កាល​ពី​ថ្ងៃ​ចន្ទ​ ទី ​២១ កុម្ភៈ​ ប្រធានាធិបតី​រុស្ស៊ី​ ​លោក ​វ្ល៉ាឌីមៀរ ពូទីន​ បាន​បញ្ជា​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​រុស្សី​ចូល​ក្នុង​តំបន់​ផ្ដាច់​ខ្លួន​ដូណេតស្កិ៍​ និង​លូហ្គានសិ៍​​នៅ​ខាង​កើត​អ៊ុយក្រែន បន្ទាប់​បាន​ប្រកាស​ទទួល​ស្គាល់​ឯករាជ​ភាព​របស់​តំបន់​ទាំង ២ ​នេះ​ ធ្វើ​ឱ្យ​​កើន​ឡើង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​។

សាក្សី​នៅ​ក្រុង​ដូណេតសិ៍្ក បាន​ប្រាប់​សារព័ត៌មាន​ Reuters ថា​ពួកគេ​បាន​ឃើញ​រថក្រោះ​ និង​សម្ភារយោធា​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ចូល​ក្រុង​ ប៉ុន្តែ​គ្មាន​រូប​សញ្ញា​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ ឬ​អង្គភាព​បាន​ទេ​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​លោក​ពូទីន​ ហាក់​ដូច​ជា​ពោរពេញ​ទៅ​ដោយ​កំហឹង​ បាន​លើក​ឡើង​អំពី​អយុត្តិធម៌​ដែល​លោក​និយាយ​ថា​លោក​ខាង​លិច​បាន​ប្រព្រឹត្ត​ ហើយ​បាន​និយាយ​ថា​ដែនដី​អ៊ុយក្រែន​ខាង​កើត​ គឺ​ជា​ដែនដី​បុរាណ​របស់​ប្រទេស​រុស្ស៊ី​។ ជា​មួយ​មេដឹកនាំ​ក្រុម​ផ្ដាច់​ខ្លួន​នៅ​ដូណេតស្ក៍ និង​លូហានស្ក៍​លោក​ពូទីន​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ទទួល​ស្គាល់​ឯករាជភាព​នៃ​តំបន់​ទាំង​២ពី​ប្រទេស​អ៊ុយក្រែន​។

ការ​ប្រកាស​របស់​លោក​ពូទីន​បាន​ទាក់ទាញ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ខណៈ​ពេល​ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​ភ្លាមៗ​លើ​តំបន់​ផ្ដាច់​ខ្លួន​ ហើយ​សេតវិមាន​បាន​និយាយ​ថា ​ខ្លួន​កំពុង​ត្រៀម​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី​។ អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ក៏​បាន​យល់ព្រម​ឆ្លើយតប​ទៅ​នឹង​ការ​ទទួល​ស្គាល់​របស់​រុស្ស៊ី​ចំពោះ​តំបន់​ផ្ដាច់​ខ្លួន​ទាំង២​ ដោយ​ការ​ដាក់​ទណ្ឌកម្ម​។

អាមេរិក​បាន​និយាយថា រុស្ស៊ី​​​កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​អ៊ុយក្រែន​ ដោយ​ការ​ប្រមូល​ផ្ដុំ​ទាហាន​ជាង​ ១៥០.០០០​នៅ​ជិត​ព្រំដែន​ប្រទេស​នោះ​ ប៉ុន្តែ​រុស្ស៊ី​ ​បាន​ច្រានចោល​ថា​ខ្លួន​គ្មាន​ផែនការ​ធ្វើ​បែប​នេះ​ទេ​។ ការ​ប្រកាស​ទទួល​ស្គាល់​បែប​នេះ​ គឺ​នឹង​កាន់​ធ្វើ​ឱ្យ​ផ្លូវ​ស្វែង​រក​មធ្យោបាយ​ការទូត​កាន់​តែ​លំបាក​ ហើយ​ជា​ការ​រំលោភ​កិច្ចព្រមព្រៀង​ស្វែង​រក​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​បារាំង​និង​អាល្លឺម៉ង់​៕