បន្ទាប់ពី​រស់នៅក្នុង​ជីវិត​ដ៏​ល្អ​តាមរយៈ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​ជាច្រើន​ឆ្នាំ ដែល​បានប្រែក្លាយ​កោះ​ត្រូ​ពិ​ក​ហៃណាំ​ឱ្យទៅជា​រមណីយដ្ឋាន​ដ៏​ប្រណីត​លោក​ ចាង ឈី ដែលជា​ចៅហ្វាយ​សាខា​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ទីនោះ បានដឹង​យ៉ាងច្បាស់​ថា ​ត្រូវធ្វើ​អ្វីខ្លះ​នៅពេល​របៀប​រស់នៅ​បែបនេះ​ត្រូវបាន​បញ្ឈប់​។​

​កាលពី​ឆ្នាំ ​២០១៩ មិត្ត​រួមការ​ងារ ​១ ​រូប ​បានឱ្យ​តម្រុយ​ទៅកាន់​លោក​ ចាង អំពី​ការចាប់ផ្ដើម​នៃ​ការស៊ើបអង្កេត​មួយ ដោយ​គណៈកម្មការ​កណ្ដា​ល​សម្រាប់​ត្រួតពិនិត្យ​វិន័យ (CCDI) ដែលជា​អង្គ​​ភាព​ប្រឆាំង​អំពើពុករលួយ​របស់​គ​ណ​បក្ស​​កុម្មុយនីស្ត​ចិន​។ ១ ​ថ្ងៃ​ក្រោយមក ​កូន​​ប្រុស​ពេញវ័យ​របស់លោក​ ចាង បាន​ប្រញាប់ប្រញាល់​ឡើង​យន្តហោះ​ធ្វើ​​ដំណើរ​ទៅកាន់​ប្រទេស​កាណាដា ហើយ​លោក​ ចាង​ បាន​សម្រេចចិត្ត​មិន​ភៀស​​ខ្លួន​ទេ ដោយ​សង្ឃឹមថា លោក​នឹង​អាច​ឆ្លងកាត់​រឿងនេះ​ដោ​សុវត្ថិភាព​។​

​ក្នុង​រយៈពេល​ជាច្រើន​ខែ​បន្ទាប់​នេះ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​សួរចម្លើយ​លោក​ ចាង អំពី​ទ្រព្យសម្បត្តិ​រាប់ពាន់​ដុល្លារ​របស់​គ្រួសារ​លោក ដែល​ភាគច្រើន​បានមកពី​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ក្នុង​ការលក់​អចលនទ្រព្យ​នៅលើ​កោះ​នេះ​។ ក្នុងអំឡុង​នៃ​ការសួរចម្លើយ លោក ​ចាង ​បាន​សារភាព​កំហុសរបស់លោក ឆ្លើយ​ដាក់​កូនប្រុស​របស់លោក ហើយ​បាន​បោះបង់​សកម្មភាព​ការពារ​កូនប្រុស​របស់លោក និង​ផ្ញើ​សារ​ជាច្រើន ​ដើម្បី​អំពាវនាវ​ឱ្យ​កូនប្រុស​របស់លោក​វិល​​ត្រឡប់មកវិញ​។​

​រឿង​ឪពុក​បែរមក​ក្បត់​កូន​របស់ខ្លួន ដែល​បានចេញ​ផ្សាយ​លើ​កញ្ជក់​ទូរទស្សន៍​ក្នុង​ភាពយន្ត​ឯកសារ គឺជា​ចំណុច​គូស​​បញ្ជាក់​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់លោក​ប្រធានាធិបតី​ ស៊ី ជីន​ភីង​។​

​លោក ​ស៊ី​ បាន​ចូលកាន់​អំណាច​នៅ​ឆ្នាំ ២០១២​។ ភ្លាមៗ លោក​បានចាប់ផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ក្នុងចំណោម «​ខ្លា និង​រុយ​» ឬ​មន្ត្រីជាន់ខ្ពស់ និង​ជាន់​ទាប​នៃ​គណបក្ស ដោយមាន​គោល​​បំណង ​២ ​យ៉ាងច្បាស់​៖ ការបង្ក្រាប​អំពើ​​ពុករលួយ និង​ការលុបបំបាត់​គូប្រជែង​។​

