សហរដ្ឋអាមេរិកបានទទួលព័ត៌មានចារកម្មថា មេបញ្ជាការកងកម្លាំងរុស្ស៊ីប្រមូលផ្ដុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែនបានទទួលបញ្ជាឱ្យចាប់ផ្ដើមសកម្មភាពដើម្បីត្រៀមវាយប្រហារអ៊ុយក្រែន ដោយមេបញ្ជាការមួយចំនួនបានចាប់ផ្ដើមរៀបចំផែនការចល័តទ័ពរបស់ពួកគេនៅសមរភូមិ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន CBS ផ្អែកលើការលើកឡើងរបស់មន្ត្រីអាមេរិក ១ រូប។
យ៉ាងណាមិញ មន្ត្រីអាមេរិករូបនេះ បាននិយាយថាការបញ្ជាបែបនេះនៅមិនមានន័យថា ការឈ្លានពាននឹងកើតឡើងទេ ដោយមេដឹកនាំរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីនអាចនៅផ្លាស់ប្ដូរការសម្រេចចិត្តបាន។
បន្ទាប់ពីព្រមានជាច្រើនសប្ដាហ៍ថារុស្សីកំពុងត្រៀមឈ្លានពានប្រទេសអ៊ុយក្រែន លោកប្រធានាធិបតីចូ បៃដិនបាននិយាយកាលពីថ្ងៃសុក្រថាលោក «ជឿជាក់» ថាលោកពូទីន បានធ្វើការសម្រេចចិត្តធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន ដោយការវាយប្រហារនឹងចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបៃដិនបានលើកឡើងបែបនេះបើទោះបីជាក្រុងម៉ូស្គូបាននិយាយម្ដងហើយម្ដងទៀតថា ខ្លួនមិនមានផែនការឈ្លានពានប្រទេសអ៊ុយក្រែនទេ។
សេតវិមានបានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបៃដិន បានយល់ព្រមធ្វើជំនួបជាមួយលោកពូទីននៅពេលខាងមុខ ក្នុងករណីដែលរុស្ស៊ីមិនធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ទីកន្លែង និងពេលវេលានៃជំនួបនេះគឺនៅមិនទាន់គេកំណត់នៅឡើយ ប៉ុន្តែត្រូវបានគេរំពឹងថានឹងកើតឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកអានតូនី ប៊ី្លនកែន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូវនៅសប្ដាហ៍នេះ។
លោកប្ល៊ីនកែន បាននិយាយនៅលើកម្មវិធី «Face the Nation» ថាសហរដ្ឋអាមេរិកជឿជាក់លោកពូទីនសម្រេចចិត្ត«ទៅមុខ»ជាមួយផែនការឈ្លានពានប្រទេសអ៊ុយក្រែន ហើយលោកបានរិះគន់ការសម្រេចចិត្តរបស់ប្រទេសបេឡារុស ក្នុងការបន្តសមយុទ្ធជាមួយប្រទេសរុស្ស៊ី ដែលអនុញ្ញាតឱ្យមានការចល័តទាហានរុស្សីជាង ៣០ ០០០ នាក់នៅព្រំដែនខាងជើងរបស់ប្រទេសអ៊ុយក្រែន៕