កាល​ពី​ថ្ងៃ​សៅរ៍ ទី ​១៩ កុម្ភៈ​ កងកម្លាំង​នុយក្លេអ៊ែរ​បាន​ធ្វើ​សមយុទ្ធ​កង​កម្លាំង​នុយក្លេអ៊ែរ​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន​ ខណៈ​ពេល​ដែល​សហរដ្ឋ អាមេរិក​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ទាហាន​រុស្ស៊ី​ប្រមូល​ផ្ដុំ​នៅ​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​គឺ​កំពុង​រុល​ទៅ​មុខ​ និង​ «ត្រៀម​វាយ​ប្រហារ»​។

វិមាន​ក្រឹមឡាំង​ បាន​ប្រកាស​ថា​ក្នុង​សមយុទ្ធ​ខាង​លើ​ រុស្ស៊ី​ បាន​សាកល្បង​មីស៊ីល​ជំនាន់​ថ្មី​នៅ​សមុទ្រ​ដោយ​ជោគជ័យ​។ លោក​ពូទីន​ បាន​ឃ្លាំមើល​សមយុទ្ធ​ជា​មួយ​ប្រធានាធិបតី​បេឡារុស​លោក​អាឡិចសាន់​ឌឺ លូកាសិនកូ​។

ការ​សមយុទ្ធ​ខាង​លើ​នេះ​ធ្វើ​ឡើង​ បន្ទាប់​កង​កម្លាំង​យោធា​រុស្ស៊ី​​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ទាហាន​ជាង​ ១០០ ០០០ នាក់​ក្នុង​រយៈ​ពេល​៤​​ខែ​ចុង​ក្រោយ​នេះ នៅ​ខាង​ជើង ខាង​ត្បូង និង​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។

ខណៈ​ពេល​ដែល​មាន​ការ​កើន​ឡើង​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​ សេតវិមាន​បាន​និយាយ​ថា​ក្រុម​ការងារ​គោលនយោបាយ​សន្តិសុខ​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​នៅ​ជឿ​ថា​រុស្ស៊ី​ អាច​បើក​ការ​វាយ​ប្រហារ​នៅ​អ៊ុយក្រែន «នៅ​ពេល​ណា​ក៏​បាន» ហើយ​លោក​បៃដិន​គ្រោង​បើក​កិច្ចប្រជុំ​ជា​មួយ​ទីប្រឹក្សា​សំខាន់ៗ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ​។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ G7 បាន​និយាយ​ថា​ពួកគេ​មិន​ឃើញ​សញ្ញា​បង្ហាញ​ថា ​រុស្ស៊ី ​កំពុង​ដក​ទ័ព​ទេ​ ហើយ​នៅ​តែ​មាន​ «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» អំពី​ស្ថានភាព​បច្ចុប្បន្ន​។

មេដឹកនាំ​ក្រុម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ការ​ចល័ត​យោធា​ពេញលេញ​ ហើយ​បាន​បញ្ជា​ឱ្យ​កុមារ និង​ស្ត្រី​ភៀស​ខ្លួន​ទៅ​ប្រទេស​រុស្ស៊ី​ ​ ដោយ​អះអាង​ថា​ អ៊ុយក្រែន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ឆាប់ៗ​នេះ​។ ភ្នាក់​ចារកម្ម​ FSB រុស្សី​បាន​និយាយ​ថា​ គ្រាប់​ផ្លោង​ចំនួន​២ ​គ្រាប់​បាន​ធ្លាក់​ក្នុង​ដែនដី​រុស្ស៊ី​ ប៉ុន្តែ​អ៊ុយក្រែន​ បាន​និយាយ​ថា​ រុស្ស៊ី​ ​បាន​ក្លែង​បន្លំ​រូប​ភាព​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​បែប​នេះ​៕