ទ្វីប​អឺរ៉ុប​រំពឹង​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​ ​ដើម្បី​ផ្ដល់​កម្ដៅ​ទៅ​គេហដ្ឋាន​រាប់​លាន​នៅ​រដូវ​រងា​ ដើម្បី​ផលិត​អគ្គិសនី និង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ឱ្យ​រោងចក្រ​។ ការ​រំពឹង​យ៉ាង​ខ្លាំង​បែប​នេះ​បាន​បន្សល់​ជម្រើស​ការទូត​តិចតួច​សម្រាប់​អឺរ៉ុប ហើយ​គំរាម​កំហែង​បង្ក​ភាព​ចលាចល​ក្នុង​វិស័យ​ថាមពល​របស់​ទ្វីប​នេះ ​ប្រសិន​បើ​សង្គ្រាម​ផ្ទុះ​ឡើង​។

ប្រសិន​បើ​មាន​ការ​រអាក់រអួល​នៃ​លំហូរ​ឧស្ម័ន​ទៅ​អឺរ៉ុប​ មិន​ថា​ដោយ​សារ​ការ​ខូចខាត​បំពង់​ដោយ​សង្គ្រាម ឬ​ដោយសារ​ការ​បិទ​ជា​យុទ្ធសាស្ត្រ​ចរចា​ អ្នក​ជំនាញ​និយាយ​ថា​ តម្លៃ​ឧស្ម័ន​ដែល​ខ្ពស់​ស្រាប់​ នឹង​កើន​ឡើង​បន្ថែម​ទៀត ហើយ​ប្រសិន​បើ​ការ​ផ្ដាច់​ត្រូវ​បាន​អូស​បន្លាយ​យូរ​ អាជីវកម្ម​ជា​ច្រើន​នឹង​ត្រូវ​បង្ខំ​ឱ្យ​បិទ​ទ្វារ​។ បន្ថែម​ពី​លើ​ក្រុម​គ្រួសារ​ដែល​ប្រឈម​នឹង​ការ​កើន​ឡើង​ការ​ចំណាយ​ ខណៈ​ចំណូល​ធ្លាក់​ចុះ​ នឹង​កាន់​តែ​រង​ការ​ឈឺ​ចាប់​។

ម្ចាស់​ឧស្សាហកម្ម​ធំ​មិន​ជឿ​ថា​ លោក​ វ្ល៉ាឌីមៀរ ពូទីន ​នឹង​ធ្វើ​ការ​កាត់​ផ្ដាច់​ដោយ​ចេតនា​ទេ​ដោយ​សារ​សារៈសំខាន់​ដ៏​ធំ​នៃ​ការ​នាំ​ចេញ​ឧស្ម័ន​ទៅ​អឺរ៉ុប​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​របស់​លោក​។ ប៉ុន្តែ​ភាព​តាន​តឹង​ទាំង​នេះ ​គឺ​កំពុង​កើត​ឡើង​ ចំ​ពេល​ដែល​ប្រទេស​អឺរ៉ុប​កំពុង​បង្កើន​ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ជា​ស្ពាន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពី​ឥន្ធនៈ​ផូ​ស៊ីល​ ទៅ​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដូចជា​ថាមពល​ព្រះអាទិត្យ និង​ខ្យល់​។

សំណើ​មធ្យោបាយ​ការទូត​ ដើម្បី​ទប់ទល់​នឹង​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយក្រែន ភាគ​ច្រើន​គឺ​ផ្ដោត​លើ​ការ​ដាក់​ទណ្ឌកម្ម​ ដែល​នឹង​ដាក់​កំណត់​យ៉ាង​ខ្លាំង​លើ​ពាណិជ្ជកម្ម​ថាមពល​។ នេះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​គម្រោង​ថាមពល​រាប់​ពាន់​លាន​ដុល្លារ​ ជា​ពិសេស​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ និង​អ៊ីតាលី​ ដែល​រំពឹង​លើ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​ច្រើន​ជាង​អ្នក​ដទៃ​ទៀត​។

នៅ​ឆ្នាំ​ ២០២១​ ៣៨ ភាគ​រយ ​នៃ​ឧស្ម័ន​ប្រើប្រាស់​នៅ​អឺរ៉ុប​ គឺ​មក​ពី​ប្រទេស​រុស្ស៊ី​។ ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ដូចជា​ប៉ូឡូញ​ និង​លីទុយអានី​ បាន​កាត់​បន្ថយ​ការ​រំពឹង​លើ​ការ​នាំចូល​ពី​រុស្ស៊ី​ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​មាន​តែ​បង្កើន​។

