​ក្នុងការ​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​​ការ​សហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស លោក ​អាន​តូ​នី ប្ល៊ី​ន​កែន បានបង្ហាញ​ការព្រមាន​របស់​ក្រុង​វ៉ាស៊ីនតោន​ អំពី​ផែនការ​របស់​រុស្ស៊ី​ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ខ្លួន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​កំពុង​ព្រួយបារម្ភ​ថា នឹង​កើតឡើង​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​រដ្ឋមន្ត្រី​រូបនេះ​បាន​រៀបរាប់​អំពី​អ្វីដែល​លោក​និយាយថា ជា​ផែនការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​រួម​មានការ​បំភាន់​ថា ដក​ទាហាន លេស​មិន​ពិត​ដើម្បី​ចាប់ផ្ដើម​សង្គ្រាម និង​វិធី​នៃ​ការវាយប្រហារ ដោយ​ប្រើប្រាស់​រថ​​ក្រោះ ទាហាន​ថ្មើរជើង មី​ស៊ី​ល និង​ការ​វាយ​​ប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត​។​

​ប៉ុន្តែ​លោក​ ប្ល៊ី​ន​កែន ​ដឹងថា ដើម្បី​ធ្វើការ​ចោទ​​ប្រកាន់​បែបនេះ លោក​ត្រូវការ​ភ័ស្តុតាង​ជា​អំ​​ណះ​អំ​ណា​ង ប្រសិនបើ​លោក​មិន​ចង់​ប្រឈម​មុខ​នឹង​រឿងអាស្រូវ​ស្រដៀង​នឹង​កាលពី​ការឈ្លានពាន​ប្រទេស​អ៊ី​រ៉ា​ក់​។ កាលពី​ឆ្នាំ ​២០០៣ លោក​ ខូលីន ប៉ូ​វែ​ល រដ្ឋមន្ត្រីការបរទេស​របស់លោក​ប្រធានាធិបតី ច​ច ដា​ប៊​ល​យូ ប៊ូ​ស បានធ្វើ​ការអះអាង​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា​ប្រទេស​អ៊ី​រ៉ា​ក់ បាន​ផលិត និង​រក្សាទុក​អាវុធ​ប្រល័យ​លោក​។ បន្ទាប់ពី​អាមេរិក​ឈ្លានពាន​ប្រទេស​អ៊ី​រ៉ា​ក់ ការលើកឡើង​របស់លោក​ ប៉ូ​វែ​ល គឺ​ត្រូវបាន​បញ្ជាក់ថា ជាការ​អះអាង​មិន​ពិត​។​

«​ខ្ញុំ​ដឹងថា​ មាន​អ្នកខ្លះ បាន​មិន​ទុកចិត្ត​ព័ត៌មាន​របស់​យើង​ដោយ​រំឭក​ពី​ករណី​មុនៗ ដែល​ទី​បំ​​ផុត​ព័ត៌មាន​ចារកម្ម​មិនមាន​លទ្ធផល​អ្វី​» ​លោក ​ប៊ី្ល​ន កែន បាន​និយាយ​បែបនេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បន្តទៀតថា​៖ «​ប៉ុន្តែ​ខ្ញុំ​បញ្ជាក់​ឱ្យ​ច្បាស់ ខ្ញុំ​មកនេះ​ថ្ងៃនេះ​មិនមែន ដើម្បី​ចាប់ផ្ដើម​សង្គ្រាម​ទេ ប៉ុន្តែ​ដើម្បី​រារាំង​»​។​

​សម្ដី​របស់លោក​ ប្ល៊ី​ន​កែន គឺជា​ការបាញ់​ផ្លោង​ចុងក្រោយ​ក្នុង​សង្គ្រាមពាក្យសម្តី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ូស្គូ ជុំវិញ​ប្រទេស​អ៊ុយ​​ក្រែ​ន​។ សហរដ្ឋអាមេរិក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​រុស្ស៊ី កាត់​យក​ឧបទ្វីប​គ្រី​មា កាល​​ពី​ឆ្នាំ ​២០១៤ និង​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ី​រី ​កាលពី​ឆ្នាំ ​២០១៥ ដូច្នេះ​លើក​នេះ​ក្រុង​វ៉ាស៊ីនតោន​ចង់​គ្រប់គ្រង​ស្ថានភាព មុន​ការប៉ះទង្គិច​ណាមួយ​កើតឡើង​។​

