ខណៈ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន​កំពុង​កើន​ឡើង​ ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន​ បាន​និយាយ​សហរដ្ឋអាមេរិក​អាច​ប្រឈម​ផល​វិបាក​សេដ្ឋកិច្ច​ជា​ពិសេស​លើ​វិស័យ​ថាមពល​ ប្រសិន​បើ​សង្គ្រាម​បែប​នេះ​កើត​ឡើង​។

លោក ​បៃដិន ​និយាយ​ថា​៖ «ខ្ញុំ​នឹង​មិន​ធ្វើ​ពុត​ថា​ វា​គ្មាន​ការ​ឈឺ​ចាប់​ទេ យើង​កំពុង​រៀប​ចំ​ប្រើប្រាស់​ឧបករណ៍ និង​សិទ្ធិ​អំណាច​ទាំង​អស់​ដែល​យើង​មាន​ ដើម្បី​ផ្ដល់​ការ​បន្ធូរ​នៅ​ស្នប់​ប្រេង​សាំង​»​។

កាល​ពី​ថ្ងៃ​ពុធ​ តម្លៃ​ប្រេង​សាំង​ជា​មធ្យម​នៅ​អាមេរិក​បាន​កើន​ដល់​ ៣,៥១ ដុល្លារ​ ក្នុង ​១​ ប៊ីដុង​ (ស្មើ​នឹង​ ៣,៧៨៥ លីត្រ) ដែល​កើន​ឡើង​ប្រមាណ​ ១ ​ដុល្លារ​ ធៀប​នឹង​កាល​ពី​ ១ ​ឆ្នាំ​មុន និង​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​។

រុស្ស៊ី​ គឺ​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​ទី​២ ​ក្នុង​ពិភពលោក​ ហើយ​ប្រសិន​បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ប្រេង​រុស្ស៊ី​​ពី​ទីផ្សារ​ពិភព​លោក​ក្នុង​ករណី​ផ្ទុះ​សង្គ្រាម​ អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា​តម្លៃ​សាំង​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ​ប្រជាជន​អាមេរិក​ជា​ច្រើន ​កំពុង​ស្ដី​បន្ទោស​លោក ​បៃដិន ​អំពី​ការ​ឡើង​តម្លៃ​ប្រេង​សាំង​ ដែល​ជា​ផ្នែក​មួយ​នៃ​អត្រា​អតិផរណា​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ៤០ ឆ្នាំ​ចុង​ក្រោយ​របស់​អាមេរិក​។ អត្រា​អតិផរណា​ច្រើន​ជាង​ ៧ ភាគរយ ​បាន​ក្លាយ​ជា​បញ្ហា​នយោ បាយ​សម្រាប់​លោក​ បៃដិន​ និង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​សភា​ខាង​មុខ​នេះ​។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្នើ​ឱ្យ​ផ្អាក​ពន្ធ​លើ​ប្រេង​សាំង​សម្រាប់​ឆ្នាំ​នេះ ដើម្បី​ជួយ​កាត់​បន្ថយ​តម្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​។ ប៉ុន្តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា​ វិធានការ​នេះ​គឺ «គ្រាន់​តែ​ល្អ​មើល​» ប៉ុណ្ណោះ​ ហើយ​បាន​រិះគន់គោលនយោ បាយ ​ថាមពល​របស់​លោក​បៃដិន​ថា​បង្ក​ការ​លំបាក​សម្រាប់​អ្នក​ផលិត​ក្នុង​ស្រុក​ ហើយ​បង្កើន​ការ​រំពឹង​លើ​ការ​នាំ​ចូល​ពី​បរទេស​៕