កាលពី​ថ្ងៃ​សៅរ៍ ទី ​១៩ កុម្ភៈ រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ វ៉ាង យី​ បាន​ជំរុញឱ្យមាន​ការចរចា ​ដើម្បី​ស្វែងរក​ដំណោះ​​ស្រាយ​ជម្លោះ​នៅ​ទ្វីបអឺរ៉ុប​ហើយ​និយាយថា អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន ​គឺ​គួរតែ​ត្រូវបាន «​គោរព និង​ការពារ​» ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ​លោក​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​រុស្ស៊ី​ដោយ​និយាយថា ការពង្រីក​សមាជិកភាព​របស់​អង្គការ​កំពុង​បង្ក​អស្ថិរភាព​នៅលើ​ទ្វីប​នេះ​។​

​ក្នុងការ​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​ទៅកាន់​សន្និសីទ​សន្តិសុខ​ក្រុង​មុយ​និក លោក ​វ៉ាង ​បាន​និយាយថា​៖ «​ប្រសិន​បើ​ណា​តូ​បន្ត​ពង្រីក​ទៅ​ទិសខាងកើត តើ​វា​អំណោយផល​ដល់​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​អឺរ៉ុប​ដែរ ឬទេ​?»​។​

​មន្ត្រី​លោកខាងលិច​ជាច្រើន​បាន​និយាយថា ពួកគេ​មាន​ភាព​ភ្ញាក់ផ្អើល​ចំពោះ​អ្វីដែល​ពួកគេ​មើលឃើញថា ជា​រីកលូតលាស់​ចំណងទាក់ទង​មួយ ដែល​នឹងធ្វើ​ឱ្យមាន​ការប្រែប្រួល​តុល្យភាព​អំណាច​ពិភពលោក​។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​លោក​ ច​ន ឃឺ​ប៊ី រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ឃ្លាំមើល​ «​ទំនាក់​​ទំនង​ដែល​កំពុង​រីកចម្រើន​» រវាង​ចិន និង​រុស្ស៊ី​។ លោក​បាន​និយាយថា សេចក្តីថ្លែងការណ៍​រួម​ចេញផ្សាយ​ដោយ​ប្រទេស​ទាំង ​២ កាលពីដើម​ខែកុម្ភៈ នៅពេលដែល​ប្រធានាធិបតី​ វ្ល៉ា​ឌី​មៀរ ពូ​ទីន នៃ​ប្រទេស​រុស្ស៊ី និង​លោក ស៊ី ជីន​ភីង នៃ​ប្រទេស​ចិន ​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ប៉េកាំង​បាន​បង្ហាញថា ប្រទេស​ចិន​ កំពុង​ឈរ​នៅ​ពីក្រោយ​ការប្រមូល​​ផ្ដុំ​យោធា​របស់​លោក ពូ​ទីន នៅ​ជុំវិញ​អ៊ុយ​ក្រែ​ន​។​

​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប្រទេស​ទាំង ​២ បាន​ចរចា​លើ​កិច្ចសន្យា​រយៈពេល ៣០ ​ឆ្នាំ​ សម្រាប់​រុស្ស៊ី​ក្នុងការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​ចិ​ន ​តាមរយៈ​បំពង់​​បង្ហូរ​ថ្មី​។ ពួកគេ​បាន​រារាំង​ការទាមទារ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​អង្គការ​សហ​ប្រជា​ជាតិ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ​ជុំវិញ​ការសាកល្បង​មី​ស៊ី​ល​ថ្មី បើ​ទោះ​​បី​ជា​ប្រទេស​ទាំង ២ ​បាន​យល់ព្រម​លើ​ការដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​ពីមុន​មក​ក៏ដោយ ហើយ​រុស្សី​បាន​ចល័ត​ទាហាន​ជាច្រើន​ពី​ស៊ី​បេ​រី​នៅ​ភាគ​​ខាងកើត​ទៅកាន់​ភាគ​ខាងលិច​របស់ខ្លួន​វិញ ដែលជា​សញ្ញា​មួយ​បង្ហាញថា ទីក្រុង​ម៉ូស្គូ មាន​ភាពជឿជាក់​លើ​ប្រទេស​ចិន​ តាម​ព្រំដែន​រួមគ្នា​របស់​ពួកគេ​នៅ​ភាគ​ខាងកើត​។​