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អាមេរិក រួមមាន​មធ្យោបាយ​មិន​ធ្លាប់មាន​ពីមុនមក គឺ​ការចេញផ្សាយ​ព័ត៌មាន​ចារកម្ម​រសើបៗ​ជា​សាធារណ​: ដោយ​ក្នុងករណី​មួយចំនួន ជា​កិច្ច​សហប្រតិបត្តិ​ការចេញផ្សាយ​ជាមួយ​សម្ព័ន្ធមិត្ត​។​

​ការចេញផ្សាយ​ទាំងនេះ​រួមមាន ចំនួន​ទាហាន​រុស្ស៊ី នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន បេសកកម្ម​វាយ​​ប្រហារ​លើ​ខ្លួនឯង​ដើម្បី​បង្កើត​លេស​សម្រាប់​សង្គ្រាម ផែនការ​បង្កើត​រដ្ឋាភិបាល​អាយ៉ង​នៅ​ក្រុង​កៀវ និង​របៀប​វាយប្រហារ​ដែល​រុស្ស៊ី​អាច​ប្រើប្រាស់​។ រដ្ឋបាល​អាមេរិក​បាន​និយាយថា ការធ្វើ​បែបនេះ នឹង​ធ្វើឱ្យ​ផែនការ​របស់​រុស្ស៊ី កាន់​​តែ​ពិបាក​អនុវត្ត ហើយនឹង​បង្ខំ​ឱ្យ​ពួកគេ​ស្វែងរក​ផែនការ​ថ្មី​។​

​ប្រសិនបើ​ព័ត៌មាន​ទាំងនេះ គឺជា​ការពិត នោះ​មានន័យថា ភ្នាក់ងារ​ចារកម្ម​លោកខាងលិច​បាន​ជ្រៀតជ្រែក​ចូលក្នុង​ការគិត និង​របៀប​ពិចារណា​របស់​លោក ពូ​ទីន​។​

​ប៉ុន្តែ​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប បាន​ព្រួយ​​បារម្ភ​ថា វិធីសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ គឺ​កំពុង​បង្កើន​ភាព​តានតឹង ដោយសារ​វា​បានធ្វើឱ្យ​មធ្យោបាយ​ការទូត​កាន់តែ​ស្មុគស្មាញ​។ សហ​​រដ្ឋ​អាមេរិក​ប្រឈមមុខ​នឹង​ការមិនទុកចិត្ត​យ៉ាង​​ខ្លាំង ដោយសារ​ការរំពឹង​លើ​ព័ត៌មាន​ចារកម្ម​មិនត្រូវ​បានបញ្ជាក់​ដូច​កាលពី​សង្គ្រាម​អ៊ីរ៉ា​ក់​ឆ្នាំ ២០០៣​។​

​ការអះអាង​របស់លោក​ខាងលិច បាន​រង​ការ​​ចំអក​ពី​ក្រុង​មូ​៉​ស្គូ ដែល​បាន​និយាយថា ការ​អះ​​អាង​ទាំងនេះ​មិន​ត្រឹមត្រូវ ស្រមើស្រមៃ និង​កាន់​​តែ​បង្ករឿង​។ ក្រុង​មូ​៉​ស្គូ​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ថា កំពុង​បង្កឱ្យមាន​ភាព​តានតឹង និង​ធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​ការស្វែងរក​ដំណោះស្រាយ​ការទូត​។ រុស្ស៊ីបាន​ច្រានចោល​ថា ខ្លួន​គ្មាន​ផែនការ​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ទេ​៕

វីដេអូ៖