
សកម្មជនមកពីសហព័ន្ធនិស្សិតឥណ្ឌា (SFI) កាន់បដាក្នុងអំឡុងបាតុកម្មប្រឆាំងបម្រាមហ៊ីចាបថ្មីៗនេះ។ AFP
ការតវ៉ាមួយបានផ្ទុះឡើងក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមហាវិទ្យាល័យមួយ បានហាមប្រាមសិស្សមិនឱ្យពាក់ហ៊ីចាប ដែលជាកូដសម្លៀកបំពាក់របស់សាសនិកមូស្លីម ដែលរួមបញ្ចូលនូវក្រមាពាក់ក្បាលផងដែរ ខណៈប្រជាជនមានការព្រួយបារម្ភថា ការហាមឃាត់នេះក្លាយជាផ្នែកមួយនៃអរិភាព ដែលកំពុងកើនឡើងក្នុងប្រទេសលើជនជាតិភាគតិចមូស្លីម និងការវាយប្រហារលើសេរីភាពសាសនារបស់ពួកគេ។
ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅក្នុងខែមករា នៅពេលដែលមហាវិទ្យាល័យគ្រប់គ្រងដោយរដ្ឋាភិបាលមួយនៅក្នុងស្រុក Udupi នៃរដ្ឋ Karnataka បានបញ្ឈប់ក្មេងស្រីជំទង់ចំនួន ៦នាក់ មិនឱ្យចូលរៀនដោយសារពួកគេពាក់ក្រមាពាក់់ក្បាល។ ស្ថាប័ននេះបានដាក់បម្រាមមិនឱ្យមានការពាក់ហ៊ីចាប កាលពីខែធ្នូ ដោយអះអាងថា វាបានបំពានគោលការណ៍ណែនាំឯកសណ្ឋានសាលា។
ការពិភាក្សារវាងនិស្សិតដែលតវ៉ា និងអ្នកគ្រប់គ្រងមហាវិទ្យាល័យ ត្រូវទទួលបរាជ័យ ដែលជាហេតុបណ្ដាលឱ្យមានការប្រឆាំងតវ៉ា ខណៈដែលសាលារៀនផ្សេងទៀត បានដាក់កម្រិតស្រដៀងគ្នានេះ។ បន្ទាប់ពីសិស្សដែលពាក់អាវហ៊ីចាប បានធ្វើបាតុកម្មជាច្រើនថ្ងៃនៅខាងក្រៅក្លោងទ្វារនៃមហាវិទ្យាល័យនោះ ទីបំផុតពួកគេត្រូវបានអនុញ្ញាតឱ្យចូលបរិវេណសាលា ប៉ុន្តែត្រូវតម្រូវឱ្យអង្គុយក្នុងថ្នាក់ដាច់ដោយឡែក ដោយគ្មានគ្រូបង្រៀន។
នាង Al-Rifa ជាយុវតីម្នាក់ក្នុងចំណោមក្មេងស្រី ដែលត្រូវបានបដិសេធមិនឱ្យចូលក្នុងបរិវេណមហាវិទ្យាល័យបានសរសេរថា៖ «ខ្ញុំមានអាយុ ១៩ ឆ្នាំ ហើយបានពាក់វា (ហ៊ីចាប) ស្ទើរពេញ ១ ជីវិតរបស់ខ្ញុំហើយ។ ខ្ញុំបានសិក្សានៅមហាវិទ្យាល័យនេះរយៈពេល ៦ ខែ ហើយការពាក់ហ៊ីចាបមិនដែលមានបញ្ហាអ្វីទេរហូតមកដល់ពេលនេះ។ ខ្ញុំបានអាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការរើសអើង ដែលប្រជាជនមូស្លីមនៅក្នុងប្រទេសប្រឈមមុខ ប៉ុន្តែឥឡូវនេះខ្ញុំបានជួបប្រទះវាជាលើកដំបូងហើយ។ ពួកគេធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ត្រូវបានគេរើសអើង»។
