មេដឹកនាំ​ទីក្រុង​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារថា ​ទីក្រុង​ហុងកុង​នឹងធ្វើ​តេស្ត​ចំនួន​ប្រជាជន​ទាំងមូល​របស់ខ្លួនចំនួន​ ៧,៥ ​លាន​នាក់​នៅក្នុង​ខែមីនា ខណៈដែល​វា​កំពុង​ប្រឈមមុខ​នឹង​ការផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត បង្កដោយ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង។​

​នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយថា ចំនួន​ប្រជាជន​នឹងត្រូវ​ធ្វើតេស្ត​ចំនួន ​៣ ដង​ក្នុង​ខែមីនា​។ លោកស្រីបាន​និយាយថា សមត្ថភាព​ធ្វើតេស្ត​នឹង​ត្រូវបាន​បង្កើន​ដល់ ១ លាន ​ក្នុង ​១ ​ថ្ងៃ ឬ​ច្រើនជាង​នេះ​។​

​លោកស្រីបាន​និយាយថា​៖ «​ដោយសារ​យើង​មានប្រជាជនប្រហែល ៧ ​លាន​នាក់ ​ការធ្វើ​តេស្ត​នឹង​ចំណាយពេល​ប្រហែល ៧ ថ្ងៃ​»​។​

​ទីក្រុង​ហុងកុង​បាន​រាយការណ៍​អំពី​ការឆ្លង​មេរោគ​ប្រចាំថ្ងៃ​ថ្មី​ចំនួន ៥ ​ពាន់​ករណី ចាប់តាំងពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ដោយ​ករណី​ទាំងនេះ​ បាន​គំរាមកំហែង​ដល់​ការ​គ្របដណ្តប់​លើ​ប្រព័ន្ធ​ថែទាំ​សុខ​​ភាព​របស់ខ្លួន​។​

​ចាប់តាំងពី​ការកើនឡើង​នាពេល​បច្ចុប្បន្ន ដែល​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ទីក្រុង​នេះ​បាន​កត់ត្រា​ករណី​ជិត ៥៤ ​ពាន់​ករណី និង​មនុស្ស​ស្លាប់​ចំនួន​ ១៤៥ ​នាក់​៕