លោក​ប្រធានាធិបតី​ វ្ល៉ា​ឌី​មៀរ ពូ​ទីន​ កំពុង​បង្ហាញ​សក្ដានុពល​យោធា និង​ការ​​ទូត​របស់​រុស្ស៊ី ក្នុងការ​ប្រឈមមុខ​ដា​ក់​គ្នា​យ៉ាង​តានតឹង​ជាមួយ​លោកខាងលិច និង​ជាការ​បញ្ចាំង​អំណាច​ក្នុង​ដំណើរការ​​ស្វែងរក​ឥទ្ធិពល​នៅលើ​ពិភពលោក​។ ប៉ុន្តែ​ករណី​ការចាប់ខ្លួន​ស្ត្រី​ជនជាតិ​ឆេ​ឆិ​ន​មាន​វ័យ ៥២​ ឆ្នាំ ១​ រូប ​នៅ​ចំ​កណ្ដាល​ប្រ​ទេស​រុស្ស៊ី បានបង្ហាញ​អំពី​បញ្ហា​ផ្ទៃក្នុង​ដ៏​គួរ​ឈឺក្បាល​មួយ​របស់​លោក ពូ​ទីន​។​

​ស្ត្រី​រូបនោះ​ឈ្មោះ​ ហ្សា​រេ​ម៉ា មូ​សា​យ៉េ​វ៉ា ត្រូវបាន​អូស​ចេញពី​គេហដ្ឋាន​របស់​អ្នក​ស្រី ហើយ​ដាក់​ក្នុង​រថយន្ត SUV ពណ៌​ខ្មៅ​​ ១ ​គ្រឿង បន្ទាប់ពី​បុរស ១ ​ក្រុម​​ ដែល​បាន​អះអាងថា​ ពួកគេ​ជា​ប៉ូលិស​បាន​ចូល​គេហដ្ឋាន​របស់​អ្នកស្រី ហើយ​វាយ​ប្ដី​របស់​អ្នកស្រី មានឈ្មោះ​ សេ​យ​ដា យ៉ាំង​ហ្គូ​ល​បា​យ៉េ​វ ដែលជា​អតីត​ចៅក្រម​នៅ​ខេត្ត​ឆេ​ឆ​នី​ផងដែរ​។​

​ក្រុម​ខាងលើ​បាន​និយាយថា ពួកគេ​ត្រូវ​​តែ​នាំខ្លួន​ប្ដី​ប្រពន្ធ​នេះ​ទៅ​ខេត្ត​ឆេ​ឆ​នី ចម្ងាយ​ប្រមាណ ១ ១០០​ គីឡូម៉ែត្រ​ពី​គេហដ្ឋាន​នោះ ដើម្បី​ធ្វើការ​បំភ្លឺ​ជា​សាក្សី​ក្នុង​សំណុំរឿង​ឆបោក​មួយ​។ ប៉ុន្តែ​ការចាប់ខ្លួន​របស់​អ្នកស្រី​មូ​សា​យ៉េ​វ៉ា ត្រូវបាន​មើលឃើញថា ជា​នុយ​ដើម្បី​ចាប់ខ្លួន​កូនប្រុស​២​នាក់​របស់​អ្នកស្រី​ដែលជា​សកម្មជន​រិះគន់​រដ្ឋាភិបាល​រដ្ឋ​ឆេ​ឆ​នី ដឹកនាំ​ដោយ​លោក ​រ៉ា​ម​ហ្សា​ន កា​ឌី​រ៉ូ​វ​។​

​ឥឡូវនេះ​ប្រមាណ​ជាង ​៣ ​សប្ដាហ៍​បន្ទាប់​រឿងនេះ​បានកើត​ឡើង លោក ​យ៉ាំង​ហ្គូ​ល​បា​យ៉េ​វ និង​កូនស្រី ​១ ​រូប​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​រុ​ស្សុី ហើយ​អ្នកស្រី​ មូ​សា​យ៉េ​វ៉ា បាន​រង​ការចោទប្រកាន់​ពីបទ​វាយ​ប៉ូលិស ប៉ុន្តែ​មេធាវី​តំណាង​អ្នកស្រី​បាន​និយាយ​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ អ្នកស្រី​មិនអាច​សូម្បីតែ​ដើរ​។ លោក​កា​ឌី​រ៉ូ​វ​បាន​ប្ដេជ្ញា​ថា នឹង «​ចាត់ការ​» គ្រួសារ​នេះ ដោយ​និយាយថា «​មាន​កន្លែង​រង់ចាំ​គ្រួសារ​យ៉ាំង​ហ្គូ​ល បា​យ៉េ​វ មិន​ថា​នៅក្នុង​គុក ឬ​នៅក្រោម​ដី​»​។​

​ករណី​ចុង​ក្រោយនេះ​បង្ហាញ​អំពី​ផល​​អវិជ្ជមាន​នៃ​កិច្ចព្រមព្រៀង​រវាង​លោក ពូ​ទីន និង​គ្រួសារ​កា​ឌី​រ៉ូ​វ បាន​អនុវត្ត​ការ​​គ្រប់គ្រង​ដោយ​ផ្ដាច់ការ លើ​តំបន់​ដ៏​ចលាចល​មួយ ដែល​ប្រជាជន​ភាគច្រើន​ជា​សាសនិក​មូស្លីម និង​មាន​ប្រវត្តិ​ចង់​ផ្ដាច់ខ្លួន​ពី​រុ​ស្សុី​។​