សមាជិកនៃក្រុមជាតិនិយមហិណ្ឌូ បានប្រមូលផ្តុំគ្នាគាំទ្រការហាមប្រាមនេះដោយព្រមានថា ប្រសិនបើមានការអនុញ្ញាតឱ្យមានពាក់ហ៊ីចាបនៅសាលារៀន ដូច្នេះគួរតែមានការអនុញ្ញាតឱ្យសិស្សហិណ្ឌូពាក់ក្រមាបង់កសាសនាហិណ្ឌូដែរ (saffron shawls)។ មិនយូរប៉ុន្មាន សិស្សានុសិស្ស បានចាប់ផ្ដើមស្លៀកពាក់អាវមានពណ៌ស្រដៀងនឹងលទ្ធិជាតិនិយមហិណ្ឌូដែរ។
ការតវ៉ាបានពង្រីកទៅទីធ្លាជាច្រើន និងរដ្ឋមួយចំនួនទៀត ហើយក៏មានការអន្តរាគមន៍ពីប៉ូលិស ដើម្បីឱ្យមកបំបែកឧប្បត្តិហេតុគប់ដុំថ្មជាមួយនឹងករណីប្រើប្រាស់ដំបងផងដែរ។ នៅកន្លែងខ្លះ ប៉ូលិសបានបាញ់កាំភ្លើងទៅលើអាកាស និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សផងដែរ។
ខណៈពេលមានភាពតានតឹងកើនឡើង អាជ្ញាធររដ្ឋបានបិទសាលារៀន និងមហាវិទ្យាល័យរយៈពេល ៣ ថ្ងៃ និងហាមប្រាមការជួបជុំគ្នានៅជិតគ្រឹះស្ថានអប់រំទាំងអស់រយៈពេល ២ សប្តាហ៍។
យ៉ាងណាមិញ សហគមន៍ជនជាតិភាគតិចមូស្លីម ២០០ លាននាក់របស់ប្រទេសនេះ ភ័យខ្លាចថា ការហាមប្រាមលើហ៊ីចាប រំលោភលើសេរីភាពសាសនារបស់ពួកគេ ដែលត្រូវបានធានាក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ខណៈឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ កាលពីថ្ងៃសុក្រ បាននិយាយថា ការហាមប្រាមហ៊ីចាបនឹងកាន់តែធ្វើឱ្យស្ត្រី និងកុមារីទទួលការមាក់ងាយកាន់តែច្រើនឡើង។
កាលពីថ្ងៃអង្គារសប្តាហ៍មុន និស្សិតស្រីមូស្លីមពាក់ហ៊ីចាប ត្រូវបានហាមមិនឱ្យចូលសាលា និងមហាវិទ្យាល័យទូទាំងរដ្ឋ។
ការមើលឃើញរបស់ក្មេងស្រីមូស្លីមដោះអាវក្រៅសាលា បានធ្វើឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានហៅវាថា ជា «ភាពអាម៉ាស់» ខណៈពេល ដែលលោក Sujatha Gidla អ្នកនិពន្ធសៀវភៅ Ants Among Elephants ក៏បានលើកឡើងពីករណីប៉ូលិសបារាំងធ្វើភេរវកម្មលើស្ត្រីមូស្លីមស្លៀកពាក់សម្លៀកបំពាក់មុជទឹក (burkinis ) ក្នុងឆ្នាំ២០១៦។
នាង Aliya Meher ជាសិស្សនៅសាលារដ្ឋ Karnataka ក្នុងសង្កាត់ Shivamogga បានប្រាប់សារព័ត៌មាន Al Jazeera ថា៖ «ពួកយើងប្រហែល ១៣ នាក់ ត្រូវបាននាំទៅបន្ទប់ដាច់ ដោយឡែកមួយ ដោយសារយើងពាក់ក្រមាពីលើឯកសណ្ឋានសាលា»។
នាងបានបន្តថា៖ «ពួកគេបានប្រាប់យើងថា យើងមិនអាចសរសេរការប្រឡងមុនក្រុមប្រឹក្សាភិបាលបានទេ ប្-សិនបើយើងមិនដោះហ៊ីចាបចេញ។ យើងបានឆ្លើយតបដោយនិយាយថា ក្នុងករណីនោះ យើងនឹងមិនប្រឡងសរសេរទេ ព្រោះមិនមានការសម្របសម្រួលលើហ៊ីចាបបាននោះ»៕