​នៅ​ម្ខាង​នៃ​ព្រំដែន រុស្សី​-អ៊ុយ​ក្រែ​ន ទាហាន​រុស្ស៊ី​ច្រើនជាង ១០០ ០០០ ​នាក់ ​បាន​ប្រមូលផ្ដុំ ហើយ​នៅ​ម្ខាង​ទៀត​ជន​ស៊ីវិល​ស្ម័គ្រចិត្ត និង​ក្រុម​ទាហាន​បម្រុង​អ៊ុយ​ក្រែ​ន កំពុង​ហ្វឹកហាត់​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​ការ​​វាយប្រហារ​។​

​កន្លែង​នេះ​បាន​ក្លាយជា​ព្រំ​ដែន​ដ៏​តានតឹង​បំផុត​នៅក្នុង​ពិភពលោក ប៉ុន្តែ​កាលពី​ ៣០ ​ឆ្នាំមុន កន្លែង​នេះ​មិនមែនជា​តំបន់​ព្រំដែន​ទេ​។ ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត ដែល​ការរំលាយ​ប្រទេស​នេះ​កាលពី​ឆ្នាំ ១៩៩១ បានកំណត់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២​។​

​ក្រុង​កៀវ​បានប្រកាស​ឯក​រាជ្យ​ពី​សហភាពសូវៀត​នៅ​ខែសីហា ឆ្នាំ​ ១៩៩១​។ នៅ​ខែធ្នូ​ឆ្នាំ​នោះ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានរៀបចំ​ការ​ស្ទង់​ប្រជាមតិ​លើ​បញ្ហា​នេះ ហើយ​លទ្ធផល​បង្ហាញថា​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ​៩០ ភាគរយ ​បាន​គាំទ្រ​ការផ្ដាច់​ខ្លួន​ចេញពី​សហភាពសូវៀត​។​

​អ៊ុយ​ក្រែ​ន​មាន​ប្រជាជន​ច្រើនជាងគេ​ទី​២​ ក្នុង​សហភាពសូវៀត និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់បំផុត​សម្រាប់​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​យោធា ហើយ​ការដកខ្លួន​របស់​ប្រទេស​នេះ​ត្រូវបាន​អ្នកវិភាគ​ជាច្រើន​ចាត់ទុកថា ជា​ចំណុច​របត់​ចុងក្រោយ ដែល​បង្ក​ឱ្យ​ដួលរលំ​នៃ​សហភាពសូវៀត​។ បន្ទាប់ពី​ការប្រកាស​ឯករាជ្យ​រប​ស់អ៊ុយ​ក្រែ​ន សមាជិក​ដទៃទៀត​បាន​ធ្វើតាម​គំរូ​នេះ​។​

​នៅ​ថ្ងៃទី ១ ធ្នូ រុស្ស៊ី គឺ​នៅ​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី លោក​ បូរី​ស យែ​ល​ស៊ីន បាន​មានជំនឿថា អនាគត​របស់​រុ​ស្សុី គឺ​ការប្រកាស​ឯករាជ្យ​ពី​សហ​ភាព​ដែល​ដឹកនាំ​ដោយ​គូ​ប្រ​​ជែង​របស់លោក គឺ​លោ​ក មី​ខែល ហ្គោ​បា​ឆូវ​។ បន្ទាប់ពី​ចេញ​លទ្ធផល​ប្រជាមតិ​អ៊ុយ​ក្រែ​ន លោក​ យែ​ល​ស៊ីន បានប្រកាសថា រុស្ស៊ី​ទទួល​អ៊ុយ​ក្រែ​ន ជា​រដ្ឋ​ឯករាជ្យ​មួយ​។​

​អ្វីដែល​សំខាន់​នោះ គឺ​លោក​ យែ​ល​ស៊ីន ​បានប្រកាស​ទទួលស្គាល់​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន រួមទាំង​ឧបទ្វីប​គ្រី​មា ដែល​ត្រូវបាន​កាត់​ពី​រុស្ស​ឱ្យ​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ ១៩៥៤ ដោយ​មេដឹកនាំ​សូ​វៀត​លោក​ នី​គី​តា គ្រូ​ឆេវ ដើម្បី​ធានា​ភាព​ស្មោះ​ត្រង់​របស់​ក្រុង​កៀវ​។​

