​ស្នូរ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​នបាន​ប្រែប្រួល​កាលពី​ថ្ងៃ​ចន្ទ ទី ​១៤ កុម្ភៈ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​រុស្ស៊ីបាន​និយាយថា លោក​គាំទ្រ​ការចរចា​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ការ​​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​លោកខាងលិច ហើយ​ប្រ​ធា​នា​ធិបតី​អ៊ុយ​ក្រែ​ន បានបង្ហាញ​តម្រុយ​ថា ពួកគេ​អាចធ្វើ​ការ​​លះបង់ ដើម្បី​ចៀសវាង​សង្គ្រាម នេះ​បើទោះបីជា​រុស្ស៊ីបន្ត​ការ​​ប្រមូលផ្ដុំ​នាវាចម្បាំង​នៅ​សមុទ្រ ខ្មៅ​ជិត​ឆ្នេរ​របស់​ប្រទេស​អ៊ុយ​​ក្រែ​ន​។​

​នៅក្នុង​កិច្ចប្រជុំ​ចាក់ផ្សាយ​លើ​ទូរទស្សន៍​រដ្ឋ វិមាន​ក្រឹមឡាំងបាន​បញ្ជូន​សញ្ញា​ខ្លាំង​​បំផុត​របស់ខ្លួន​ថា ខ្លួន​នឹង​ស្វែង​​រក​ការចរចា​បន្ថែមទៀត​ជាមួយ​លោកខាងលិច ជាជាង​ចាប់​ផ្តើម​សកម្មភាព​យោធា​ភ្លាមៗ​។ ក្នុង​កិច្ចប្រជុំ​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្សី​លោក​ ស៊ើ​ហ្គេ​យ៍ ​ឡាវ​រ៉ូ​វ ​បាន​ប្រាប់​លោក​ប្រ​ធា​​នា​ធិបតី ​វ្ល៉ា​ឌី​មៀរ ពូ​ទីន ​ថា ឥឡូវ​នៅតែមាន​ផ្លូវ​ការទូត​នៅខាងមុខ​។

ប៉ុន្មាន​នាទី​ក្រោយមក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក ​ស៊ើ​ហ្គេ​យ៍ ស៊ូ​ហ្គូ បាន​ប្រាប់​លោក ពូ​ទីន ថា​៖ «​ការធ្វើ​សមយុទ្ធ​ខ្នាត​ធំ​» នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​គឺ​កំពុង​ជិត​ចប់​ហើយ​។​

«​ខ្ញុំ​ជឿថា លទ្ធភាព​របស់​យើង​ គឺ​នៅ​ឆ្ងាយ​ណាស់​ពី​ការ​​អស់ជម្រើស​» លោក ​ឡាវ​រ៉ូ​វ ​និយាយ​បែបនេះ​អំពី​ការចរចា​ជាមួយ​លោកខាងលិច ហើយ​បន្តទៀតថា​៖ «​ខ្ញុំ​នឹង​ស្នើឱ្យ​បន្ត និង​ពង្រឹង​ពួកវា​»​។ លោក ពូ​ទីន ​បាន​ឆ្លើយ​ដោយ​ខ្លី​ថា​៖ «​ល្អ​»​។​

​នេះ​គឺ​សញ្ញា​មួយ​ដែល​បង្ហាញថា វិមាន​ក្រឹម​ឡាំង គឺ​នៅមាន​ការរំពឹងទុក​ថា ការប្រមូលផ្ដុំ​ទាហាន ដាក់​សម្ពាធ​គ្រប់​គ្រាន់​សម្រាប់​សម្រេចបាន​នៅ​គោលដៅ​សំខាន់ៗ​របស់ខ្លួន ដោយ​មិនចាំបាច់​ធ្វើ​សកម្មភាព​យោធា​។​

