កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ២០ កុម្ភៈ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ថ្មី ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​ចុង​ក្រោយ​ ដោយ​និយាយ​ថា​ វា​មាន​លក្ខណៈ​ទន់​ខ្សោយ​ជាង​កិច្ចព្រមព្រៀង​មុន​ ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ «មជ្ឈិម​បូព៌ា​កាន់​តែ​អ​ស្ថិរ​ភាព​ និង​កាន់​ហិង្សា​ជា​មុន​»​។

បណ្ដា​ប្រទេស​មហា​អំណាច​ពិភពលោក ​កំពុង​ចរចា​ជា​មួយ​អ៊ីរ៉ង់​ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ ដែល​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ​ ដោយ​មាន​ការ​ជំរុញ​មួយ​ផ្នែក​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​។

កិច្ចព្រមព្រៀង​ដើម​ បាន​ដោះ​ទណ្ឌកម្ម​អន្តរជាតិ​ ដែល​កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​ដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ អ៊ីស្រាអែល​ បាន​ដាច់​ខាត​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ​ ដោយ​និយាយ​ថា​វា​មាន​លក្ខណៈ​ធូរស្រាល​ ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​មហា​អំណាច​ប្រកាន់​យក​ជំហរ​តឹងរ៉ឹង​បន្ថែម​ទៀត​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ណាហ្វតាលី បេននិត ​បាន​ព្រមាន​ថា​អ៊ីរ៉ង់​បាន​ឆ្លៀតឱកាស​ប្រើប្រាស់​ពេល​វេលា​នៃ​ការ​ចរចា​ស្ដារ​កិច្ចព្រមព្រៀង​ ដើម្បី​ពន្លឿន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដល់​កម្រិត​ដែល​អាច​ផលិត​អាវុធ​បាន​។

លោក​​កត់​សម្គាល់​ថា​ការ​ដាក់​កម្រិត​លើ​ការ​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ និង​លក្ខខណ្ឌ​សំខាន់ៗ​ដទៃ​ទៀត​ គឺ​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ ២០២៥ ប្រមាណ​ជាង​ពីរ​ឆ្នាំ​ ពី​ឥឡូវ​នេះ​។ បន្ថែម​ពី​លើ​នេះ​ការ​ដក​ទណ្ឌកម្ម​ គឺ​​ផ្ដល់​ធនធាន​បន្ថែម​សម្រាប់​អ៊ីរ៉ង់​ធ្វើ​ការ​ឧបត្ថម្ភ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​តំបន់​ដែល​អាច​បង្ក​ឱ្យ​មាន​ហិង្សា និង​អស្ថិរភាព​បន្ថែម​ទៀត​៕