​លោក​ យែ​ល​ស៊ីន​ គិតថា ការ​​ប្រកាស​ទទួលស្គាល់​បែបនេះ នឹង​ជួយ​ព​ន្លឿ​ន​ការដួលរលំ​នៃ​សហភាពសូវៀត និង​ការ​​លាលែង​របស់លោក​ ហ្គ​របា​ឆូវ​។ រឿង​ទាំង​ ២​ នេះ បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។​

​លោក ​យែ​ល​ស៊ីន ​បាន​សង្ឃឹមថា បញ្ហា​ឧបទ្វីប​គ្រី​មា ដែលជា​ចំណុច​ដ៏​តានតឹង​មួយ​រវាង​ប្រជាជន​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន នឹងត្រូវ​បាន​ផ្អាក​មួយរយៈ​ បន្ទាប់ពី​ការដួលរលំ​នៃ​សហ​ភាព​សូ​វៀត ប៉ុន្តែ​ជម្លោះ​បាន​ផ្ទុះឡើង​ភ្លាមៗ​ជុំវិញ​កម្មសិទ្ធិ​នៃ​ក្រុម​នាវាចម្បាំង​របស់​កង​ទ័ពជើងទឹក​សូ​វៀត​ដែលមាន​មូលដ្ឋាន​នៅ​ទីនោះ​។​

​ចំណុច​ដ៏​តានតឹង​មួយទៀត​ក្រោយពី​ការដួលរលំ​នៃ​សហ​ភាព​សូ​វៀត​ គឺ​បញ្ហា​កម្មសិទ្ធិ​អាវុធ​នុយក្លេអ៊ែរ​។ អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​សហភាពសូវៀត គឺ​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​ដែនដី​ពួកគេ ប៉ុន្តែ​ភាគច្រើន គឺ​ដាក់ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​អ៊ុយ​ក្រែ​ន​ក្លាយខ្លួនជា​មហាអំណាច​នុយក្លេអ៊ែរ​ធំជាងគេ​ទី​៣ បន្ទាប់ពី​ការ​ដួល​​រលំ​នៃ​សហភាពសូវៀត​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត បាន​ឈានដល់​អនុស្សរណៈ​ក្រុង​ប៊ុ​យ​ដា​ប៉ែស​ ឆ្នាំ ​១៩៩៤ ដែល​ក្នុងនោះ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ ហើយ​ធ្វើការ​​បញ្ជូនទៅ​ប្រទេស​រុស្ស៊ី ដើម្បី​ធ្វើការ​កម្ទេច​។ ជា​ថ្នូរ​មកវិញ សហរដ្ឋអាមេរិក អង់គ្លេស និង​រុស្ស៊ី​បាន​សន្យាថា ​នឹង «​គោរព​ឯករាជភាព និង​អធិបតេយ្យ​ភាព និង​ព្រំដែន​ដែលមាន​ស្រាប់​របស់​អ៊ុយ​ក្រែ​ន​» និង «​ចៀសវាង​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង​ប្រឆាំងនឹង​បូរណភាព​ទឹកដី​ ឬឯករាជភាពនយោបាយរបស់ពួកគេ»។ ទីក្រុងម៉ូស្គូ បានរំលោភលើការសន្យានេះ នៅពេលដែលខ្លួនបានកាត់យក​ឧបទ្វីប​គ្រី​មា​។​

​នៅ​ឆ្នាំ ​២០០៤ ទំនាក់ទំនង​បាន​ធ្លាក់​ដល់​ចំណុច​ទាប​មួយកម្រិត​ទៀត​។ ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់សែន​នាក់​បានធ្វើ​បាតុកម្ម​ប្រឆាំង​អ្វីដែល​ពួកគេ​គិត​ជាការ​​ក្លែងបន្លំ​លទ្ធផល​បោះឆ្នោត​ ដើម្បី​ផ្ដល់​ជ័យជម្នះ​ឱ្យ​បេក្ខជន​គាំទ្រ​ដោយ​រុ​ស្សុី​។​

​កាលនោះ​ការស្ទង់មតិ​អ្នកបោះឆ្នោត​នៅ​មណ្ឌល​នានា​បាន​បង្ហាញថា បេ​ក្ខជន​លម្អៀង ទៅ​លោកខាងលិច គឺ​លោក​វិក​ទ័​រ យូ​ស​ឆេន​កូ បានទទួល​ជ័យជម្នះ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បានប្រកាស ជ័យជម្នះ​ឱ្យ​លោក ​វិក​ទ័​រ យ៉ា​នូ​កូ​វិច​ ដែលជា​អតីត​អភិបាល​តំបន់​ដូ​ណេ​ត​ស្ក៍ និង​ជា​បេក្ខជន​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ​។​

