​ក្នុងការ​ថ្លែង​សុន្ទរកថា ​ទៅកាន់​សភា​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី ​អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លេ​យិន បានប្រកាស «​ការរួបរួម​នៃ​គោលបំណង​ដែល​ពិតជា​គួរឱ្យកត់សម្គាល់​» នៅក្នុង​សហ​ភាព​អឺរ៉ុប​ក្នុងការ​ប្រឈមមុខ​នឹង​អរិភាព​របស់​រុស្ស៊ី​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន​។​

​បើទោះបីជា​លោកស្រី​និ​យាយ​បែបនេះ​ក៏ដោយសាល​ក្រម​មួយ​ក្នុង​តុលាការ​អឺរ៉ុប​បង្កើន​ភាព​តានតឹង​ក្នុងការ​​ប្រឈមមុខ​ដាក់គ្នា​រវាង គណៈ​កម្ម​ការ​របស់​លោកស្រី និង​សមាជិក​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ភាពរួបរួម​។​

​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន តុលាការ​យុត្តិធម៌​អឺរ៉ុបបានសម្រេច​ថា បទ​ប្បញ្ញត្តិ​ថ្មី​ដែល​ការពារ​ថវិកា​សហភាព​អឺរ៉ុប​ពី​ការរំលោភច្បាប់​ដោយ​រដ្ឋ​ជា​សមាជិក គឺអាច​ស្របច្បាប់​។ នេះ​មានន័យថា គណៈកម្មការ​អឺរ៉ុប​អាច​បង្អាក់​ការផ្គត់ផ្គង់​ថវិកា​ទៅឱ្យ​ប្រទេស​ដូចជា​ប៉ូឡូញជាដើម ដែល​បាន​ប្រឈម​ដាក់គ្នា​ជាមួយ​គណៈ​​កម្ម​ការ ​ជុំវិញ​បញ្ហា​អាទិភាព​ច្បាប់ ក្រោយពី​មាន​កំណែទម្រង់​ស្ថាប័ន​តុលាការ​ប្រទេស​នេះ​។​

​សម្រាប់​លោកស្រី​ វ៉ុ​ន ដឺ លេ​យិន ដែល​ចូលកាន់​តំណែង​ប៉ុន្មាន​ខែ​មុន​វិបត្តិ​កូ​វីដ ​១៩ ការ​​ប្រឈមមុខ​ជាមួយ​ក្រុង​វ៉ា​សូវី បាន​ក្លាយជា​បញ្ហាលំបាក​បំផុត​ដែល​លោកស្រី​ត្រូវ​ដោះ​​ស្រាយ​។ ក្នុង​សហភាព​អឺរ៉ុប​លោកស្រី គឺ​កាន់​ត្រូវបាន​គេ​ជំរុញ​ឱ្យ​កាន់​ជំហរ​តឹងរ៉ឹង​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​ប៉ូឡូញ ក្នុង​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ស្នូល​នៃ​ប្លុក​នេះ គឺ​អា​ទិ​ភាព​ច្បាប់​ប្លុក និង​ឯករាជ​​ភាព​នៃ​តុលាការ​។​

​ប៉ុន្តែ​លោកស្រីបាន​ព្យាយាម​ស្វែងរក​ការសម្របសម្រួល​វិញ ខណៈពេលដែល​លោកស្រី​ព្យាយាម​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ជម្លោះ ផ្លូវច្បាប់ និង​ន​យោ​​បាយ ដែល​អ្នកវិភាគ​មួយចំនួន​និយាយថា អាច​បើកផ្លូវ​ឱ្យ​ប៉ូឡូញ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​​ក្រោយនេះ​ មាន​សញ្ញា​បង្ហាញថា មេដឹកនាំ​នៃ​ប្រទេស​ប៉ូឡូញ ក៏​កំពុង​ស្វែងរក​មធ្យោបាយ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​លើ​បញ្ហា​នេះ​ផងដែរ​។ ក្រុង​វ៉ា​សូវី ធ្វើបែបនេះ ដោយសារ​ពួកគេ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​នៅភាគ​ខាងកើត បន្ទាប់ពី​រុស្ស៊ី​បាន​ប្រមូលផ្ដុំ​ទាហាន​ជាច្រើន​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​បន្ថែម​ពីលើ​នេះ ប្រទេស​ប៉ូឡូញ​ ក៏​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែលមាន​ការ​កើន​​ឡើង​អតិផរណា និង​តម្លៃ​ថាមពល ធ្វើឱ្យ​ក្រុង​វ៉ា​សូវី​កាន់តែ​ចង់​រំដោះ​ប្រាក់​គាំពារ​វិបត្តិ​កូ​វីដ ​១៩ ​ចំនួន ៣៦ ពាន់​លាន​អឺរ៉ូ​ ដែល​ត្រូវបាន​បង្អាក់​ដោយ​គណៈកម្មកា​រ​អឺរ៉ុប​។​

​ទាំង​មន្ត្រី​ប៉ូឡូញ និង​មន្ត្រី​សហភាព​អឺរ៉ុប បានបង្ហាញ​ក្ដីសង្ឃឹម​ក្នុងការ​ដោះស្រាយ​ជម្លោះ​នេះ ប៉ុន្តែ​នៅមាន​ការ​ភ័យខ្លាច​ថា ប្រទេស​ប៉ូឡូញ​ អាច​បរាជ័យ​ក្នុងការ​ប្រមូលផ្ដុំ​ការឯកភាព​នយោបាយ​ក្នុងស្រុក គ្រប់គ្រាន់ ដើម្បី​អនុម័ត​កំណែទម្រង់​តុលាការ ដែលជា​ចំណុច​ដ៏​តានតឹង​មួយ​ក្នុង​នយោបាយ​ប្រទេស​ប៉ូឡូញ​៕