អធិការបតី​អាល្លឺម៉ង់​លោក ​អូ​ឡា​ហ្វ សូល គឺជា​មេដឹកនាំ​លោកខាងលិច​ចុងក្រោយ​គេ​ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ម៉ូស្គូ ដើម្បី​ស្វែងរក​មធ្យោបាយ​ដើម្បី​ជួយ​កាត់បន្ថយ​ភាព​តានតឹង​រវាង​ក្រុង​ម៉ូស្គូ និង​ក្រុង​កៀវ ដោយ​ក្នុងចំណោម​មធ្យោបាយ​មួយចំនួន​នៃ​កិច្ចពិភាក្សា​រួមមាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចំនួន​ ២ ​ដែល​បាន​ធ្វើឡើង​កាលពី ៧ ឆ្នាំមុន​។​

​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍​ទី​១ (២០១៤) និង​ទី​២ (២០១៥)​ គឺជា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ត្រូវបាន​សម្របសម្រួល​ដោយ​ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ក្រុម​ប្រដាប់អាវុធ​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី ក្នុង​សង្គ្រាម​ផ្ដាច់ខ្លួន​នៅ​តំបន់​ដុន​បាស ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ថ្មីៗ​នេះ​កិច្ចព្រមព្រៀង​ទាំង ​២​ ត្រូវបាន​គេ​គាំទ្រ​ជា​មធ្យោបាយ​មួយ ​ដើម្បី​ចៀសវាង​ជម្លោះ​ថ្មី​មួយ​នៅ​អឺរ៉ុប​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​បន្ទាប់​ជួប​ជាមួយ​លោក​ សូល ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន ក៏បាន​និយាយថា កិច្ច​​ព្រមព្រៀង​ទាំង ​២ ​នេះ គួរតែ​ជា «​មូលដ្ឋាន​» សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាព​តានតឹង​បច្ចុប្បន្ន​។​

​លោក ពូ​ទីន បាន​បន្ទរ​ការលើកឡើង​របស់​ប្រធានាធិបតី​បារាំង​លោក​ អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​កាលពី​សប្ដាហ៍​មុន បាន​ជួប​លោកពូ​ទីន​នៅ​ក្រុង​ម៉ូស្គូ ហើយ​និយាយថា កិច្ចព្រមព្រៀង​ទាំង​ ២ ​នេះ គឺ «​មធ្យោបាយ​តែ​ ១ ​គត់​» ក្នុង​ការកសាង​សន្តិភាព​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ អាន​តូ​នី ប្ល៊ី​ន​កែន បាន​និយាយថា​សហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន​បាន «​រួប​រួម​» ក្នុង​ការគាំទ្រ​កិច្ចព្រមព្រៀង​ទាំង ​២ ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ឆ្ពោះទៅមុខ​។​

​តែ​យ៉ាងណាមិញ​ការពិភាក្សា​ទាំងនេះ​រវាង​រុស្ស៊ី អ៊ុយ​ក្រែ​ន អាល្លឺម៉ង់ និង​បារាំង ដែល​គេ​ហៅថា ទម្រង់​ន​រម៉ង់​ឌី (Normandy Format) គឺ​កំពុង​ជាប់គាំង​។ អ្នកវិភាគ​មួយចំនួន​និយាយថា ឥឡូវនេះ​អ៊ុយ​ក្រែ​ន​បាន​គិតថា កិច្ចព្រមព្រៀង​ទាំង​ ២ ​គឺ​បាន​សរសេរ​ក្នុងស្ថានភាព​បង្ខំ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត ក្រុង​កៀវ និង​ក្រុង​មូ​៉​ស្គូ​មានការ​យល់ដឹង​ខុសគ្នា​អំពី​កិច្ចព្រមព្រៀង​នេះ​។ ក្រុង​កៀវ​ចាត់ទុក​កិច្ចព្រមព្រៀង​ទាំងនេះ​ជា​មធ្យោបាយ​ ដើម្បី​ស្ដារ​បូរណភាព​ទឹកដី​របស់​ពួកគេ រីឯ​ក្រុង​មូ​៉​ស្គូ បាន​ចាត់​​ទុក​កិច្ចព្រមព្រៀង​ទាំងនេះ​ថា ​ជា​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​លោកខាងលិច​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅវិញ​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​ លើកឡើងថា​ ខ្លួន​ត្រូវបាន​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ផ្ដាច់ខ្លួន​នៅ​តំបន់​ដុន​បាស​នៅ​ឆ្នាំ ​២០១៤ និង​២០១៥ ដែល​បង្ក​ការ​​បាត់បង់​ជីវិត និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​យោធា​អ៊ុយ​ក្រែ​ន​។ តែ​រុស្ស៊ី បាន​ច្រានចោល​ថា ខ្លួន​មិនបាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម នៅ​ដុន​បាស​នោះទេ​។​

​ចុះ​នៅ​ឆ្នាំ ​២០១៤ ប្រមាណ ​៦ ​ខែ​បន្ទាប់ពី​រុស្ស៊ី កាត់​យក​ឧបទ្វីប​គ្រី​មា កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍​ទី​១ គឺជា​កិច្ចព្រមព្រៀង​ឈប់​បាញ់ ១២ ចំណុច ដែល​ត្រូវបាន​រំលោភ​ស្ទើរតែ​ភ្លាមៗ​។​

