ទិដ្ឋភាពនៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនសប្ដាហ៍ចុងក្រោយនេះ គឺមានលក្ខណៈដូចព្រឹត្តិការណ៍មួយក្នុងសម័យសង្គ្រាមត្រជាក់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ និងតានតឹងមួយពីសម័យអតីតកាល។ មេដឹកនាំ ១ រូប បានប្រមូលផ្ដុំទាហានជាច្រើននៅព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួន ធ្វើឱ្យមានការព្រួយបារម្ភអំពីការប៉ះទង្គិចបង្ហូរឈាមរវាងលោកខាងលិច និងលោកខាងកើត។
សង្គ្រាមត្រជាក់នេះ បានប្រែទៅជាក្ដៅ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាឱ្យកងទ័ពខ្លួនឆ្លងដែនចូលទឹកដីប្រទេសអ៊ុយក្រែន បង្កឱ្យមានផលប៉ះពាល់ភ្លាមៗ និងយ៉ាងទូលំទូលាយ។
ប៉ុន្មានថ្ងៃមុនការឈ្លានពានចាប់ផ្ដើម បើទោះបីគេប៉ាន់ស្មានថា រុស្ស៊ីប្រមូលផ្ដុំទាហានជិត ១៩០ ០០០ នាក់ ឡោមព័ទ្ធដែនដីអ៊ុយក្រែនក៏ដោយ ភាគីទាំងអស់នៅបង្ហាញក្ដីសង្ឃឹមនៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឌីមៀរ ហ្សេលេនស្គី បានរក្សាសារសុទិដ្ឋិនិយមរបស់គាត់អំពីរឿងនេះ ហើយលោក ពូទីន បានអះអាងថា លោកគ្មានបំណងធ្វើការឈ្លានពានទេ ហើយលោកនៅបើកចំហចំពោះមធ្យោបាយការទូត ដើម្បីកាត់បន្ថយភាពតានតឹង។
ប៉ុន្តែនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី ២៤ កុម្ភៈ លោក ពូទីន បានធ្វើការថ្លែងលើកញ្ចក់ទូរទស្សន៍ថា លោកបានបញ្ជាឱ្យចាប់ផ្ដើម «ប្រតិបត្តិការយោធាពិសេស» ចូលក្នុងទឹកដីអ៊ុយក្រែន ដោយមានគោលបំណង «បំបែកយោធា» របស់អ៊ុយក្រែន ដើម្បី «ការពារ» ជនជាតិរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនឹងមិនចូលកាន់កាប់ប្រទេសនេះទេ។
ប៉ុន្មាននាទីបន្ទាប់ពីការថ្លែងរបស់លោក ពូទីន ការផ្ទុះត្រូវបានកើតឡើងក្រុងកៀវ ក្រុងការកៀវ និង ក្រុងធំៗដទៃទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ ភ្លាមៗបន្ទាប់នោះ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានរាយការណ៍ទាហានលុកលុយក្រុងឆ្នេរសមុទ្រអូដេសា ហើយកំពុងឆ្លងព្រំដែនចូលទឹកដីរបស់ខ្លួន។
ការឈ្លានពាននេះ គឺគំរាមកំហែងបង្កអស្ថិរភាពនៅតំបន់អតីតសហភាពសូវៀត ដែលមានអស្ថិរភាពរួចទៅហើយ។ វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់រចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបដែលត្រូវបានរៀបចំឡើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។
លោក ពូទីន បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ប្រទេសអ៊ុយក្រែន និងរដ្ឋដទៃទៀត បន្ទាប់ការដួលរលំនៃសហភាពសូវៀត ប៉ុន្តែគោលដៅចម្បងរបស់លោកត្រូវបានគេគិតថា ការបំបែកអង្គការណាតូ ដែលជាសម្ព័ន្ធភាពយោធាលោកខាងលិចបង្កើតឡើង ដើម្បីប្រឆាំងសហភាពសូវៀត។
មុនធ្វើការឈ្លានពានលោក ពូទីន បានបញ្ជូនបញ្ជីការទាមទារមួយចំនួនដែលនឹងកែទម្រង់រចនាសម្ព័ន្ធសន្តិសុខខាងលើនេះ ប៉ុន្តែសហរដ្ឋអាមេរិក និងអង្គការណាតូ បានច្រានចោលការទាមទាររបស់លោក ពូទីន ថា មិនអាចទទួលយកបាន។
បន្ទាប់ពីសហភាពសូវៀតដួលរលំ អង្គការណាតូបានពង្រីកសមាជិកភាពទៅអឺរ៉ុបខាងកើត ដែលទីបំផុតបានទទួលយកប្រទេសអឺរ៉ុប កាលពីធ្លាប់ស្ថិតនៅក្នុងលទ្ធិកុម្មុយនីស្ត។ សាធារណរដ្ឋបាល់ទិកទាំង ៣ លីទុយអានី ឡេតូនី និងអេស្តូនី ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត បានចូលរួមជាមួយអង្គការណាតូ ដូចប៉ូឡូញ រូម៉ានី និងប្រទេសដទៃទៀត ដែលជាអតីតសមាជិកអង្គការកតិកាសញ្ញាវ៉ាសូវី។
