កាល​ពី​ថ្ងៃ​អង្គារ ទី​២២ កុម្ភៈ​ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​ប្រឆាំង​នឹង​រុស្ស៊ី​ ជុំវិញ​អ្វី​ដែល​លោក​និយាយ​ថា​ ជា​ការ​ឈ្លានពាន​ដែនដី​អ៊ុយក្រែន​ ហើយ​សន្យា​ថា​ នឹង​មាន​វិធានការ​បន្ថែម​ទៀត​ប្រសិន​បើ​មាន​ការ​លុក​លុយ​ទៀត​។

នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន​ លោក​បៃដិន​និយាយ​ថា​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​រុស្ស៊ី​ដ៏​ធំ​ចំនួន​២ និង​ហាម​ឃាត់​ការ​ជួញដូរ​មូលបត្រ​បំណុល​រដ្ឋ​រុស្ស៊ី​។ ទណ្ឌកម្ម​ក៏​ត្រូវ​បាន​ដាក់​លើ​អភិជន​រុស្សី​មួយ​ចំនួន​ និង​គ្រួសារ​របស់​ពួកគេ​។

កាល​ពី​ថ្ងៃ​ចន្ទ​ប្រធានាធិបតី​រុស្ស៊ី​ ​លោក​វ្ល៉ាឌីមៀរ ពូទីន​ បាន​ប្រកាស​ទទួល​ស្គាល់​ឯករាជភាព​តំបន់​ផ្ដាច់​ខ្លួន​ចំនួន​២ ​នៅ​ខាង​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​ទៅ​តំបន់​ទាំង​នោះ​ ក្នុង​អ្វី​ដែល​លោក​និយាយ​ថា​ជា​បេសកកម្ម​«រក្សា​សន្តិភាព​» ការពារ​ប្រជាជន​ផ្ដាច់​ខ្លួន​ពី​ការ​វាយ​ប្រហារ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​។ ការ​សម្រេច​ចិត្ត​របស់​លោក​ពូទីន​ត្រូវ​បាន​គេ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ថា​ជា​ការ​រំលោភ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​។

ស្ថាប័ន​ហិរញ្ញវត្ថុ​រុស្ស៊ី​ ដែល​រង​ទណ្ឌកម្ម​មាន​ធនាគារ​ VEB និង​ធនាគារ​យោធា​Promsvyazban រួម​ទាំង​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ពួកគេ​ចំនួន​ ៤២​។ បុគ្គល​ដែល​រង​ទណ្ឌកម្ម​រួមមាន​លោក​អាឡិចសាន់ដ្រា បូតនីកូវ​នាយក​ចារកម្ម​រុស្សី​ FSB លោក​ពេត្រុស ហ្វ្រេដកូវ​ប្រធាន​ក្រុមហ៊ុន​ជួញ​ដូរ​ភាគហ៊ុន​របស់​ធនាគារ​Promsvyazban និង​លោក​សឺហ្គេ គីរីយ៉េនកូ អតីត​នាយករដ្ឋមន្ត្រី​រុស្សី​១​រូប។ ​

អាមេរិក​បាន​ដាក់​ស្ថាប័ន និង​បុគ្គល​ទាំង​នេះ​ក្នុង​បញ្ជី​កំណត់​ពិសេស​ ដែល​យន្តការ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​របស់​អាមេរិក​ ដែល​នឹង​កាត់​ផ្ដាច់​ពួកគេ​ពី​ប្រព័ន្ធ​ធនាគារ​ប្រាក់​ដុល្លារ​ និង​កាត់​ផ្ដាច់​ពួកគេ​ពី​ទីផ្សារ​លោក​ខាង​លិច​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​និយាយ​ថា​លោក​ពូទីន​មិន​បាន​មើល​ការ​ថ្លែង​របស់​លោក​បៃដិន​ទេ​ ហើយ​រុស្ស៊ី​ ​នឹង​ត្រួត​ពិនិត្យ​វិធានការ​របស់​អាមេរិក​ មុន​នឹង​ធ្វើ​ការ​ឆ្លើយ​តប​៕