​ចុះ​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៥ កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍​ទី​២ បានដាក់​ចេញ​នូវ​រូបមន្ត ​ដើម្បី​ដាក់បញ្ចូល​តំបន់​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី ឱ្យចូល​ជាមួយ​អ៊ុយ​ក្រែ​ន ជា​ថ្នូរ​នឹង​ការផ្ដល់​ឥទ្ធិពល​មួយចំនួន​ឱ្យ​រុស្ស៊ី លើ​នយោបាយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នក​រិះគន់បាន​និយាយថា ប្រធានាធិបតី​នៅពេលនោះ​គឺ​លោក​ ប៉េ​ត្រូ ប៉ូ​រ៉ូ​សិន​កូ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដោយសារ​កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន គឺ​កំពុង​ប្រឈមមុខ​នឹង​ការ​ចាញ់​សង្គ្រាម​នេះ​។​

​កិច្ចព្រមព្រៀង​ទី​២ ​គឺ​បានទទួល​ការ​​គាំទ្រ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប៉ុន្តែ​វា​មិនដែល​ត្រូវបាន​ភាគី​ទាំងសងខាង​អនុវត្ត​ដោយ​ពេញលេញ​នោះទេ ហើយ​ឥឡូវ​វា​បាន​ក្លាយជា​ចំណុច​ផ្ដោត​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​នាពេល​បច្ចុប្បន្ន​។​

​លក្ខខណ្ឌ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​ទី​២ រួមមាន​បទ​ឈប់​បាញ់​ភ្លាមៗ និង​ការ​​ដក​អាវុធ​ធុន​ធ្ងន់ ការឃ្លាំមើល​ដោយ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) និង​ការបន្ត​ឡើងវិញ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សង្គម​ពេញ​​លេញ​រវាង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​តំបន់​ផ្ដាច់ខ្លួន​។​

OSCE នៅតែ​តាមដាន​តំបន់​នោះ ហើយ​ល្បឿន​នៃ​អ្នកស្លាប់ និង​របួស​បាន​ថយចុះ នោះ​គឺជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ត្រូវបាន​បំពេញ​ដោយ​ផ្នែក​។

​លក្ខខណ្ឌ​ដ៏​តានតឹង និង​មាន​ការយល់​ឃើញ​ខុសគ្នា​រួមមាន​ការស្ដារ​ការគ្រប់គ្រង​ព្រំដែន​រុស្ស៊ី​ទៅឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​វិញ ​ការដក​កងកម្លាំង ទាហាន​ស៊ីឈ្នួល​និង​អាវុធ​បរទេស​ចេញ​ទាំងអស់ និង​ការធ្វើកំណែទម្រង់​ដើម្បី​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​ខ្លួន​-​ឯង​មួយកម្រិត​ទៅឱ្យ​តំបន់​ផ្ដាច់ខ្លួន​។​

​អ៊ុយ​ក្រែ​ន​ចង់​ស្ដារ​គ្រប់គ្រង​ព្រំដែន​ឡើងវិញ​មុនពេល​ការបោះឆ្នោត​នៅក្នុង​តំបន់​ផ្ដាច់ខ្លួន រីឯ​រុស្ស៊ី​វិញ​ចង់​រៀបចំ​ការបោះឆ្នោត​មុន​អ៊ុយ​ក្រែ​ន​គ្រប់គ្រង​ព្រំដែន​ឡើងវិញ​។ បន្ថែម​ពីលើ​នេះ​អ៊ុយ​ក្រែ​ន​ចង់ឱ្យ​រុស្ស៊ី ដកទ័ព​ចេញ​ឱ្យ​អស់ពី​ដែនដី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រុស្ស៊ីបាន​បដិសេធថា ខ្លួន​គ្មាន​ដាក់ពង្រាយ​ទ័ព​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ទេ​។​

​បញ្ហា​មួយទៀត​គឺ​ការសម្រេច ចិត្ត​របស់​ទីក្រុង​ម៉ូស្គូ​ក្នុង​ការចេញលិខិត​ឆ្លងដែន​រុស្ស៊ី​ជាង ៦០០ ០០០ ទៅឱ្យ​ក្រុម​បំបែក​ខ្លួន​ដុន​បាស បើទោះបីជា​រដ្ឋធម្មនុញ្ញ​អ៊ុយ​ក្រែ​ន​មិន​អនុញ្ញាត​ឱ្យមាន​សញ្ជាតិ​ ២ ​ក៏ដោយ​។ ជាងនេះទៅទៀត កាលពី​ថ្ងៃ​អង្គារ សភា​រុ​ស្សុី បានអនុម័ត​សេចក្ដី​សម្រេច​មួយ​ដែល​ស្នើឱ្យ​លោក ពូ​ទីន ទទួលស្គាល់​ឯករាជភាព​នៃ​រដ្ឋ​ផ្ដាច់ខ្លួន​នៅ​ដុន​បាស​ពី​អ៊ុយ​ក្រែ​ន ហើយ​វា​ជាការ​​ទទួលស្គាល់​មួយ​ដែល​មន្ត្រី​លោក​ខាង​លិច​បាន​និយាយថា ការស្លាប់​របស់​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្ក៍​។ នៅពេល​សួរ​អំពី​សេចក្ដីសម្រេច​នេះ លោក ពូ​ទីន​ បាន​និ​​យាយ​ថា រុ​ស្សុី​ដំបូង​មានបំណង​មួយ​សម្រាប់ ​«​លទ្ធភាព​ដែល​មិនអាច​សម្រេច បាន​នៃ​ការបំពេញ​កិច្ចព្រមព្រៀង​មីន​ស្ក៍​»៕

វីដេអូ៖