កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ២៦ កុម្ភៈ​ សហរដ្ឋអាមេរិក ជា​មួយ​នឹង​គណៈកម្មការ​អឺរ៉ុប ប្រទេស​បារាំង​ អាល្លឺម៉ង់​ ចក្រភព​អង់គ្លេស​ និង​កាណាដា​ បាន​ប្រកាស​បណ្ដេញ​ធនាគារ​រុស្ស៊ី​​មួយ​ចំនួន​ចេញ​ពី​ SWIFT ដែល​ជា​បណ្ដាញ​ទូទាត់​ប្រាក់​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជុំវិញ​ពិភពលោក ដោយ​សន្យា​ថា​ នឹង «ធានា​សង្គ្រាម​នេះ​ ជា​ការ​បរាជ័យ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ ពូទីន​»​។

«នេះ​នឹង​ធានា​ថា​ ធនាគារ​ទាំង​នេះ​ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួកគេ​ក្នុង​ប្រតិបត្តិការ​ជា​សកល​» ក្រុម​ប្រទេស​ខាង​លើ ​បាន​និយាយ​បែប​នេះ​ក្នុង​សេចក្ដីថ្លែង​ការ​ណ៍រួម​មួយ ​និង​ប្ដេជ្ញា​ថា ​នឹង​អនុវត្ត «វិធានការ​រឹត​បន្តឹង​ដែល​នឹង​រារាំង​ធនាគារ​កណ្ដាល​រុស្ស៊ី​​ពី​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​បម្រុង​របស់​ខ្លួន​តាម​របៀប​ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​របស់​យើង​» ហើយ​ដាក់​កម្រិត​លើ​ការ​លក់ «លិខិត​ឆ្លង​ដែន​មាស» ដែល​អនុញ្ញាត​ឱ្យ​អភិជន​រុស្ស៊ី​​ចៀស​​វាង​ពី​ទណ្ឌកម្ម​ដែល​បាន​កំណត់​រួច​ហើយ​។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​និយាយ​ថា​ អាមេរិក និង​សហភាព​អឺរ៉ុប​ ក៏​កំពុង​ពិភាក្សា​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាល់​លើ​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី​ផង​ដែរ​ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​មិន​មាន​ពី​មុន​មក​សម្រាប់​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ដូច​ប្រទេស​រុស្ស៊ី​។ ការ​ពិភាក្សា​នេះ ​នៅ​មិន​ទាន់​ចប់​ទេ​ ហើយ​រូបរាង​ទណ្ឌកម្ម​ក្រោម​ការ​ពិភាក្សា​ គឺ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​។

ការ​ផ្ដាច់​រុស្ស៊ី​ចេញ​ពី​បណ្ដាញ​ SWIFT នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ ប៉ុន្តែ​ក៏​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​ធំៗ​ ដែល​រំពឹង​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​រុស្ស៊ី​ ជា​ពិសេស​លើ​វិស័យ​ថាមពល​។ ការ​ផ្ដាច់​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​ប្រាក់​អន្តរជាតិ​កាន់​តែ​លំបាក ហើយ​បង្ក​ខាត​បង់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​រុស្ស៊ី​ និង​អតិថិជន​របស់​ពួកគេ ជា​ពិសេស​អ្នក​ទិញ​ប្រេង និង​ឧស្ម័ន​នាំចេញ​របស់​រុស្ស៊ី​​គិត​ជា​ដុល្លារ​។

មន្ត្រី​អាមេរិក​១ រូប ​បាន​និយាយ​ថា​នឹង​មាន​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រសិន​ បើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ដួល​រលំ​៕