​ លោក​វ្ល៉ាឌីមៀរ​ ពូទីន​ បាន​បរាជ័យ​ក្នុង​ការ​ស្វែង​រក​របក​គំហើញ​ថ្មី​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​អ៊ុយក្រែន​។

ក្នុង​ការ​សន្ទនា​នេះ​ លោក​បៃដិន​បាន​ព្រមាន​ថា ​សេដ្ឋកិច្ច​រុស្ស៊ី​ នឹង​ប្រឈម​ផល​ប៉ះពាល់​ «យ៉ាង​ធ្ងន់ធ្ងរ» ប៉ុន្តែ​បើ​ទោះជា​លោក​បៃដិន​លើកឡើង​យ៉ាង​នេះ​ក៏​ដោយ សេតវិមាន​បាន​និយាយ​ថា​ លោក​ពូទីន​ គឺ​ដាច់​ខាត​មិន​ផ្លាស់​ប្ដូរ​ជំហរ​របស់​លោក​ទេ​។ កាល​ពី​ថ្ងៃ​សុក្រ​ មន្ត្រី​សហរដ្ឋអាមេរិក​មួយ​ចំនួន​បាន​ធ្វើ​ការ​អះអាង​ថា​រុស្ស៊ី ​នឹង​ធ្វើ​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន​នៅ​ពេល​ឆាប់ៗ​នេះ​។

មន្ត្រី​សេតវិមាន​១រូប​បាន​និយាយ​ថា​៖ «ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ទាំង​២​មាន​លក្ខណៈ​វិជ្ជាជីវៈ និង​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ ហើយ​មាន​រយៈពេល​ជាង​១ម៉ោង។ ប៉ុន្តែ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ជា​មូលដ្ឋាន​នៅ​ក្នុង​ថាមវន្ត​ដែល​បាន​លាតត្រដាង​ឥឡូវ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​»​។

លោក​យូរី អ៊ូសាកូវ​ ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់លោក​​ពូទីន បាន​និយាយ​ថា ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ «មាន​តុល្យភាព​ និង​លក្ខណៈ​វិជ្ជាជីវៈ​» ប៉ុន្តែ​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​អំពី «ភាព​ឆោឡោ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក» ក្នុង​ការ​អះអាង​ថា រុស្ស៊ី កំពុង​រៀប​ចំ​ផែន​ការ​ឈ្លាន​ពាន​អ៊ុយក្រែន ដែល​លោក​បាន​និយាយ​ថា «មិន​សម​ហេតុផល»​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​អ៊ូសាកូវ​ បាន​បន្ថែម​ទៀត​ថា ​លោក​ពូទីន​បាន​យល់ព្រម​ពិចារណា​យោបល់​របស់​លោក​បៃដិន​មួយ​ចំនួន​សម្រាប់​ការ​ដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​របស់​រុស្ស៊ី​។ ប៉ុន្តែ​​លោក​បាន​ត្អូញត្អែរ​ថា ​អ្នក​គាំទ្រ​របស់​អ៊ុយក្រែន​កំពុង​បង្កើន​ឱកាស​នៃ​ជម្លោះ​ដោយ​ចំហ​ដោយ​ការ​ផ្គត់ផ្គង់​អាវុធ​ទំនើបៗ និង​ធ្វើ​ទំនើបកម្ម​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន៕