​បាតុករ ដែល​ប្រើប្រាស់​ពណ៌​ទឹកក្រូច​របស់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ យូ​ស​ឆេន​កូ បានធ្វើ​បាតុកម្ម​រហូត​ដល់​រដូវរងា​។ ក្រោម​សម្ពាធ​នៃ​ការ​បាតុកម្ម​នេះ ប្រទេស​អ៊ុយ​ក្រែ​ន ​បានរៀបចំ​ការបោះឆ្នោត​ម្ដងទៀត ដោយ​លោក​យូ​ស​ឆេន​កូ​បានទទួល​ជ័យជម្នះ​។​

​ក្រុង​ម៉ូស្គូ បាន​និយាយថា «​បដិវត្តន៍​ពណ៌​ទឹកក្រូច​» ​នេះ គឺជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការ​របស់​ភ្នាក់ងារ​ចារកម្ម​បរទេស ហើយ​គឺជា​ហាត់​សម​សម្រាប់​ការផ្លាស់ប្ដូរ​របប​ដឹកនាំ​រុស្ស៊ី​។​

​ក្រោម​ការដឹកនាំ​នៃ​មេដឹកនាំ​ថ្មី​នេះ ប្រទេស​អ៊ុយ​ក្រែ​ន​​ បានធ្វើការ​បង្វែរ​ទៅរក​លោកខាងលិច ហើយ​នៅ​ឆ្នាំ ២០០៨ បាន​ព្យាយាម​ចាប់ផ្ដើម​ដំណើរ​​ការចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​លោកខាងលិច​ណា​តូ (NATO)​។​

​នៅត្រឹម​ពេលនោះ​ប្រទេស​អតីត​​សមាជិក ឬ​សម្ព័ន្ធមិត្ត​របស់​សហភាព​​សូ​វៀត ដែល​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ណា​តូ​បន្ទាប់ពី​ការដួលរលំ រួមមាន​ប្រទេស​ប៉ូឡូញ លី​ទុយ​អា​នី ឡេ​តូ​នី អេ​ស្តូ​នី រូ​ម៉ា​នី និង​ប៊ុលហ្គារី ហើយ​ប្រទេស​ហ្ស​ក​ហ្ស៊ី​ គឺ​កំពុង​ចាប់ផ្ដើម​ដំណើរការ​ដូច​អ៊ុយ​ក្រែ​ន​ផងដែរ​។

​ក្រុង​មូ​៉​ស្គូ​បាន​មើលឃើញ​ការពង្រីក​សមាជិកភាព​នេះ​ថា​ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឡោមព័ទ្ធ​ប្រទេស​រុ​ស្សុី ហើយ​បាន​គំរាម​ធ្វើការ​ឆ្លើយតប​យ៉ាងខ្លាំង​។​

​ជា​លទ្ធផល​សមាជិក​ណា​តូ​មួយចំនួន​បាន​ព្យាយាម​ផ្អាក​ការទទួល​សមាជិកភាព​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហ្ស​ក​ហ្ស៊ី​មួយរយៈ​សិន ប៉ុន្តែ​បានធ្វើការ​សន្យាថា​នៅពេល​អនាគត​ប្រទេស​ទាំង​ ២​ នឹង​ចូល​ជា​សមាជិក​បាន​។​

​នៅ​ខែសីហា ឆ្នាំ​នោះ​រុ​ស្សុី​បានធ្វើការ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ក្នុងប្រទេស​ហ្ស​ក​ហ្ស៊ី ហើយ​ជួយ​ដំណើរការ​ផ្ដាច់ខ្លួន​តំបន់​ចំនួន​ ២ ដែល​នេះ​បាន​បង្កើត​ជម្លោះ​មួយ ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ហ្ស​ក​ហ្ស៊ី​មិន​ក្លាយជា​សមាជិក​ណា​តូ​បាន​។​

​នៅ​ឆ្នាំ ​២០១០ លោក​យ៉ា​នូ​កូ​វិច ដែល​ចាញ់ឆ្នោត​កាលពី​ឆ្នាំ​ ២០០៤ បាន​ក្លាយជា​ប្រធានាធិបតី​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​បញ្ឈប់​ដំណើរ​​ការ​សមាជិកភាព​អង្គការ​ណា​តូ​។​