១០ ​ឆ្នាំក្រោយ គេ​នៅ​មិនទាន់​មើល​​ឃើញ​ទីបញ្ចប់​នៃ​យុទ្ធនាការ​នេះ​ទេ​។ ប្រព័ន្ធ​នយោបាយ​ចិន គឺ​រៀបនឹង​ឈាន​​ចូល​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ខែ​នេះ ដោយ​លោក ​ស៊ី ​ត្រូវបាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា ​បន្ត​កាន់អំណាច​ដល់​អាណត្តិ​ទី​៣ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ដំណើរការ​បន្ត​នេះ នឹង​ចាប់ផ្ដើម​ដោយ​សម័យប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ប្រជាជន​ចិន ដែល​នឹង​ចាប់ផ្ដើម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ ហើយនឹង​ត្រូវ​បញ្ចប់​ដោយ​សម័យប្រជុំ​ប្រចាំឆ្នាំ​នៃ​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ជិត​ចុងឆ្នាំ​នេះ​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ផែនការ​របស់​សម្រាប់​ការគ្រប់គ្រង​ក្នុង​អាណត្តិ​ទី​៣ ​របស់លោក​ទេ ប៉ុន្តែ​មាន​សញ្ញា​បង្ហាញថា លោក​នឹងមិន​បញ្ឈប់​យុទ្ធនាការ​ប្រឆាំង​ពុករលួយ​ទេ មានតែ​ពង្រីក​បន្ថែមទៀត​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង យុទ្ធនាការ​នេះ​បាន​ផ្ដោតលើ​ការត្រួតពិនិត្យ​លើ​សមាជិក​ជាង ៩៥ ​លាន​នាក់ ​នៃ​គណបក្ស​​កុម្មុយនីស្ត​ចិន​។ ចាប់តាំងពី​ពេលនោះ​មក លោក ​ស៊ី បានរៀបចំ​ក្របខ័ណ្ឌ​ ដើម្បី​ពង្រីក​ការផ្ដោត​របស់​យុទ្ធនាការ​។ សេដ្ឋី​វិស័យ​ឯកជន ដែល​ទទួល​ចំណូល​រាប់ពាន់​លាន ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ចិន គឺជា​គោលដៅ​ថ្មី​បំផុត​នៃ​ការ​ស៊ើប​​អង្កេត​។​

​លោក​ ស៊ី និង​សម្ព័ន្ធមិត្ត​របស់លោកនិយាយថា លោក​មានបំណង​កម្ចាត់​អំពើពុករលួយ​ដ៏​រ៉ាំរ៉ៃ ក្នុង «​យុគសម័យ​លម្អ​ដោយ​មាស​» របស់​ចិន​ដែល​រួមមាន​ការរីកចម្រើន​សេដ្ឋកិច្ច​នៅ​រយៈពេល ​៣ ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ធៀប​នឹង​មេដឹកនាំ​មុនៗ យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់លោក​ ស៊ី គឺ​មិនអាច​ប្រៀបផ្ទឹម​បាន ទាំង​ទំហំ និង​រយៈពេល ដោយបាន​ចាប់ខ្លួន​មន្ត្រី​ជាង ២​ លាន​នាក់ ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​។ ​ចាប់​ពី​ឆ្នាំ ​២០១៤ ប្រទេស​ចិន ​តាមរយៈ​ប្រតិបត្តិ​ការសម្ងាត់ Fox Hunt និង Sky Net ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាង ១០ ០០០ ​នាក់ ដែល​បាន​ភៀស​​ខ្លួន​ទៅ​ប្រទេស​ជាង ​១២០​។​

​មន្ត្រី​លោកខាងលិច​បាន​និយាយថា​ ប្រតិបត្តិការ​ទាំង ​២ ​នេះ​ បាន​ប្រើប្រាស់​មធ្យោបាយ​ដូចជា​ការបង្ខិតបង្ខំ​ឱ្យ​ត្រឡប់មកវិញ និង​ការបញ្ជូន​ភ្នាក់ងារ​ទៅ​ចាប់ខ្លួន​ដោយ​សម្ងាត់​នៅ​ដែនដី​បរទេស​។ កាលពី​ខែមករា នាយក​ការិយាល័យ​​ស៊ើបអង្កេត​របស់​អាមេរិក (FBI) លោក​ គ្រី​ស្តូ​ហ្វឺ​រ ហ្រេ បាន​និយាយថា ក្រៅពី​មន្ត្រី​ពុករលួយលោក​ព្រួយបារម្ភ​ថា ​ប្រទេស​ចិន ​ក៏បាន​ប្រើប្រាស់​មធ្យោបាយ​បែបនេះ​ ដើម្បី​ចាប់ខ្លួន​គូប្រជែង និង​អ្នក​រិះគន់​ផងដែរ​។​

​អាជ្ញាធរ​ចិន​និយាយថា នៅមាន​ជន​​សង្ស័យ​ពុករលួយ​ច្រើន​នាក់​ទៀត​នៅ​ភៀសខ្លួន​នៅ​បរទេស ហើយ​និយាយថា ខ្លួន​មិនមាន​សិ​ទិ្ធ​ពេញលេញ​ ដើម្បី​ចាប់ខ្លួន​ពួកគេ​។ ក្នុង​ឆ្នាំ ​២០២០ ​តែ​ ១ ជន​រត់​គេចខ្លួន​ជាង ១ ៤០០ ​នាក់​ ត្រូវបាន​នាំយក​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ រួម​ជាមួយនឹង​ប្រាក់​ពុករលួយ​លើសពី ៤៥០​ លាន​ដុល្លារ នេះ​បើ​យោងតាម CCDI​។​

​យោងតាម​ការសិក្សា​រប​ស់​សាកល​​វិទ្យាល័យ​ហុងកុង ទិសដៅ​ពេញនិយម​បំផុត​សម្រាប់​ជនសង្ស័យ​របស់​ប្រទេស​ចិន គឺ​សហរដ្ឋអាមេរិក កាណាដា នូ​វែ​ល​​សេ​ឡង់ និង​អូស្ត្រាលី​។ ការរត់​គេចខ្លួន​រប​ស់​ពួកគេ ជាធម្មតា​ត្រូវបាន​គ្រោងទុក​យ៉ាង​ល្អ ជាមួយនឹង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​ត្រូវបាន​លាក់បាំង ផ្ទេរ ឬ​សម្អាត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​៕

វីដេអូ៖