កាលពី​ថ្ងៃ​អង្គារ ទី ​១៥ កុម្ភៈ គេហទំព័រ​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន និង​កម្មវិធី​ទូទាត់​ប្រាក់​របស់​ធនាគារ​ចំនួន​ ២​ បាន​ជួបប្រទះ​បញ្ហា ខណៈពេលដែល​អាជ្ញាធរ​សន្តិសុខ​សារគមនាគមន៍​របស់​ប្រទេស​នេះ​ ហាក់ដូចជា​ចោទប្រកាន់​រុ​ស្សុី​ថា នៅ​ពីក្រោយ​បញ្ហា​ទាំងនេះ​។​

​សារ​មួយ​នៅលើ​ទំព័រ​ដើម​នៃ​គេហទំព័រ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានសរសេរថា គេហទំព័រ​នេះ​កំពុងស្ថិត​ក្រោម​ការជួសជុល​។ ក្រសួង​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter ថា គេហទំព័រ​របស់ខ្លួន គឺ​ទំនង​រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត ហើយ​ពួកគេ​គឺ​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បី​ស្ដារ​ដំណើរការឡើង​​វិញ​។​

​ធនាគារ Oshadbank បាន​រាយការណ៍​ថា ខ្លួន​ក៏បាន​រង​ការ​​វាយប្រហារ​ផងដែរ ដែល​បានធ្វើឱ្យ​ប្រព័ន្ធ​របស់ខ្លួន​មាន​ល្បឿន​យឺត​ជាង​មុន​។ មជ្ឈមណ្ឌល​ទំនាក់ទំនង​យុទ្ធសាស្ត្រ និង​សន្តិសុខ​ព័ត៌មាន​របស់​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ថា​ ធនាគារ Privatbank ក៏បាន​រង​ការវាយប្រហារ​ផងដែរ ដោយមាន​អតិថិជន​ជាច្រើន​បាន​រាយការណ៍​ថា ​ពួកគេ​ជួប​បញ្ហា​ក្នុងការ​ទូទាត់​ប្រាក់ និង ការប្រើប្រាស់​កម្មវិធីរ​បស់​ធនាគារ​៕