ការ​ប្រកាស​ទទួល​ស្គាល់​ឯករាជភាព​តំបន់​ផ្ដាច់​ខ្លួន​ដូណេតស្ក៍ និង​លូហានស្ក៍​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ និង​ការ​សម្រេច​ចិត្ត​បញ្ជូន​ទាហាន​រុស្ស៊ី​ ​ ទៅ​ធ្វើ​ប្រតិបត្តិការ​ «រក្សា​សន្តិភាព» នៅ​តំបន់​ទាំង​នេះ​គឺ​ហាក់​ដូចជា​បាន​សម្លាប់​ដំណើរ​សន្តិភាព​ក្រោម​កិច្ចព្រមព្រៀង​ក្រុង​មីនស្ក៍​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ាឌីមៀរ​ ពូទីន​ បាន​បង្ហាញ​ថា​ ជម្រើស​របស់​លោក​គឺ​នៅ​មិន​ទាន់​ទាល់ច្រក​ទេ​។

លោក​ ពូទីន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «ការ​ទស្សន៍ទាយ​អំពី​ប្រភេទ​ក្របខ័ណ្ឌ​សកម្មភាព​ដែល​អាច​ធ្វើ​ គឺ​មិន​អាច​ទៅ​រួច​ទេ​។ វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង​ដែល​បាន​កើត​ឡើង​នៅ​មូលដ្ឋាន​»​។ ប៉ុន្តែ​កាល​ពី​មុន​ៗ​ លោក​ ពូទីន ​បាន​ឱ្យ​តម្រុយ​ថា​លោក​មាន​ជម្រើស​ «គ្រប់​បែប​» ដែល​លោក​ខាង​លិច​និយាយ​ថា ​អាច​បង្កើន​ភាព​តានតឹង​ដល់​កម្រិត​ផ្ទុះ​សង្គ្រាម​។

អ្នក​វិភាគ​បាន​និយាយ​ថា ​ជម្រើស​មុន​គេ​របស់​លោក ​ពូទីន​ គឺ​អាច​ជា​ការ​ដាក់​សម្ពាធ​ការ​ទូត​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ទាមទារ​ច្រើន​ទៅ​កាន់​លោក​ខាង​លិច​។

ទូរទស្សន៍​រុស្ស៊ីបាន​ចាក់​ផ្សាយ​កិច្ចប្រជុំ​រវាង​លោក​ ពូទីន​ និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ ដោយ​ក្នុង​នោះ​លោក ​ពូទីន ​បាន​សួរ​យោបល់​មន្ត្រី​ទាំង​នេះ​អំពី​ការ​ទទួល​ស្គាល់​តំបន់​ផ្ដាច់​ខ្លួន​។ ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​ដោយ​សារ​វិបត្តិ​អ៊ុយក្រែន​ បាន​ធ្វើ​ឱ្យ​មន្ត្រី​មួយ​ចំនួន​ធំ​ក្នុង​សាល​ប្រជុំ​បាន​បង្ហាញ​អាកប្បកិរិយា​មិន​សូវ​ស្រួល​។ លោក​ នីកូឡៃ ប៉ាទ្រូសេវ លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ បាន​ផ្ដល់​យោបល់​ទៅ​កាន់​លោក​ពូទីន​ថា​ រុស្ស៊ី​ ​គួរ​តែ​ពន្យារ​ពេល​ទទួល​ស្គាល់ «២ ទៅ ​៣​ ថ្ងៃ» ហើយ​ធ្វើ​ការ​គំរាម​អនុម័ត​វា​ ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ុយក្រែន​ឱ្យ​ «បញ្ឈប់​ការ​បង្ហូរ​ឈាម​ទាំង​អស់​នេះ​»​។

លោក ​ពូទីន ​មិន​បាន​ពន្យារ​ការ​ទទួល​ស្គាល់​ទេ​ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​លោក​ ពូទីន​ ធ្វើ​បែប​នេះ​ ដើម្បី​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​ ដែល​នឹង​បង្កើន​សម្ពាធ​លើ​អ៊ុយក្រែន​ និង​លោក​ខាង​លិច​ គ្រប់គ្រាន់​ដើម្បី​បង្កើន​អាទិភាព​នៅ​លើ​តុចរចា​។

ដំណោះ​ស្រាយ​ ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​ អាច​នឹង​មាន​លក្ខណៈ​ស្រដៀង​ ឬ​លើស​ដំណោះ​ស្រាយ​នៃ​សង្គ្រាម​ហ្សកហ្ស៊ី​ កាល​ពី​ឆ្នាំ​ ២០០៨ ដែល​កាល​នោះ​រុស្ស៊ី​ ​ក៏​បាន​បញ្ជូន​កង​កម្លាំង​ «រក្សា​សន្តិភាព»​ទៅ​ការពារ​កង​កម្លាំង​ផ្ដាច់​ខ្លួន​ចំនួន ​២​។

