កាលពី​ថ្ងៃ​អង្គារ ទី ​២១ កុម្ភៈ ​ប្រទេស​អាល្លឺម៉ង់​ បានប្រកាស​បញ្ឈប់​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​បាតសមុទ្រ Nord Stream 2 បន្ទាប់ពី​រុស្ស៊ី​បានប្រកាស​ទទួលស្គាល់​ឯករាជភាព​តំបន់​ផ្ដាច់ខ្លួន​ចំនួន​ ២ ​នៅ​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ដាក់ពង្រាយ​ទាហាន​ទៅ​ទីនោះ​។​

​បំពង់​តម្លៃ ១១ ពាន់​លាន​ដុល្លារ ជា​គម្រោង​ថាមពល​ចម្រូង​​ចម្រាស​បំផុត​នៅ​ទ្វីបអឺរ៉ុប បាន​សាងសង់​រួចរាល់​តាំងពី​ខែកញ្ញា​មកម្ល៉េះ ប៉ុន្តែ​នៅ​មិនទាន់បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ ខណៈពេលដែល​រង់ចាំ​ការអនុញ្ញាត​ពី​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​។​

​ដើមឡើយ​បំពង់​នេះ​ត្រូវបាន​គេ​រំពឹងថា ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​នៃ​ការឡើង​តម្លៃ​ថាមពល​នៅ​អឺរ៉ុប​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩​។ ប្រទេស​អាល្លឺម៉ង់​ រំពឹង​យ៉ាងខ្លាំង​លើ​ការ​នាំចូល​ឧស្ម័ន​ហើយ​និយាយថា បំពង់ Nord Stream 2 គឺជា​គម្រោង​ពាណិជ្ជកម្ម​ដែល​នឹង​ពង្រីក​ប្រភព​ថាមពល​របស់​អឺរ៉ុប​។ បើទោះបី​ជាមាន​ផល​ប្រយោជន៍​បែបនេះ​ក៏ដោយ ប្រទេស​អឺរ៉ុប​មួយចំនួន និង​អាមេរិក បាន​រិះគន់​គម្រោង​នេះ​ថា នឹង​បង្កើន​ការរំពឹង​លើ​រុស្ស៊ី ការ​កាត់ផ្ដាច់​ចំណូល​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ធ្វើឱ្យ​កាន់តែ​ងាយរងគ្រោះ​សម្រាប់​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​៕

វីដេអូ៖