កាល​ពី​ថ្ងៃ​ពុធ​ ទី​ ១៦ កុម្ភៈ ​បណ្ដា​ប្រទេស​លោក​ខាង​លិចបាន​និយាយ​ថា​ វត្តមាន​កង​ទ័ព​រុស្ស៊ី​ នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​ ​កំពុង​កើន​ឡើង​ ខណៈ​ពេល​ដែល​ប្រទេស​អេស្តូនី​និយាយ​ថា ​កង​កម្លាំង​រុស្ស៊ី ​កំពុង​ធ្វើ​សកម្មភាព​ ដែល​ទំនង​ជា​ការ​ត្រៀម​សម្រាប់​ការ​វាយ​ប្រហារ​ដណ្ដើម​ «ទី​តាំង​សំខាន់»​ ដោយ​ការ​អះអាង​ទាំង​នេះ​ គឺ​ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​ក្រុង​ម៉ូ​ស្គូ​ថា ​ខ្លួន​កំពុង​ធ្វើ​ការ​ដក​ចេញ​។

នាយក​ទីភ្នាក់ងារ​ចារកម្ម​យោធា​អង់គ្លេស​បាន​ធ្វើ​ការ​អះអាង​ជា​សាធារណ​ថា​ រថពាស​ដែក ឧទ្ធម្ភាគចក្រ និង​មន្ទីរពេទ្យ​សមរភូមិ​ជាច្រើន​ទៀត​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​។ មន្ត្រី​អាមេរិក​ ១ ​រូប​ បាន​ធ្វើ​ការ​អះអាង​ដោយ​មិន​បាន​ផ្ដល់​ភ័​ស្តុតាង​ថា ​ទាហាន​រុស្ស៊ី​ ៧ ០០០ នាក់​បន្ថែម​ទៀត​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំដែន​ ដោយ​ខ្លះ​ទើប​តែ​ធ្វើ​ដំណើរ​ដល់​ថ្ងៃ​ពុធ​នេះ​។

ភ្នាក់ងារ​ចារកម្ម​បរទេស​របស់​អេស្តូនី​ បាន​រាយការណ៍​ថា​ កង​កម្លាំង​ប្រយុទ្ធ​ទំហំ​កង វរសេនា តូច​ចំនួន​ ១០​ ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​អ៊ុយក្រែន​ ហើយ​ខ្លួន​ប៉ាន់ស្មាន​ថា​រុស្សី​បាន​ប្រមូល​ផ្ដុំ​ទាហាន​ចំនួន​ ១៧០ ០០០ នាក់​នៅ​ទី​នោះ​។

ក្រសួងការពារជាតិ​រុស្ស៊ី​ ​បាន​និយាយ​ថា កង​កម្លាំង​របស់​ខ្លួន​ កំពុង​ដក​ថយ​ក្រោយ​សមយុទ្ធ​នៅ​តំបន់​យោធា​ភាគ​ខាង​ត្បូង និង​ខាង​លិច​ នៅ​ក្បែរ​អ៊ុយក្រែន ហើយ​ឯកអគ្គរដ្ឋទូត​របស់​ទីក្រុង​ម៉ូ​ស្គូ​ប្រចាំ​ប្រទេស​អៀរឡង់​បាន​ទទូច​ថា កង​កម្លាំង​នៅ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី​ នឹង​ត្រឡប់​ទៅ​ទីតាំង​​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ពី ៣ ទៅ ៤ សប្ដាហ៍​។ ក្រុង​ម៉ូ​ស្គូ​ បាន​ចេញ​ផ្សាយ​វីដេអូ​បង្ហាញ​សកម្មភាព​រថក្រោះ រថពាសដែក​ និង​កាំភ្លើង​ធំ​ ចាកចេញ​ពី​ឧបទ្វីប​គ្រីមា​ ​ ដែល​រុស្ស៊ីកាត់​យក​ពី​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​ ២០១៤​។

យ៉ាង​ណា​មិញ​អង្គការ​ណាតូ​ កំពុង​រៀប​ចំ​ផែនការ​ដាក់​ពង្រាយ​ទាហាន​បន្ថែម​ទៀត​ទៅ​កាន់​សមាជិក​នៅ​អឺរ៉ុប​ខាង​កើត​ដូចជា​ប៊ុលហ្គារី រូម៉ានី ហុងគ្រី និង​ស្លូវ៉ាគី​៕