កាល​ពី​ថ្ងៃ​ចន្ទ ទី ​១៤ កុម្ភៈ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ អាន់តូនី ប្ល៊ី​ន​ខែន​ បាន​ប្រកាស​ថា​សហរដ្ឋអាមេរិក​នឹង​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​កៀវ រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន​ ហើយ​បុគ្គលិក​ការទូត​មួយ​ចំនួន​តូច​ដែល​នៅ​សេសសល់​ នឹង​ត្រូវ ​«ផ្លាស់​ទី​ជា​បណ្ដោះ​អាសន្ន»​ ទៅ​កាន់​ទីក្រុង​លឺវីវ​ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន​ «ដោយ​សារ​តែ​ការ​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​នៃ​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្ស៊ី​» នៅ​ជិត​ព្រំដែន​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​លោក​ប្លីនខែន​បាន​និយាយ​ថា​៖ «ខ្ញុំ​បាន​បញ្ជា​ឱ្យ​ចាត់​វិធានការ​ទាំង​នេះ​សម្រាប់​ហេតុផល​មួយ សុវត្ថិភាព​របស់​បុគ្គលិក​យើង​ ហើយ​យើង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អ៊ុយក្រែន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ជា​បន្ទាន់​»​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​អាមេរិក​បាន​ដក​មន្ត្រី​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​អស់​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ ហើយ​ប្រកាស​បិទ​សេវា​កុងស៊ុល​ត្រឹម​ថ្ងៃ​អាទិត្យ​ ខណៈ​ពេល​ដែល​ពួកគេ​អះអាង​ថា​ ការ​វាយ​ប្រហារ​ដោយ​រុស្ស៊ី​ ​អាច​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់ៗ​នេះ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​ណេដ ប្រាយស៍​ បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​ផ្លាស់​ទី​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​ក្រសួង​ការបរទេស​មាន​អារម្មណ៍​ថា​វា​«ពិត​ជា​ចាំ​បាច់» ដោយ​សារ​តែ «លទ្ធភាព​ ប្រហែល​ជា​ពិត​ប្រាកដ​ជាង​ពេល​មុន ដែល​រុស្ស៊ី​អាច​សម្រេច​ចិត្ត​បន្ត​សកម្មភាព​យោធា»​។

មន្ត្រី​ជាន់​ខ្ពស់​១​រូប​ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ស្ថានទូត​នៅ​ក្រុង​កៀវ​ បាន​ចាប់​ផ្ដើម​ការ​កម្ទេច​ឯកសារ​សម្ងាត់​រួច​ហើយ​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ករណី​ដែល​ក្រសួង​ការបរទេស​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់​ទី​ពួកគេ​៕