​ឈាន​មកដល់​ឆ្នាំ​ ២០១៣ អ៊ុយ​ក្រែ​នមានឱកាស​ចូលរួម​សហជីព​​គយ​ជាមួយ​សហភាព​អឺរ៉ុប ដែលមាន​ការគាំទ្រ​យ៉ាងខ្លាំង​ដោយ​ប្រជា​ជន​អ៊ុយ​ក្រែ​ន​នៅ​ខាងលិច​ប្រទេស​។

​ប៉ុន្តែ​ប្រជាជន​នៅ​ខាងកើត​ប្រទេស​ពេញចិត្ត​សហជីព​គយ​ជាមួយ​រុស្ស៊ី​វិញ​។ កាលនោះ​រុ​ស្សុី កំពុង​ផ្សព្វ​ផ្សាយ​សហជីព​របស់​ពួកគេ ដោយមានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា អ៊ុយ​ក្រែ​ន​នឹងចូលរួម​ជាមួយ​សហ​​ភាព​អឺរ៉ុប​។​

​នៅ​នាទីចុងក្រោយ​លោក​ យ៉ា​នូ​កូ​វិច ​បាន​ដកខ្លួន​ពី​ការចរចា​ជាមួយ​សហ​ភាព​អឺរ៉ុប ហើយ​មក​ចូលរួម​ជាមួយ​រុស្ស៊ី​វិញ​។ ការវិល​បក​ក្រោយ​បែបនេះ​បាន​បង្កឱ្យមាន​កំហឹង​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ែក​ខាងលិច ដែល​ឈានដល់​បាតុកម្ម​ទម្លាក់​លោក​យ៉ា​នូ​កូ​វិច​ចេញពី​តំណែង​កាលពី​ឆ្នាំ ​២០១៤​។​

​តិចជាង​ ១ ​សប្ដាហ៍ ​បន្ទាប់ពី​ការ​​ទម្លាក់​លោក​យ៉ា​នូ​កូ​វិច ទាហាន​ពាក់​ឯកសណ្ឋាន​ពណ៌​បៃតង ដែល​គ្មាន​ស្លាក​សញ្ញា​បញ្ជាក់​អត្តសញ្ញាណ ឬ​សញ្ជាតិ បាន​ចូល​កាន់កាប់​វិមាន​សភា​របស់​ឧបទ្វីប​គ្រី​មា​ហើយ​បិទផ្លូវ​ចេញចូល​ពី​អ៊ុយ​ក្រែ​ន​។ ពួកគេ​បានរៀបចំ​ការ​ស្ទង់​ប្រជាមតិ​ប្រជាពលរដ្ឋ​គ្រី​មា ហើយ​លទ្ធផល​បានសម្រេច​ថា ពួកគេ​នឹងចូលរួម​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​ស្របពេល​ជាមួយគ្នានេះ​ក្រុម​ផ្ដាច់ខ្លួន​និយម​នៅ​ភាគ​ខាងកើត​បាន​ចាប់​​ផ្ដើម​រើបម្រះ ប្រឆាំង​ក្រុង​កៀវ ដើម្បី​ផ្ដាច់ខ្លួន​ចូលរួម​ជាមួយនឹង​រុស្ស៊ី​។ សង្គ្រាម​ផ្ដាច់ខ្លួន​នេះ បាន​បង្ក​ឱ្យ​មនុស្ស​ជាង ១៤ ០០០​ នាក់​បាន​ស្លាប់​ផងដែរ​។​

​ការប្រយុទ្ធ​គ្នា​បាន​ថយចុះ បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​ចំនួន​ ២ នៅ​ឆ្នាំ ២០១៤ និង ២០១៥ ក្រោម​ការ​សម្រប​​សម្រួល​របស់​អាល្លឺម៉ង់ និង​បារាំង​។

​កាលពី​ឆ្នាំ​ ២០១៩ លោក​ វ៉ុល​​ឌី​មៀរ ហ្សេ​លេន​ស្គី បានទទួល​ជ័យ​​ជម្នះ​ការបោះឆ្នោត​ប្រធានាធិបតី​។ ក្រោម​ការដឹកនាំ​របស់​លោក ការ​​ដោះដូរ​ឈ្លើយសឹក​បានកើត​ឡើងជា​​ច្រើនដង ប៉ុន្តែ​ក្រៅពីនេះ​ទំនាក់ទំនង​គឺ​កាន់តែ​ជូរចត់​បន្ថែមទៀត​៕