​លោក ​កា​ឌី​រ៉ូ​វ ផ្ដល់​ការគាំទ្រ​បោះឆ្នោត​យ៉ាងខ្លាំង​ដល់​លោក ពូ​ទីន ខណៈពេលដែល​លោក​ធ្វើការ​លុបបំបាត់​និន្នាការ​ផ្ដាច់ខ្លួន និង​ប្រឆាំង​ចេញពី​ប្រជាជន​ក្នុង​តំបន់​ក្រោម​ការគ្រប់គ្រង​របស់លោក​។ ជាការ​តបស្នង​មកវិញ​លោក​កា​ឌី​រ៉ូ​វ​ទទួល​រង្វាន់​ជា​កញ្ចប់​ថវិកា​ដ៏​ធំ​សន្ធឹកសន្ធាប់​មួយ​សម្រាប់​រដ្ឋាភិបាលរ​ប​ស់លោក និង​ទទួល​ខេត្ត​ឆេ​ឆ​នី ជា​ដែនដី​សក្ដិភូមិ​ផ្ទាល់ខ្លួន​របស់លោក​។​

​ប៉ុន្តែ​ការចាប់ខ្លួន​ជា​សាធារណៈ​បែបនេះ និង​ភាពស្ងាត់ស្ងៀម​របស់​ក្រុង​ម៉ូស្គូ​បង្ក​ផលប៉ះពាល់​ដល់​តុល្យភាព​នៃ​កិច្ច​ព្រម​​ព្រៀង​នេះ​។ សមាជិកគ្រួសារ​យ៉ាំង​ហ្គូ​ល​-​បា​យ៉េ​វ បាន​ថត​ការចាប់ខ្លួន​នេះ ហើយ​បង្ហោះ​វា​ស្ទើរតែ​ភ្លាមៗ​នៅលើ​បណ្ដាញ​​សង្គម​ធ្វើឱ្យ​ប្រជាជន​រុ​ស្សុី​មួយចំនួន​មានការ​រន្ធត់ ហើយ​រិះគន់​លោក ពូ​ទីន ​ចំពោះ​ការអនុញ្ញាតឱ្យ​លោក​ កា​ឌី​រ៉ូ​វ ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ សកម្មភាព​របស់​មេដឹកនាំ​ឆេ​ឆេន​រូបនេះ​បានក្លាយ​ជា​រឿង​ក្ដៅ​ជាងគេ​ក្នុង​បណ្ដាញសារព័ត៌មាន​រប​ស់​រុស្ស៊ី​។​

​រឿងនេះ​ទំនង​នឹង​មិនបាន​រារាំង​គោល​​នយោបាយ​ការបរទេស​លោក ពូ​ទីន ​ទាំង​​ស្រុង​ទេ ប៉ុន្តែ​វា​អាចជា​រឿង​បន្ថែម​ពីលើ​បញ្ហា​ក្នុងស្រុក​ដ៏​លំបាកៗ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ នេះ​មិនមែនជា​លើក​ទី​១ ​ទេ ​ដែល​កងកម្លាំង​ឆេ​ឆិ​ន បានធ្វើ​ប្រតិ​​ប​ត្តិ​ការ​នៅ​ខាងក្រៅ​តំបន់​របស់​ពួកគេ ភ្នាក់ងារ​របស់លោក ​កា​ឌី​រ៉ូ​វ ត្រូវបាន​គេ​សង្ស័យថា​បានធ្វើ​ឃាតកម្ម​នៅ​តំបន់​ដទៃទៀត​នៃ​ប្រទេស​រុស្ស៊ី និង​សូម្បីតែ​អឺរ៉ុប​ខាងលិច​ផងដែរ​។ ប៉ុន្តែ​ការចាប់ខ្លួន​របស់​អ្នកស្រី​មូ​សា​យ៉េ​វ៉ា នៅ​ក្រុង​នី​ហ្សី​នី​នូវ​​ហ្គោ​រូដ ដែលមាន​ចម្ងាយ​ត្រឹមតែ ៤២០ គីឡូម៉ែត្រ​ពី​ក្រុង​ម៉ូស្គូ បាន​បង្ហាញថា ភ្នាក់ងារ​លោក​កា​ឌី​រ៉ូ​វ គឺ​កំពុង​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​។​

​យ៉ាងណាមិញ​អ្នកស្រី មូ​សា​យ៉េ​វ៉ា បានធ្វើការ​ស្នើសុំ​នៅក្រៅ​ឃុំ​ទៅកាន់​តុលា​​ការ​កំពូល​ឆេ​ឆ​នី ដោយ​និយាយថា «​ខ្ញុំ​កំពុង​ស្លាប់​ដោយ​ស្ងប់ស្ងាត់​»​។ តែ​សំណើ​នេះ​ត្រូវបាន​ច្រានចោល​ទៅវិញ​។ អ្នក​​ស្រី​ប្រឈមមុខ​ការផ្ដន្ទាទោស​អតិបរមា​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ​១០ ​ឆ្នាំ​៕