​សេណារីយោ​នេះ​ត្រូវបាន​ពង្រឹង​នៅពេលដែល​ប្រ​ធា​នា​ធិបតី​អ៊ុយ​ក្រែ​ន​លោក ​វ៉ុ​លូ​ឌី​មៀរ ហ្សេ​លេន​ស្គី បានឱ្យ​តម្រុយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន ​អាច​បោះបង់​គោលបំណងរ​បស់​ពួកគេ​ក្នុងការ​ចូលរួម​ជា​សមាជិក​ក្នុង​សម្ព័ន្ធភាព​យោ​ធា​លោកខាងលិច​ណា​តូ ដែល​នេះ​នឹង​បំពេញ​ការទាមទារ​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ ហ្សេ​លេន​ស្គី បាន​និយាយថា ការ​សង្កត់ធ្ងន់​លើ​ការចូលរួម​ជា​សមាជិក​នៃ​អង្គការ​ណា​តូ គឺ​ដើម្បី​សន្តិសុខ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​គោលដៅ​នេះ​ត្រូវបាន​ចារ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។ ប៉ុន្តែ​លោក​បានទទួល​ស្គាល់​ស្ថានភាព​ដ៏​លំបាក​ដែល​ប្រ​ទេស​អ៊ុយ​ក្រែ​ន ​កំពុង​ប្រឈម ដោយមាន​ទាហាន​រុស្ស៊ី​ជាង ១០០ ០០០ នាក់​នៅ​ខាងកើត​ប្រទេស ហើយ​ដៃគូ​ដូចជា​អាមេរិក​បដិសេធ​មិន​បញ្ជូនទាហាន ដើម្បី​ទប់ទល់​នឹង​ការ​​ឈ្លានពាន​។​

«​តើ​អ៊ុយ​ក្រែ​ន​គួរ​ដើរ​លើផ្លូវ​នោះ​ប៉ុន្មាន​ទៀត​?» លោក​ ហ្សេ​លេន​ស្គី ​និយាយ​អំពី​ដំណើរការ​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន ហើយ​បន្ថែមទៀតថា «​តើន​រណា​នឹង​គាំទ្រ​យើង​?»​។ លោក​លើកឡើងថា ​ការរំពឹង​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការចូលរួម​អង្គការ​ណា​តូ​គឺ «​ដូចជា​សុបិន​»​។​

​ការលើកឡើង​របស់ ​ហ្សេលេន​ស្គី បាន​បង្ហាញថា យុទ្ធ​សាស្ត្រ​ផ្គួប​ការចរចាជាមួយនឹង​សម្ពាធ​យោធា​កំពុងមាន​ប្រសិទ្ធភាព​។ លោក ​ឡាវ​រ៉ូ​វ ​បាន​ប្រាប់​លោក ពូ​ទីន ថា​៖ «​គំនិត​ផ្ដួចផ្ដើម​របស់​យើង បាន​អង្រួន​សហសេវិក​លោកខាងលិច​របស់​យើង ហើយ​បាន​ក្លាយជា​ហេតុផល​ដែល​ពួកគេ​មិនអាច​ព្រងើយកន្តើយ​នឹង​ការទាមទារ​ពីមុន​របស់​យើង​បាន​ទៀត​ទេ​»​។​

​យ៉ាងណាមិញ សហរដ្ឋអាមេរិក បាន​ព្យាយាម​បន្ទាប​ការរំពឹងទុក​លើ​ដំណោះស្រាយ​ការទូត​បន្ទាប់ពី​ការលើកឡើង​របស់លោក​ ឡាវ​រ៉ូ​វ​។ អ្នក​នាំ​​ពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​កលោក​ ណេ​ដ ប្រាយ​ស៍ បាន​និយាយថា សម្តី​របស់លោក​ ឡាវ​រ៉ូ​វ គឺ​ផ្ទុយ​ពីស​កម្ម​ភាព​របស់​យោធា​រុស្ស៊ី។​

​លោក​ ប្រា​យស៍ និយាយថា​៖ «​យើង​បានកត់សម្គាល់​ពី​យោ​ប​ល់​របស់គាត់​។ អ្វីដែល​យើង​មិនបាន​កត់សម្គាល់​នោះ គឺជា​ការបង្ហាញ​ពី​ការបន្ថយ​ការកើនឡើង​។ យើង​មិន​បានឃើញ​សញ្ញា​ជាក់ស្តែង​ណាមួយ​នៃ​ការបន្ថយ​ការកើនឡើង​នោះទេ​»៕

វីដេអូ៖