​ចំណងទាក់ទង​រុស្ស៊ី​-​ចិន ​ឈានដល់​កម្រិត​កំពូល​ដោយ​ការចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​ខាងលើ​ដែល​និយាយថា ភាពជា​ដៃគូ​របស់​ពួកគេ​ គឺ​ «​មិនមាន​ដែន​កំណត់​ទេ​»​។ សេចក្ដី​​ថ្លែងការណ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា ជា​ចំណុច​របត់​នៃ​ទំនាក់ទំនង​រុស្ស៊ី​-​ចិន ហើយ​គឺជា​លើកដំបូង​ដែល​ចិន​បាន​ចូល​រួមមួយ​រុស្សី​ក្នុងការ​ប្រឆាំង​ការពង្រីក​របស់​អង្គការ​ណា​តូ​។ ប្រទេស​ទាំង ​២ ក៏បាន​រិះគន់​យុទ្ធសាស្ត្រ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​របស់​ទីក្រុង​វ៉ាស៊ីនតោន និង​ភាពជា​ដៃគូ​សន្តិសុខ​ថ្មី AUKUS ដែល​រួមមាន​អង់គ្លេស និង​អូស្ត្រាលី​។ រុស្ស៊ីក៏បាន​ទទួលស្គាល់ថា កោះ​តៃវ៉ាន់​ គឺជា «​ផ្នែក​មួយ ដែល​មិនអាច​កាត់ផ្ដាច់​បាន​រប​ស់​ប្រទេស​ចិន​»​។​

​ចិន និង​រុស្ស៊ី ក៏បាន​ប្រកាសថា ពួកគេនឹងធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេងទៀត​ ដើម្បី «​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​» និង​ប្រឆាំងនឹង​មនោ​គ​មន៍​វិជ្ជា និង​ស្ថាប័ន​ដែល​ដឹកនាំ​ដោយ​អាមេរិក ពោលគឺ​ការកសាង​សណ្ដាប់​​ធ្នាប់​ពិភពលោក​ថ្មី​មួយ​។​

​ការពង្រឹង​ទំនាក់ទំនង​ចិន​-​រុស្ស៊ី អាច​បង្ហាញ​ពី​ការកំណត់​រចនាសម្ព័ន្ធ​ឡើងវិញ​នៃ​អំណាច​ត្រីកោណ ដែល​កំណត់​សង្គ្រាមត្រជាក់ និង​ដែល​ប្រធានាធិបតី​អាមេរិក​រី​ឆាត នី​ក​សុន បាន​កេងប្រវ័ញ្ច​កាលពី ៥០ ​ឆ្នាំមុន នៅពេលដែល​លោក​ធ្វើដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង ដើម្បី​បង្កើត​ទំនាក់ទំនង ដើម្បី​ទប់ទល់​នឹង​សហភាពសូវៀត​។ កាលនោះ​ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូ បាន​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត ​ជុំវិញ​ជម្លោះ​មនោគមន៍វិជ្ជា​កុម្មុយនីស្ត និង​គោលនយោបាយ​ការបរទេស​។​

​ប៉ុន្តែ​ត្រឡប់មក​សព្វថ្ងៃ​វិញ អ្វី​ផ្ទុយ​ពីនេះ កំពុង​កើតឡើង​។​

​បើទោះបីជា​ទំនាក់ទំនង​ក្រុង​ប៉េ​​កាំ​ង និង​ក្រុង​មូ​៉​ស្គូ​បាន​ប្រសើរឡើង​ក៏ដោយ ការរីកចម្រើន​នេះ​គឺ​ដោយសារ​ពួកគេ​មាន​សត្រូវ​រួម​ គឺ​អាមេរិក ហើយ​ជម្លោះ​មនោគមន៍វិជ្ជា និង​គោ​លន​យោ​​បាយ​រវាង​ប្រទេស​ទាំង ​២ ​គឺ​នៅ​មិនទាន់​ដោះស្រាយ​ទាំងស្រុង​ឡើយ​។ អ្នកវិភាគ​មួយចំនួន​បាន​និយាយថា ​ដើម្បី​ប្រឆាំង​រុស្ស៊ី​លោក ​បៃ​ដិ​ន ​អាច​ធ្វើការ​ផ្គាប់ចិត្ត​លោក ​ស៊ី ដើម្បី​រារាំង​ការ​រីកចម្រើន​បន្ថែម​ជាមួយ​រុស្ស៊ី​៕

វីដេអូ៖