អធិការបតី​អាល្លឺម៉ង់​លោក ​អូឡាហ្វ សូល​ នឹង​ព្យាយាម​រារាំង​ប្រទេស​រុស្ស៊ី ​កុំ​ឱ្យ​ធ្វើ​ការ​ឈ្លាន ពាន​ប្រទេស​អ៊ុយក្រែន​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុង​កៀវ និង​ក្រុង​ម៉ូ​ស្គូ​ ខណៈ​ពេល​សហ​រដ្ឋ​​អាមេរិក​ព្រមាន​ថា ​ការ​ឈ្លានពាន​អាច​កើត​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ​។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​សូល​ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ដក​មន្ត្រី​ការទូត​ និង​យោធា​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ ហើយ​ជំរុញ​ឱ្យ​ពលរដ្ឋ​ពួកគេ​ឱ្យ​ចាកចេញ​ឱ្យ​បាន​ឆាប់​បំផុត​។ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​មួយ​ចំនួន​ ក៏​បាន​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ទទួល​ជន​ភៀស​ខ្លួន​ ក្នុង​ករណី​មាន​ការ​ផ្ទុះ​ជម្លោះ​ប្រដាប់​អាវុធ​។

លោក​សូល​ នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​កៀវ​នៅ​ថ្ងៃ​ចន្ទ មុន​នឹង​បន្ត​ដំណើរ​ទៅ​ក្រុង​ម៉ូ​ស្គូ​នៅ​ថ្ងៃ​អង្គារ​។

នៅ​ក្រុង​ម៉ូ​ស្គូ ​លោក ​សូល​ និង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ ​លោក ​វ្ល៉ាឌីមៀរ ពូទីន​ ដោយ​ក្នុង​នោះ​មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​ និយាយ​ថា ​លោក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ការ​ជំរុញ​ឱ្យ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​ធ្វើ​ការ​ព្រមាន​ដូច​មេដឹកនាំ​លោក​ខាង​លិច​ដទៃ​ទៀត​ អំពី​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​។

ទីប្រឹក្សា​របស់​លោក​ សូល​ បាន​និយាយ​ថា​លោក​នៅ​មិន​ទាន់​បោះបង់​ចោល​ដំណោះស្រាយ​ការ​ទូត​ទេ​ ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​បន្ថយ​​ការ​រំពឹង​ទុក​នៃ​របក​គំហើញ​ថ្មី​ក្នុង​ការ​ពិភាក្សា​៕