ជាលទ្ធផលអង្គការណាតូបានខិតកាន់តែជិតព្រំដែនក្រុងមូ៉ស្គូ ដោយមានព្រំដែនជាប់ជាមួយរុស្ស៊ីផ្ទាល់។ នៅឆ្នាំ ២០០៨ អង្គការនេះបានអះអាងថា នៅថ្ងៃណាមួយប្រទេសអ៊ុយក្រែន នឹងចូលជាសមាជិករបស់ខ្លួន ប៉ុន្តែបាននិយាយថា វាត្រូវការចំណាយពេលយូរទៀត។
លោក ពូទីន បានពណ៌នាថា ការបែកបាក់នៃសហភាពសូវៀត គឺជាមហន្តរាយដ៏ធំ ដែលបានប្លន់ប្រទេសរុស្ស៊ី ពីកន្លែងត្រឹមត្រូវរបស់ខ្លួនក្នុងចំណោមមហាអំណាចពិភពលោក ហើយដាក់វាក្រោមភាពងាយរងគ្រោះពីមនុស្សឃោរឃៅនៃលោកខាងលិច។ លោកបានចំណាយពេល ២២ ឆ្នាំចុងក្រោយ ដើម្បីសាងសង់យោធារុស្ស៊ីឡើងវិញ ហើយពង្រឹងជំហរភូមិសាស្ត្រនយោបាយនៅលើឆាកពិភពលោក។
លោកបាននិយាយថា ការពង្រីករបស់អង្គការណាតូ គឺជាការគំរាមកំហែងដ៏ធំ ហើយសមាជិកភាពរបស់អ៊ុយក្រែន គឺជាការគំរាមកំហែងធំបំផុតដល់សន្តិសុខរបស់ប្រទេសលោក។ ខណៈពេលការកម្លាំងយោធារុស្ស៊ីកាន់តែរីកចម្រើន ការរិះគន់របស់លោក ពូទីន ចំពោះអង្គការណាតូ គឺកាន់តែមានទម្ងន់។ លោកបានលើកឡើងជារឿយៗថា ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូ នោះអាមេរិកនឹងអាចដាក់ពង្រាយមីស៊ីល និងទាហានក្នុងទឹកដីអ៊ុយក្រែន ដែលមានព្រំដែនជាប់នឹងរុស្ស៊ី។
បន្ថែមពីលើនេះ លោក ពូទីន នៅប្រកាន់យកជំនឿថា ប្រទេសអ៊ុយក្រែន និងប្រទេសបេឡារុស គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីទាំងក្នុងវប្បធម៌ និងក្នុងប្រវត្តិសាស្ត្រ។ លោក ពូទីន មានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសបេឡារុស ហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានការនិយាយជារឿយអំពីការរួបរួមជាមួយប្រទេសរុស្ស៊ីវិញ។
បន្ថែមពីលើនេះ អ្នកជំនាញបាននិយាយថា ចំណុចរបត់ដែលបង្កមានការលុកលុយ គឺនៅឆ្នាំ ២០១៤ នៅពេលដែលបាតុកម្មនៅទូទាំងប្រទេសអ៊ុយក្រែន បានទម្លាក់ប្រធានាធិបតី ១ រូប ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់លោក ពូទីន។ លោក ពូទីន បានចាត់វិធានការយ៉ាងឆាប់រហ័ស បញ្ជូនទាហានទៅកាត់យកឧបទ្វីបគ្រីមា ហើយញុះញង់ឱ្យមានសង្គ្រាមផ្ដាច់ខ្លួននៅតំបន់ដុនបាស នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អ្នកវិភាគជាច្រើនបាននិយាយថា លោក ពូទីន ចង់ធ្វើឱ្យពេលដើរថយក្រោយ ៣០ ឆ្នាំ ដោយបង្កើតប្លុកមួយដែលមានលក្ខណៈស្រដៀងនឹងសហភាពសូវៀត។ លោក ពូទីន មានអាយុ ៦៩ ឆ្នាំទៅហើយ និងអាចនឹងចង់ចូលនិវត្តន៍នៅពេលខាងមុខ ដូច្នេះមានន័យថា លោកអាចចង់ទាញអ៊ុយក្រែនឱ្យមកក្រោមឥទ្ធិពលរបស់រុស្ស៊ីឱ្យឆាប់បំផុតមុនលោកចូលនិវត្តន៍។
លោក ពូទីន អាចជ្រើសរើស ពេលវេលានេះ ដោយសារការផ្លាស់ប្ដូរប្រធានាធិបតីអាមេរិកពីលោក ដូណាល់ ត្រាំ ដែលបានបង្ហាញភាពស្និទ្ធស្នាលជាមួយលោក ទៅលោក ចូ បៃដិន ដែលបានបង្ហាញការគាំទ្រចំពោះអង្គការណាតូក្នុងការប្រឆាំងរុស្ស៊ី។ បន្ថែមពីលើនេះ លោក ពូទីន អាចជ្រើសរើសពេលនេះដោយសារការបរាជ័យរបស់លោក បៃដិន ជុំវិញការដួលរលំនៃ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
លោក ពូទីន ក៏ប្រហែលចង់បង្កើនថាមពលជាតិនិយមនៅប្រទេសរបស់លោកផងដែរ ដោយផ្ដោតទៅលើការគំរាមកំហែងពីខាងក្រៅ។ លោក ពូទីន បានបង្ក្រាបការប្រឆាំងការគ្រប់គ្រងរបស់លោកនៅក្នុងស្រុក ប៉ុន្តែលោកបានប្រឈមការធ្លាក់សេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ ១៩ ហើយក្រុមប្រឆាំងបានរៀបចំបាតុកម្មធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ៕
វីដេអូ៖