ការ​ទាមទារ​របស់​លោក​ ពូទីន ​ទៅ​កាន់​អ៊ុយក្រែន រួមមាន​ការ​បំបែក​យោធា​អ៊ុយក្រែន​ ការ​ទទួល​ស្គាល់​ការ​កាត់​យក​ឧបទ្វីប​គ្រីមា កាល​ពី​ឆ្នាំ​ ២០១៤ បោះបង់​គោល​បំណង​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​ ប្រកាស​អព្យាក្រឹតភាព​ និង​ធ្វើ​ការ​ចរចា​បង្គោល​ព្រំដែន​ជា​មួយ​ក្រុម​ផ្ដាច់​ខ្លួន​។

ប្រទេស​អ៊ុយក្រែន​ បាន​ច្រានចោល​ការ​ទាមទារ​ទាំង​នេះ​ថា​ មិន​ទទួល​យក​បាន​ទេ​ ហើយ​បាន​បដិសេធ​មិន​ចរចា​ជា​មួយ​ក្រុម​ផ្ដាច់​ខ្លួន​ ដោយ​និយាយ​ថា​ក្រុម​ទាំង​នេះ​ ​គឺ​ជា​អាយ៉ង​របស់​រុស្ស៊ី​​។

ជម្រើស​មួយ​ទៀត​ គឺ​ការ​បង្កើន​ការ​គ្រប់គ្រង​នៅ​តំបន់​ដុនបាស​ទាំង​មូល​។ បច្ចុប្បន្ន​ក្រុម​ផ្ដាច់​ខ្លួន​ទាំង ២ ​បាន​គ្រប់គ្រង​ត្រឹម​តែ​ ១ ​ភាគ​ ៣ ​នៃ​តំបន់​ដុនបាស​ប៉ុណ្ណោះ​ ខណៈ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​អះអាង​ថា​តំបន់​ដុនបាស​ទាំង​មូល ​គឺ​ជា​របស់​ពួកគេ​។

កាល​ពី​ថ្ងៃ​អង្គារ ​រដ្ឋាភិបាល​ផ្ដាច់​ខ្លួន​នៅ​តំបន់​លូហានស្ក៍​ បាន​ទាមទារ​ឱ្យ​ក្រុង​កៀវ​ដក​ទាហាន​ទាំង​អស់​ចេញ​ពី​តំបន់​ដុនបាស ហើយ​បាន​គំរាម​ថា ​ពួកគេ​ «នឹង​ចាត់​វិធានការ​ ដើម្បី​ស្ដារ​បូរណភាព​ទឹកដី​របស់​សាធារណរដ្ឋ​»​។

ប្រសិន​បញ្ហា​ទាមទារ​តំបន់​ដុនបាស​ គឺ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​ចរចា​ទេ​ នោះ​កង​កម្លាំង​រុស្ស៊ី​ ជាង​ ១០០ ០០០​ ប្រមូល​ផ្ដុំ​នៅ​ជិត​ព្រំដែន​អាច​ចាត់​សកម្មភាព​យ៉ាង​រហ័ស​ ដើម្បី​បណ្ដេញ​កង​យោធា​អ៊ុយក្រែន​ចេញ​ពី​តំបន់​ដុនបាស​។

ជម្រើស​ខ្លាំង​បំផុត​ដែល​អ្នក​វិភាគ​គិត​ថា​ លោក ​ពូទីន ​ជ្រើសរើស​គឺ​ការ​បង្កើត​លេស​ដើម្បី​វាយ​ប្រហារ​ទាំង​ប្រទេស​អ៊ុយក្រែន​។ បន្ទាប់​ពី​ការ​ទទួល​ស្គាល់​ លោក​ ពូទីន​ បាន​ចុះ​សន្ធិសញ្ញា​ជា​មួយ​មេដឹកនាំ​ផ្ដាច់​ខ្លួន​ ដែល​នឹង​អនុញ្ញាត​ឱ្យ​រុស្ស៊ី​កសាង​មូលដ្ឋាន​ទ័ព​នៅ​ទី​នោះ​។

វត្តមាន​ផ្លូវ​ការ​នៃ​កងទ័ព​រុស្ស៊ី​​នៅ​ក្នុង​តំបន់​នេះ អាច​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​លើកឡើង​ថា ​ពួកគេ​បាន​រង​ការ​វាយ​ប្រហារ​ពី​ប្រទេស​អ៊ុយក្រែន​ បង្កើត​ជា​លេស​ដើម្បី​ធ្វើ​ការ​វាយ​បក​វិញ​។ កាល​ពី​ថ្ងៃ​ចន្ទ កង​ទ័ព​រុស្ស៊ីបាន​និយាយ​ថា ​ពួកគេ​បាន​បាញ់​ផ្លោង​ទៅ​វិញ​ទៅ​មក​ជា​មួយ​កងទ័ព​អ៊ុយក្រែន​រួច​ទៅ​ហើយ​។

លោក ​ពូទីន​ និយាយ​ថា ​កងទ័ព​រុស្សី​នឹង​មិន​ចូល​ទៅ​​ដុនបាស «ឥឡូវ​នេះ​ទេ» ប៉ុន្តែ​លោក​និយាយ​ថា​ ក្រុង​ម៉ូស្គូ​នឹង​ «បំពេញ​កាតព្វកិច្ច​ដែល​ខ្លួន​បាន​អនុវត្ត ​ប្រសិន​បើ​ចាំ​បាច់​»​៕