ប្រទេស​អាល្លឺម៉ង់ ​គឺ​ជា​អតិថិជន​សំខាន់​បំផុត​របស់​រុស្សី​។ ភាគ​ច្រើន​នៃ​ឧស្ម័ន​ទៅ​កាន់​ប្រទេស​អាឡឺម៉ង់​គឺ​ហូរ​ដោយ​ផ្ទាល់​ពី​ប្រទេស​រុស្ស៊ី​​ តាម​រយៈ​បំពង់​បង្ហូរ​ដ៏​ធំ​មួយ​នៅ​បាត​សមុទ្រ​បាល់ទិក​មាន​ឈ្មោះ​ថា​ Nord Stream​។ បំពង់​បង្ហូរ​ទី​២​ ស្រប​គ្នា​ Nord Stream 2​ ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ពេល​ថ្មី​ៗ​នេះ​ក្នុង​តម្លៃ​ ១១ ពាន់​លាន​ដុល្លារ​។

ឧស្ម័ន​នៅ​មិន​ទាន់​ចាប់​ផ្ដើម​ហូរ​កាត់​បំពង់​នេះ​នៅ​ឡើយ​ទេ​។ សមាជិក​សភា​អាមេរិក​ បាន​គំរាម​ចាត់​វិធានការ​រារាំង​មិន​ឱ្យ​ Nord Stream 2 ដំណើរ​ការ​បាន​ ខណៈ​ពេល​ដែល​អ្នក​រិះគន់​និយាយ​ថា​ បំពង់​នេះ​នឹង​បង្កើន​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​ទ្វីប​នេះ​ ហើយ​នឹង​ធ្វើ​ឱ្យ​ប្រទេស​អ៊ុយក្រែន​បាត់បង់​ចំណូល​ឆ្លង​កាត់​។ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ និយាយ​ថា​ Nord Stream 2 នឹង​មិន​អាច​ដំណើរ​ការ​បាន​ប្រសិន​បើ​រុស្ស៊ី​ធ្វើ​ការ​វាយ​ប្រហារ​ចូល​អ៊ុយក្រែន​។

បំពង់​បង្ហូរ​ឧស្ម័ន​ធំ​ៗ​ជាច្រើន​ផ្សេង​ទៀត​នាំ​ឧស្ម័ន​រុស្ស៊ីចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប តាម​រយៈ​បណ្ដាញ​តភ្ជាប់​គ្នា​ដ៏​ធំ​ទូលាយ​មួយ​។ បរិមាណ​ឧស្ម័ន​ឆ្លង​កាត់​អ៊ុយក្រែន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ ១ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប៉ុន្តែ​វា​នៅ​តែ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​។ បំពង់​សំខាន់​ៗ​ដទៃ​ទៀត​គឺ​ឆ្លង​កាត់​ប្រទេស​ប៉ូឡូញ​ និង​ប្រទេស​តួកគី​។

ប្រសិន​បើ​ឧស្ម័ន​ឈប់​ហូរ​ពី​រុស្ស៊ី​​ ប្រទេស​នាំចូល​នឹង​ត្រូវ​ស្វែង​រក​ប្រភព​ផ្សេង​ទៀត​។ កង្វះ​មួយ​ចំនួន​ទំនង​ជា​នឹង​បំពេញ​ដោយ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ (LNG) កាន់​តែ​ច្រើន​ពី​ប្រភព​ជុំវិញ​ពិភពលោក​។

LNG គឺ​ផលិត​ដោយ​ពង្រាវ​ឧស្ម័ន​ធម្មជាតិ​នៅ​សីតុណ្ហភាព​ត្រជាក់​ -១៦០ អង្សា​សេ​។ វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​ចម្ងាយ​ឆ្ងាយ​តាម​នាវា​ ដូចជា​មក​ពី​អាមេរិក អូស្ត្រាលី និង​មជ្ឈិមបូព៌ា​ ដែល​ផ្ដល់​ជម្រើស​អ្នក​ផ្គត់ផ្គង់​ថ្មី​ជា​ច្រើន​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ អឺរ៉ុប​គឺ​ហាក់​ដូចជា​កំពុង​ហាត់​សម​សម្រាប់​សេណារីយោ​ដែល​រុស្ស៊ីនឹង​កាត់​ផ្ដាច់​ដោយ​រុស្ស៊ី​។ យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ប្រទេស​រុស្ស៊ី​ ​បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ឧស្ម័ន​របស់​ខ្លួន​តាម​បំពង់​ទៅ​កាន់​អឺរ៉ុប​រហូត​ទៅ​ដល់​ ២៣ ភាគរយ​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២១ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​។ ទន្ទឹម​នឹង​នេះ ការ​នាំ​ចូល​ឧស្ម័ន​រាវ​នៅ​អឺរ៉ុប​បាន​កើន​ឡើង​៕