ទីប្រឹក្សា​ពិសេស​កិច្ច​ការ​លីប៊ី​របស់​អង្គការ​សហប្រជាជាតិ​ បាន​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​ប្រទេស​លីប៊ី​ និង​អ្នក​ស្នង​តំណែង​ពី​លោក​ ដែល​តែងតាំង​ដោយ​សភា​ប្រទេស​នេះ​ឱ្យ​ «រក្សា​ភាព​ស្ងប់​ និង​ស្ថិរភាព» ហើយ​និយាយ​ថា​ ការ​បោះឆ្នោត​គួរ​តែ​រៀប​ចំ​ឱ្យ​ឆាប់​បំផុត​ ខណៈ​វិបត្តិ​ស្នង​តំណែង​ កើត​ឡើង​នៅក្នុង​​ប្រទេស​នេះ​។

លោក​អាប់ឌុល ហាមីដ ឌីប៊ីបា​ នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ (GNU) ដែល​ទទួល​ស្គាល់ដោយ​ UN បាន​និយាយ​ថា ​លោក​នឹង​ធ្វើ​ការ​ផ្ទេរ​អំណាច​លុះត្រាតែ​មាន​ការ​បោះឆ្នោត​ ហើយ​បាន​ច្រានចោល​ការ​សម្រេច​របស់​សភា​លីប៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ​តែងតាំង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ហ្វាទី បាសាហ្គា​ ជា​អ្នក​ស្នង​តំណែង​ពី​លោក​។

ដើមឡើយ​ប្រទេស​លីប៊ី​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ និង​សភា​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ម្ល៉េះ​ ប៉ុន្តែ​ជម្លោះ​រវាង​ ក្រុម​នយោបាយ​ និង​ស្ថាប័ន​រដ្ឋ​នានា​ ជុំវិញ​របៀប​នៃ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​ធ្វើ​ឱ្យ​មាន​ការ​លុប​ចោល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ត្រូវ​ចាប់​ផ្ដើម​។

ទីប្រឹក្សា​ពិសេស​អង្គការ​សហប្រជាជាតិ​លោកស្រី​ស្ដេហ្វានី វីលៀម​ បាន​រៀប​ចំ​ប្រជុំ​ដាច់​ដោយឡែក​ជា​មួយ​លោក​ឌីប៊ីបា និង​លោក​បាសាហ្គា​។ លោក​ស្រី​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «ខ្ញុំ​បាន​រំលឹក​ឡើង​វិញ​អំពី​សារៈសំខាន់​សម្រាប់​តួអង្គ និង​ស្ថាប័ន​ទាំង​អស់​ក្នុង​ការ​ធ្វើ​ការ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​រក្សា​ភាព​ស្ងប់​នៅ​លើ​មូលដ្ឋាន ដើម្បី​ផលប្រយោជន៍​នៃ​ឯកភាព និង​ស្ថិរភាព​របស់​ប្រទេស​លីប៊ី​។​

យ៉ាង​ណា​មិញ​ប្រទេស​លីប៊ី ​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ការ​បះបោរ​គាំទ្រ​ដោយ​អង្គការ​ណាតូ​បាន​ទម្លាក់​មេដឹកនាំ​មូអាម៉ា កាដាហ្វី​ ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ​ ២០១១​ ដោយ​មាន​រដ្ឋាភិបាល​ពីរ​នៅ​ខាង​កើត​ និង​ខាង​លិច​ ប្រជែង​គ្នា​ដណ្ដើម​ការ​គ្រប់គ្រង​ប្រទេស​ ដែល​រដ្ឋាភិបាល​នីមួយៗ​មាន​កម្លាំង​យោធា​រៀងៗ​ខ្លួន​ និង​គាំទ្រ​ដោយ​អំណាច​បរទេស​ផ្សេង​ៗ​គ្នា​។ ការ​សម្រេច​របស់​សភា​លីប៊ី​កាល​ពី​សប្ដាហ៍​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​សង្គ្រាម​នឹង​កើត​ឡើង​ម្ដង​ទៀត​៕